អន្តរជាតិ
ក្រសួងការបរទេសអាម៉េរិក អនុម័តឱ្យលក់អាវុធតម្លៃជាង១ពាន់លានដុល្លារឱ្យតៃវ៉ាន់
03, Sep 2022 , 2:59 pm        
រូបភាព
មីស៊ីល Harpoon ដែលអាម៉េរិកលក់ឱ្យតៃវ៉ាន់កន្លងមក។ រូបថត AFP
មីស៊ីល Harpoon ដែលអាម៉េរិកលក់ឱ្យតៃវ៉ាន់កន្លងមក។ រូបថត AFP
ដោយ:
ក្រសួងការបរទេសអាម៉េរិកនៅថ្ងៃទី២ ខែកញ្ញា បានអនុម័តលក់សព្វាវុធក្នុងទំហំទឹកប្រាក់១,១ពាន់លានដុល្លារឱ្យតៃវ៉ាន់ដែលរួមមានមីស៊ីលប្រឆាំងនាវា៦០ដើម និងមីស៊ីលវាយប្រហារនៅលើអាកាស ១០០ដើម។ កញ្ចប់យោធាដែលត្រូវរង់ចាំការយល់ព្រមពីសភាអាម៉េរិកនេះ ធ្វើឱ្យចិនខឹងយ៉ាងខ្លាំង ហើយព្រមាននឹងចាត់វិធានការ បើយុទ្ធោបករណ៍ទាំងអម្បាលម៉ានធ្លាក់ទៅដល់ដៃតៃវ៉ាន់ជាផ្លូវការ។

 
បន្ទាប់បញ្ចប់ការធ្វើសមយុទ្ធយោធាដ៏ធំជុំវិញកោះតៃវ៉ាន់ដើម្បីឆ្លើយតបទៅនឹងទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី កន្លងមក ក្រុងប៉េកាំងហាក់ដូចជាមិនព្រមលែងដៃឡើយដោយបានបន្តបញ្ជូននាវាចម្បាំង និងយន្តហោះទៅច្រកសមុទ្រតៃវ៉ាន់ជាញឹកញាប់។ តៃវ៉ាន់ឯណោះក៏បានពង្រឹងសមត្ថភាពយោធារបស់ខ្លួនដែរជាមួយនឹងផែនការបង្កើនថវិកាសម្រាប់វិស័យការពារជាតិ ក៏ដូចជាការទិញយុទ្ធោបករណ៍ពីអាម៉េរិកជាដើម។
 
មន្ទីបញ្ចកោណនៅថ្ងៃទី២ ខែកញ្ញាបានប្រកាសពីកញ្ចប់យោធាដែលក្រសួងការបរទេសអាម៉េរិកបានអនុម័តលក់ក្នុងទំហំទឹកប្រាក់១,១ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់។ តាមច្បាប់របស់អាម៉េរិកស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់ឆ្នាំ ១៩៧៩ ក្រុងវ៉ាស៊ីនតោនមានសិទ្ធិផ្គត់ផ្គង់មធ្យោបាយណាដែលតៃវ៉ាន់ប្រើដើម្បីការពារដែនដី។
 
យោងតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីបញ្ចកោណ កញ្ចប់យោធាថ្មីនេះមានមីស៊ីលប្រភេទ Sidewinder ដែលអាចប្រើសម្រាប់វាយប្រហារនៅលើអាកាស និងនៅលើដីក្នុងតម្លៃប្រហែល៨៥,៦លានដុល្លារ ហើយមីស៊ីលប្រឆាំងនាវា Harpoon តម្លៃ៣៥៥លានដុល្លារ ក៏ដូចជាការផ្គត់ផ្គង់កម្មវិធីរ៉ាដាសម្រាប់ឃ្លាំមើលរបស់តៃវ៉ាន់ក្នុងតម្លៃប្រមាណ៦៦៥,៤លានដុល្លារ។
 
«ដោយសារសាធារណរដ្ឋប្រជាមានិតចិនបន្តបង្កើនសម្ពាធលើតៃវ៉ាន់រួមមានតាមរយៈបង្កើនវត្តមានយោធានៅដែនអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់ ក៏ដូចជាប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននៅច្រកសមុទ្រតៃវ៉ាន់ យើងកំពុងផ្តល់អ្វីដែលតៃវ៉ាន់ត្រូវការដើម្បីរក្សាសមត្ថភាពការពារខ្លួន»។ លោកស្រី Laura Rosenberger មន្រ្តីជាន់ខ្ពស់សេតវិមានទទួលបន្ទុកកិច្ចការចិន និងកោះតៃវ៉ាន់លើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
ទាក់ទងរឿងនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បញ្ជាក់ថា កញ្ចប់យោធានេះស្ថិតក្នុងការពិចារណាមួយរយៈមកហើយ ហើយត្រូវបានគ្រោងឡើងក្រោមការពិភាក្សារវាងសមាជិកសភាអាម៉េរិក និងតៃវ៉ាន់។ ម្តងហើយម្តងទៀត មន្រ្តីអាម៉េរិកអះអាងថា កញ្ចប់យោធានេះដែលត្រូវរងចាំការអនុម័តពីសភាមួយតង់ទៀតនេះ មិនបានផ្លាស់ប្តូរគោលនយោបាយរបស់ក្រុងវ៉ាស៊ីនតោនដែលទទួលស្គាល់ថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ចិនប៉ុណ្ណោះ។
 
ស្របគ្នានេះ ក្រសួងការពារជាតិតៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍មួយអរគុណអាម៉េរិកជាអនេក ហើយបន្ថែមថា កញ្ចប់ជំនួយយោធាខាងលើនឹងជួយក្រុងតៃប៉ិពង្រឹងសមត្ថភាពការពារខ្លួនប្រឈមនឹងក្រុងប៉េកាំង ក៏ដូចជារក្សាសន្តិសុខ និងសន្តិភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងច្រកសមុទ្រតៃវ៉ាន់។
 
យ៉ាងណាមិញ លោក Liu Pengyu អ្នកនាំពាក្យទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនក៏បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងមួយដែរ ដោយថា គម្រោងលក់សព្វាវុធរបស់អាម៉េរិកនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិន និងអាម៉េរិក ហើយនឹងបង្កឱ្យសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់កាន់តែយ៉ាប់យ៉ឺនទៅវិញទេ។ បើតាមលោក Pengyu ចិននឹងចាត់វិធានការដោយស្របច្បាប់ប្រឆាំងនឹងការវិវឌ្ឍនៃស្ថានភាពនេះ៕

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com