កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Merseyside Derby រវាង Liverpool ទល់ Everton មុន Chelsea ទទួល West Ham
03, Sep 2022 , 3:59 pm        
រូបភាព
ជំនួបទីក្រុងតែមួយដូចគ្នា ឬ Merseyside Derby រវាងក្រុម Liverpool ទល់ Everton ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី៦ នឹងធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញានេះ វេលាម៉ោង ៦:៣០ ល្ងាច(ម៉ោងនៅកម្ពុជា)។ Chelsea ចង់ស្តារមុខមាត់ឡើងវិញដោយត្រូវទទួលភ្ញៀវ West Ham United វេលាម៉ោង ៩យប់ ដំណាល់គ្នាជាមួយជំនួប៥គូផ្សេងទៀត។


 
Merseyside Derby នៃ Premier League រដូវកាល ២០២២-២៣ នេះនឹងក្លាយជាការបង្ហាញមុខលើកដំបូងសម្រាប់កីឡាករថ្មីមួយចំនួនរបស់ Everton និង Liverpool នាកីឡដ្ឋាន Goodison Park។ អាចនិយាយបានថាជាការស្វែងរកជ័យជម្នះថ្មីមួយទៀតសម្រាប់ Liverpool ដែលកំពុងត្រូវការពិន្ទុដើម្បីប្រជែងក្រុមខ្លាំងៗស្ថិតនៅតំបន់កំពូលតារាង។ 
 
ក្រោយរងបរាជ័យពីជំនួបទល់ Manchester United រួចមក ហង្សក្រហមអាចរកបានជ័យជម្នះ ២ប្រកួតជាប់គ្នាដោយឈ្នះលើ AFC Bournemouth ៩-០ និង Newcastle United ២-១ រីឯក្រុមស្ថិតក្រោមការដឹកនាំរបស់ Frank Lampard ក៏ជាក្រុមកំពុងត្រូវការពិន្ទុចាំបាច់ដើម្បីគេចផុតពីការធ្លាក់ទៅតំបន់បាតតារាងផងដែរ។ ២ប្រកួតចុងក្រោយ Everton បញ្ចប់ដោយលទ្ធផលស្មើ ១-១ រវាងក្រុម Brentford និង Leeds United។


 
ទោះឈ្នះពីរប្រកួតមកវិញ Liverpool ក៏ត្រូវបានបន្តខាតបង់កីឡាករដូចជា Jordan Handerson ដែលត្រូវបានគេរំពឹងថារងរបួសកាលពីជំនួបសប្តាហ៍មុនមក ហើយការប៉ះ Everton ក៏ជាការប្រកួតដ៏លំបាកមួយ ខណៈក្រុមលោក Lampard កំពុងតែពង្រឹងសមត្ថភាពកូនក្រុមលើការប្រកួតប្រជែងឡើងវិញក្នុងលីគដូចគ្នា។ តែយ៉ាងណារដូវកាលមុនធ្លាប់ជួបគ្នា ២លើក Everton រងបរាជ័យក្រោមថ្វីជើងកូនក្រុមលោក Jurgen Klopp ទាំងអស់។
 
ក្រឡែកទៅជំនួបប្រចាំទីក្រុងឡុងដ៍ដ៏កក្រើកមួយទៀតតោខៀវ Chelsea នឹងបើកទ្វារកីឡដ្ឋាន Stamford Bridge ស្វាគមន៍ក្រុមភ្ញៀវញញ្ញួរយក្ស West Ham United វេលាម៉ោង ៩យប់។ ជាការស្តារមុខមាត់ថ្មីឡើងវិញសម្រាប់តោខៀវក្រោយប្រកួតសប្តាហ៍ទី៥ ចាញ់ Southampton ២-១ ជំនួបក្រៅទឹកដី ដ៏អាម៉ាស់។ West Ham ក៏ជាក្រុមដ៏ខ្លាំងមួយក្រោមការបង្វឹករបស់លោក Devid Moyes ដោយសប្តាហ៍មុនទើបបញ្ចប់លទ្ធផលស្មើ ១-១ ជាមួយ Tottenham Hotspus របស់លោក Antonio Conte។ 
 
ចាប់ផ្តើមរដូវកាលថ្មីនេះ Chelsea បានក្លាយជាក្រុមកំពុងជួបបញ្ហាលើទម្រង់លេងរបស់ក្រុម ក្រោយកីឡាករសំខាន់ៗច្រើនរូបបានចាកចេញ់ ក្រោយពេលក្លិបនេះរងបញ្ហាទណ្ឌកម្ម។ ទោះបីនាំចូល Raheem Sterling និង Kalidou Koulibaly តៀវខៀវនៅមិនទាន់មានភាពល្អប្រសើរឡើងវិញឡើយ ដោយឆ្លងកាត់ ៥ប្រកួត ឈ្នះ២ ស្មើ ១ និងចាញ់ ២ប្រកួតជាកំណត់ត្រាអាក្រក់លើកដំបូងរបស់ពួកគេតាំងពីលោក Thomas Tuchel មកដឹកនាំ។ 
 
West Ham ទោះចាបផ្តើមរដូវកាលថ្មីមុនទទួលបានលទ្ធផលល្អដោយ ៥ប្រកួតឈ្នះត្រឹម១ប្រកួត ស្មើ១ ចាញ់៣ ប្រកួតក្តី ប៉ុន្តែបញ្ហាត្រូវបានលោក Moyes ជាគ្រូបង្វឹកអះអាងថាកីឡាករថ្មីដែលទើបនាំចូលត្រូវការបទពិសោធន៍លេងក្នុង Premier League ឱ្យបានច្រើនទើបអាចទាញផលក្នុងការប្រកួតបាន។ សម្រាប់ប្រកួតរវាងក្រុមទាំងពីរនេះអាចថាជាប្រកួតដ៏តានតឹងមួយ ស្របពេលក្រុមទាំងសងខាងនេះកំពុងពង្រឹងក្រុមឡើងវិញ។
 
ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនៃ Premier League សប្តាហ៍ទី៦ ៖
 
  • ការប្រកួតវេលាម៉ោង ៩ យប់ Brentford ស្វាគមន៍ Leeds  
     
  • Newcastle ទទួល Crystal Palace 
     
  • Nottingham ទទួល Bournemouth 
     
  • Spurs ទទួល Fulham 
     
  • Wolvers ទទួល Southampton
     
  • Aston Villa ទទួល Man City វេលាម៉ោង ១១:៣០ យប់
     
  • Brighton ទទួល Leicester City ថ្ងៃទី៤ វេលាម៉ោង ៨យប់ និង Man United ទទួល Arsenal វេលាម៉ោង ១០:៣០ យប់៕
 

Tag:
 Premier League Week 6
© រក្សាសិទ្ធិដោយ thmeythmey.com