អន្តរជាតិ
រុស្ស៊ីថា អាម៉េរិកមិនទាន់ចេញទិដ្ឋាការឱ្យលោក ឡាវរ៉ូវ ចូលប្រជុំមហាសន្និបាត UN
03, Sep 2022 , 5:29 pm        
រូបភាព
រុស្ស៊ី បានស្នើសុំទិដ្ឋាការ៥៦ សម្រាប់ប្រតិភូរបស់ខ្លួនចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដែលធ្វើក្នុងខែកញ្ញានេះ ប៉ុន្តែមិនទាន់ទទួលបានអ្វីឡើយពីអាម៉េរិក។ ក្នុងចំណោមទិដ្ឋាការនេះ ក៏មានឈ្មោះរដ្ឋមន្រ្តីការបរទេស ស៊ែហ្គេយ៍ ឡាវរ៉ូវ ដែរ។

 
បើតាមលិខិតផ្ញើជូនអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស លោក Vassily Nebenzia អគ្គរដ្ឋទូតរុស្ស៊ី អះអាងថា ទង្វើរបស់អាម៉េរិកដែលមិនផ្ដល់ទិដ្ឋាការដល់មន្ត្រីការទូតរុស្ស៊ីដែលត្រូវចូលរួមកម្មវិធីប្រជុំរបស់ UN ជារឿងអាសន្ន។ នេះក៏ព្រោះអាម៉េរិក មិនបានផ្ដល់ទិដ្ឋាការឱ្យមន្រ្តីរុស្ស៊ីច្រើនខែមកហើយ។
 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ក៏មានឈ្មោះក្នុងបញ្ជីសុំទិដ្ឋាការទាំង៥៦ ដែរ។ បើតាមលោក Nebenzia ទីក្រុងវ៉ាស៊ីនតោន មិនទាន់បានចេញការអនុញ្ញាតនៅឡើយ ខណៈមូស្គូត្រូវបញ្ជូនប្រតិភូមួយក្រុមមកទីក្រុង New York ជាមុនដើម្បីទទួលលោក ឡាវរ៉ូវ សម្រាប់ការប្រជុំដែលចាប់ផ្ដើមពីថ្ងៃទី២០ ខែកញ្ញា។ ក្នុងលិខិតដដែល អ្នកកាសែតដែលអមដំណើរលោក ឡាវរ៉ូវ និងក្រុមអ្នកបើកយន្តហោះ ក៏មិនទាន់ទិដ្ឋាការដែរ។
 
តាមកិច្ចព្រមព្រៀងជាមួយ UN ក្នុងនាមជាម្ចាស់ផ្ទះ អាម៉េរិកមានកាតព្វកិច្ចចេញទិដ្ឋាការសម្រាប់មន្រ្តីនៃរដ្ឋសមាជិកដែលត្រូវចូលរួមប្រជុំនៅទីស្នាក់ការ UN នៅទីក្រុង New York។ ប៉ុន្តែអាម៉េរិក ក៏អាចបដិសេធសំណើសុំទិដ្ឋាការដែរក្រោមលក្ខខណ្ឌភេរវកម្ម សន្តិសុខ និងគោលនយោបាយការបរទេសរបស់ខ្លួន។
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកអះអាងថា អាម៉េរិកយកចិត្តទុកដាក់លើកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ហើយអាម៉េរិកផ្ទាល់ក៏បានចេញទិដ្ឋាការរាប់រយរៀងរាល់ឆ្នាំដល់អ្នកការទូតរុស្ស៊ីផងដែរ។
 
សូមបញ្ជាក់ថា លោក ឡាវរ៉ូវ មានឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់អាម៉េរិកចំពោះការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។ កន្លងមក ទោះផ្ដល់ទិដ្ឋាការមែន អាម៉េរិកក៏រឹតត្បិតការធ្វើដំណើររបស់មន្ត្រីរុស្ស៊ីដោយអនុញ្ញាតឱ្យដើរហើរតែក្នុងបរិវេណទីក្រុង New York ប៉ុណ្ណោះ៕

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com