អន្តរជាតិ
អាម៉េរិក ថ្កោលទោសរបបសឹកមីយ៉ាន់ម៉ា ក្រោយលោកស្រី ស៊ូជី ត្រូវកាត់ទោសជាប់គុក៣ឆ្នាំទៀត
03, Sep 2022 , 8:29 pm        
រូបភាព
ដោយ:
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិននៅថ្ងៃទី២ ខែកញ្ញា បានថ្កោលទោស និងជំរុញអន្តរជាតិឱ្យដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ាបន្ថែមទៀត បន្ទាប់ពីលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការមីយ៉ាន់ម៉ាកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំបន្ថែមពីបទបន្លំការបោះឆ្នោតឆ្នាំ២០២០។

 
«យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការកាត់ទោសដោយអយុត្តិធម៌របស់របបយោធាមីយ៉ាន់ម៉ាលើលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំបន្ថែមទៀតរួមទាំងពលកម្មដោយបង្ខំដែរ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ស្រង់សម្តីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិននៅថ្ងៃទី២ ខែកញ្ញា។
 
បើតាមលោក ប្លីងខិន អន្តរជាតិត្រូវតែធ្វើការរួមគ្នាដើម្បីដាក់សម្ពាធរបបយោធាមីយ៉ាន់ម៉ាឱ្យទទួលខុសត្រូវចំពោះអំពើហិង្សាដែលកំពុងកើនឡើង និងការគាបសង្កត់លើមេដឹកនាំមីយ៉ាន់ម៉ាដែលជាប់ឆ្នោតត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យ។ 
 
បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី ទទួលបានសន្លឹកឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់កាលពីការបោះឆ្នោតឆ្នាំ ២០២០ ប៉ុន្តែបែរជាត្រូវបានយោធាមីយ៉ាន់ម៉ាចោទថាជាការបន្លំទៅវិញ។ បូកពីលើ ៣ ឆ្នាំនេះ លោកស្រីស៊ូជីដែលត្រូវបានរបបសឹកធ្វើរដ្ឋប្រហារទម្លាក់កាលពីខែកុម្ភៈ ឆ្នាំ ២០២១ ប្រឈមនឹងការជាប់ពន្ធនាគារ ២០ ឆ្នាំហើយ។ ក្នុងវ័យ ៧៧ ឆ្នាំ លោកស្រីអាចនឹងជាប់ពន្ធនាគារពេញមួយជីវិត បើសរុបទាំងបទចោទផ្សេងទៀតដែលមិនទាន់បានជម្រះ។
 
តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលមក ប្រទេសលោកខាងលិច និងអាម៉េរិកបានដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ាជាបន្តបន្ទាប់រួមមានបង្អកទ្រព្យសម្បត្តិមន្រ្តីយោធា និងរឹតបន្តឹងលើការធ្វើពាណិជ្ជកម្មជាមួយជាដើម។ លើសពីនេះ ក្រោយប្រហារជីវិតសកម្មជនគាំទ្រប្រជាធិបតេយ្យ៤នាក់ក្នុងខែកក្កដា អាម៉េរិកក៏បានប្តេជ្ញាចាត់វិធានការយ៉ាងតឹងរ៉ឹងទៀតដែរដូចជា ដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេង និងហ្គាសដែលជាប្រភពចំណូលដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា ប៉ុន្តែត្រូវបានរារាំងដោយថៃ។
 
សូមបញ្ជាក់ថា តាំងពីយោធាមីយ៉ាន់ម៉ាក្តោបក្តាប់អំណាចមក ប្រជាជនជាង ២ ពាន់នាក់ត្រូវបានសម្លាប់ ខណៈជាង ១៥ ០០០ នាក់ត្រូវបានចាប់ខ្លួនអំឡុងការបង្រ្កាបអ្នកប្រឆាំងរបស់យោធា។ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់៕ 

Tag:
 អាម៉េរិក
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com