អន្តរជាតិ
កងទ័ពឥណ្ឌាចូលរួមសមយុទ្ធយោធាជាមួយរុស្ស៊ី ទោះអាម៉េរិកមិនពេញចិត្ត
04, Sep 2022 , 9:50 am        
រូបភាព
ពិធីបើកសមយុទ្ធ Vostok ឆ្នាំ២០២២​ ដែលរៀបចំដោយរុស្ស៊ី។ រូបថតពីក្រសួងការបរទេសរុស្ស៊ី
ពិធីបើកសមយុទ្ធ Vostok ឆ្នាំ២០២២​ ដែលរៀបចំដោយរុស្ស៊ី។ រូបថតពីក្រសួងការបរទេសរុស្ស៊ី
នៅតំបន់ចុងបូព៌ាទឹកដីរុស្ស៊ី សមយុទ្ធពហុសាសន៍ដ៏ធំមួយ បានចាប់ផ្ដើមឡើងនៅថ្ងៃទី១ ខែកញ្ញា។ ប្រទេសដែលមានទំនាក់ទំនងល្អជាមួយរុស្ស៊ីមាន ចិន និងឥណ្ឌាជាដើម បានបញ្ជូនយោធារបស់ខ្លួនចូលរួមសយុទ្ធនេះ។ ឥណ្ឌានៅតែបញ្ជូនកងទ័ពខ្លួនទៅចូលរួមសមយុទ្ធជាមួយរុស្ស៊ី បើទោះអាម៉េរិកបង្ហាញភាពមិនពេញចិត្តក្ដី។


 
កងកម្លាំងយោធាឥណ្ឌាបានទៅដល់រុស្ស៊ីដើម្បីធ្វើសមយុទ្ធពហុភាគី Vostok ជាមួយប្រទេសនេះ និងប្រទេសផ្សេងទៀតចំនួន៧ថ្ងៃ។ 
 
«ទាហានឥណ្ឌាមួយក្រុមបានទៅដល់ទីតាំងធ្វើសមយុទ្ធ ហើយចូលរួមប្រតិបត្តិការសមយុទ្ធដែលប្រព្រឹត្តទៅរយៈពេល ៧ថ្ងៃ រួមមានការហ្វឹកហាត់លើទីលាន ការពិភាក្សាក្នុងពេលប្រយុទ្ធ និងសមយុទ្ធបាញ់កាំភ្លើងធំ»។ ក្រសួងការពារជាតិឥណ្ឌាអះអាងបែបនេះក្នុងសេចក្ដីសេចក្តីថ្លែងការណ៍មួយ។
 
ក្នុងសមយុទ្ធពហុភាគី Vostok នៅរុស្ស៊ីនេះ ប្រទេសដទៃចូលរួមជាមួយឥណ្ឌាដែរ ដូចជា ចិន បេឡារុស ម៉ុងហ្គោលី និងតាហ្ស៊ីគីស្ថានជាដើម។ 
 
យ៉ាងណាមិញ អាម៉េរិកដែលតែងពង្រឹងភាពជាដៃគូផ្នែកយោធារបស់ខ្លួនជាមួយឥណ្ឌាដែរនោះ បានបង្ហាញភាពមិនចិត្តរបស់ខ្លួនជាមួយនឹងឥណ្ឌាដែលបញ្ជូនកងទ័ពខ្លួនចូលរួមធ្វើសមយុទ្ធនៅក្នុងរុស្ស៊ី។ 
 
លេខាធិការសារព័ត៌មានរបស់សេតវិមានអាម៉េរិក លោកស្រី Karine Jean-Pierre បានអះអាងថា អាម៉េរិកព្រួយបារម្ភអំពីប្រទេសទាំងអស់ដែលធ្វើសមយុទ្ធជាមួយរុស្ស៊ី ខណៈដែលរុស្ស៊ីកំពុងធ្វើសង្រ្គាមយ៉ាងព្រៃផ្សៃប្រឆាំងនឹងអ៊ុយក្រែន។ តែទោះយ៉ាងណា លោកស្រី Jean-Pierre ក៏បានទទួលស្គាល់ពីសិទ្ធិសម្រេចចិត្តរបស់ប្រទេសនីមួយៗក្នុងការចូលរួមសមយុទ្ធដែរ។
សមយុទ្ធ Vostok តែងធ្វើឡើងរាល់ ៤ឆ្នាំម្ដង។ កាលពីឆ្នាំ ២០១៨ សមយុទ្ធនេះមានកងទ័ពជិត៣០ម៉ឺននាក់ចូលរួម ហើយវាជាលើកដំបូងដែលកងទ័ពចិនបានចូលរួម៕ 
 

Tag:
 ឥណ្ឌា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com