អន្តរជាតិ
ប្រធានាធិបតីតួកគី ចង់សម្របសម្រួលវិបត្តិនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia
04, Sep 2022 , 11:29 am        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ រូបថត AFP
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់។ រូបថត AFP
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ បានបង្ហាញបំណងដើរតួសម្របសម្រួលក្នុងវិបត្តិនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកំពុងតានតឹងខ្លាំងដោយសារការវាយប្រហារទៅមករវាងកម្លាំងរុស្ស៊ីដែលគ្រប់គ្រងរោងចក្រ និងកម្លាំងអ៊ុយក្រែនដែលវាយដណ្ដើមទីតាំងនេះទៅគ្រប់គ្រងវិញ។

 
ការវាយប្រយុទ្ធគ្នារវាងកម្លាំងយោធាអ៊ុយក្រែន និងរុស្ស៊ីនៅតំបន់រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរធំជាងគេនៅអឺរ៉ុប Zaporizhzhia បង្កជាក្ដីបារម្ភយ៉ាងខ្លាំងដែលអាចបង្កជាមហន្តរាយនុយក្លេអ៊ែរដូចដែលធ្លាប់កើតឡើងនៅ Chernobyl ។ នៅថ្ងៃទី២ ខែកញ្ញា អ៊ុយក្រែនអះអាងថា ខ្លួនបានកម្ទេចមូលដ្ឋានយោធារុស្ស៊ីនៅទីក្រុង Energodar ដែលនៅក្បែរនោះ ដោយបំផ្លាញប្រព័ន្ធកាំភ្លើងធំ និងឃ្លាំងគ្រាប់ផង។
 
ជាមួយស្ថានភាពបែបនេះ ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ វិញ ក៏ចង់ចូលខ្លួនសម្របសម្រួលវិបត្តិនេះ ដូចដែលធ្លាប់ធ្វើបានកន្លងមកលើការដឹកជញ្ជូនធញ្ញជាតិឡើងវិញ។ បើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីតួកគី លោក អ៊ែរដូហ្កាន់ ប្រាប់សមភាគីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី៣ ខែកញ្ញា ថា តួកគីអាចដើរតួនាទីជាអ្នកសម្របសម្រួលដើម្បីបញ្ចៀសវិបត្តិនៅ Zaporizhzhia ។
 
យ៉ាងណាមិញ ទីក្រុងអង់ការ៉ា មិនទាន់បញ្ជាក់ថា លោក អ៊ែរដូហ្កាន់ បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី លើរឿងនេះឡើយ។ នាជំនួបនៅទីក្រុង Lviv កាលពីខែមុន មេដឹកនាំតួកគីប្រាប់សមភាគីអ៊ុយក្រែនថា លោកមិនចង់ឃើញវិបត្តិ Chernobyl ម្ដងទៀតឡើយ។ រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរនៅ Chernobyl របស់អ៊ុយក្រែន បានផ្ទុះឆេះនៅឆ្នាំ១៩៨៩ ដែលបង្កជាវិបត្តិនុយក្លេអ៊ែរដល់បច្ចុប្បន្ន។
 
បច្ចុប្បន្ន បេសកកម្មមួយក្រុមរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កំពុងត្រួតពិនិត្យការខូចខាតនានាក្នុងរោងចក្រ Zaporizhzhia ។ ចំណែប្រេសិតរបស់រុស្ស៊ីប្រចាំទីក្រុងវីយែនវិញ អះអាងថា សមាជិក IAEA ៦នាក់ នឹងបន្តការងារក្នុងរោងចក្រនេះ ហើយសមាជិក២នាក់ អាចធ្វើឈរជើងជាអចិន្រ្តៃយ៍ទៀតផង៕

Tag:
 តួកគី
  រុស្ស៊ី
  អ៊យក្រែន)
© រក្សាសិទ្ធិដោយ thmeythmey.com