មហាក្សត្រឆាលស៍ទី៣ (Charles III) បានគ្រងរាជ្យ និងបន្តតំណែងជាប្រមុខរដ្ឋចក្រភពអង់គ្លេស និងអាណាចក្រចំនួន១៤ បន្ទាប់ពីម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ (Elizabeth II) បានសោយទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញា។ យ៉ាងណាមិញ ប្រជាប្រិយភាពសេ្ដចអង្គនេះ មិនសូវមានខ្លាំងក្លាដូចព្រះមាតាទ្រង់នោះឡើយ។ រាជានិយមអង់គ្លេសក្រោមរជ្ជកាលស្ដេចថ្មី នឹងប្រែទៅជាយ៉ាងណា?
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Ipsos នៅក្នុងខែមេសាឆ្នាំ២០២២ ប្រជាជនអង់គ្លេសជិតពាក់កណ្តាលគិតថា ព្រះអង្គម្ចាស់ឆាលស៍ គួរតែទុកឱ្យបុត្រារបស់ទ្រង់ព្រះអង្គម្ចាស់ William ជាស្តេចឡើងសោយរាជ្យបន្ទាប់ពីម្ចាស់ក្សត្រីយ៍។ ចំណែកឯការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ YouGov បានចាត់ថ្នាក់ប្រជាប្រិយភាពព្រះអង្គឆាលស៍ ឈរនៅលំដាប់ទី៧ ដែលស្ថិតក្រោមព្រះមាតាទ្រង់ និងព្រះបុត្រា William ថែមទៀត។
តើហេតុអ្វីបានជាស្ដេចឆាលស៍ទី៣ មិនសូវមានប្រជាប្រិយភាព?
រឿងរ៉ាវជាច្រើនបានរុំព័ទ្ធស្ដេចអង្គនេះ។ ប៉ុន្តតែរឿងអាស្រូវក្រោយរៀបអភិសេកជាមួយព្រះនាង Diana នៅតែជាស្រមោលខ្មៅមិនទៅណា និងនៅតែដិតដាមជារឿងមួយដែលបន្ទាបកេរ្តិ៍ឈ្មោះរបស់ស្ដេចឆាលស៍។ ប្រជាជនអង់គ្លេសនៅតែមិនបានអត់ទោសឱ្យស្ដេចឆាលស៍ចំពោះទង្វើដែលទ្រង់បានប្រព្រឹត្តចំពោះព្រះនាង Diana ក្នុងអំឡុងជីវិតអាពាហ៍ពិពាហ៍មិនសមប្រកបឡើយ។
ព្រះអង្គម្ចាស់ឆាលស៍បានសារភាពជាសាធារណៈថា ព្រះអង្គបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគូស្នេហ៍ Camilla Parker Bowles ក្នុងឆ្នាំ១៩៨៦ ខណៈដែលព្រះអង្គស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ជាមួយព្រះនាង Diana នៅឡើយ។ ព្រះអង្គក៏បានប្រព្រឹត្តទង្វើមិនគប្បីចំពោះព្រះនាង Diana មួយចំនួនផ្សេងទៀតផងដែរ។ អាស្រ័យហេតុនេះ សាធារណជនដែលនៅតែការពារ ព្រះនាង Diana នឹងមិនដែលចង់បំផ្លិចពីអតីតកាលរបស់សេ្ដចឆាលស៍នោះទេ។ ព្រះនាង Diana សុគតក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩៧ ដោយបន្សល់បុត្រ២អង្គ។
ការទទួលយកជំនួយសប្បុរសធម៌ពីសមាជិកគ្រួសារ Osama bin Laden ក៏ជារឿងអាស្រូវមិនល្អសម្រាប់ស្ដេចឆាលស៍ដែរ។ ព្រះអង្គម្ចាស់ឆាលស៍រងការរិះគន់ជាខ្លាំង ខណៈដែលកាសែត Sunday Times បានចេញរបាយការណ៍មួយក្នុងខែកក្កដាកន្លងដែលអះអាងថា ទ្រង់បានទទួលជំនួយសប្បុរធម៌ចំនួន១,២លានដុល្លារពីសាច់ញាតិរបស់សមាជិកគ្រួសារមេភេរវករសម្រាប់មូលនិធិសប្បុរសធម៌ Prince of Wales កាលពីឆ្នាំ២០១៣។ យ៉ាងណាមិញ រាជដំណាក់ Clarence House របស់ព្រះអង្គឆាលស៍ បានឆ្លើយតបថា ព្រះអង្គមិនបានស្នើសុំអំណោយដោយផ្ទាល់នោះទេ។
លើសពីនេះ កាលនៅជារជ្ជទាយទ ស្តេចឆាលស៍ត្រូវបានចោទពីការប៉ុនប៉ងប្រើឥទ្ធិពលលើរដ្ឋាភិបាលចក្រភពអង់គ្លេស។ ក្នុងឆ្នាំ ២០១៥ ព្រះអង្គម្ចាស់ឆាលស៍បានទទួលឯកសារសម្ងាត់ស្តីពីការងារខាងក្នុងរបស់រដ្ឋាភិបាលអង់គ្លេសដែលសូម្បីតែរដ្ឋមន្ត្រីក៏មិនបានឃើញដែរ។ ការណ៍នេះបានជំរុញឱ្យសមា ជិកសភាជាន់ខ្ពស់ម្នាក់បានហៅទ្រង់ថា ជាអ្នកបញ្ចុះបញ្ចូលដែលមានព័ត៌មានល្អបំផុតរបស់ចក្រភពអង់គ្លេស។
កាសែត The Guardian បានទទួលអនុស្សរណៈចំនួន២៧ដែលដាក់ឈ្មោះថា «កំណត់ ហេតុពីងពាងខ្មៅដោយសារតែការអូសទាញរបស់ព្រះអង្គឆាលស៍» ដែលបង្ហាញថា ព្រះអង្គម្ចាស់អង្គនេះ បានចូលរួមក្នុងកិច្ចខិតខំបញ្ចុះបញ្ចូលអ្នកនយោបាយជាន់ខ្ពស់អំពីបញ្ហាជា ច្រើនរួមទាំងការបញ្ជាទិញឧទ្ធម្ភាគចក្រយោធាអំឡុងសង្គ្រាមអ៊ីរ៉ាក់ និងការនេសាទខុសច្បាប់ ជាដើម។
ប្រជាជនអង់គ្លេសភាគច្រើនគាំទ្រព្រះរាជ្យបុត្រា William
ព្រះអង្គម្ចាស់ William និងជាយាព្រះនាង Kate ហើយបុត្រាបុត្រីទាំងបីរបស់ទ្រង់ ត្រូវបានប្រជាជននៅ អង់គ្លេសគោរពស្រឡាញ់ជាខ្លាំង។ ទ្រង់ទាំងពីរឥឡូវនេះបានរៀបអភិសេកជិតមួយទសវត្សរ៍ហើយ ហើយប្រជាជនហៅទ្រង់ថា ជាគូព្រេងក្នុងរឿងនិទានដែលជាគ្រួសារមួយដ៏ល្អឥតខ្ចោះ និងមិនមានរឿងអាស្រូវប្លែកអ្វីជាការចោទខ្លាំងនោះឡើយ។
បច្ចុប្បន្ន ព្រះអង្គម្ចាស់ William ជារជ្ជទាយាទបន្តពីបិតារបស់ទ្រង់។ អនុជរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Harry ក៏មានប្រជាប្រិយភាពខ្ពស់ដែរក្នុងចំណោមប្រជាជនអង់គ្លេស។
របបរាជានិយមលែងសំខាន់សម្រាប់អាណាចក្រដែលស្ថិតក្នុង Commonwealth
ការសោយទិវង្គតរបស់មហាក្សត្រិយអេលីហ្សាបែតទី២ បានផ្ដល់ពន្លឺជាថ្មីសម្រាប់ចលនាសាធារណរដ្ឋក្នុងប្រទេសដែលស្ថិតក្នុងប្លុក Commonwealth ។ ប្រទេសទាំងនេះ លែងចង់ស្ថិតក្រោមរបបរាជានិយម ហើយចង់ក្លាយជារបបសាធារណរដ្ឋវិញ។ ការណ៍នេះក៏បានបង្ហាញពីកត្តាមួយដែលធ្វើឱ្យស្ដេចឆាលស៍មិនសូវមានការគាំទ្រផងដែរ ដោយសារបណ្ដាអាណាចក្រមួយចំនួននោះព្យាយាមក្ដោបយកឱកាសនេះសម្រាប់ការកែប្រែទម្រង់នយោបាយរបស់ប្រទេសខ្លួន និងផ្ដាច់ចេញពីរបបរាជានិយមអង់គ្លេស។
លោក Adam Bandt មេដឹកនាំគណបក្ស Greens របស់អូស្ត្រាលី បានបង្ហោះសាររំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ព្រះមហាក្សត្រិយានីនៅលើបណ្ដាញសង្គម Twitter ។ ប៉ុន្តែលោកបានបន្ថែមថាឥឡូវនេះអូស្ត្រាលីត្រូវតែដើរទៅមុខដើម្បីក្លាយជាសាធារណរដ្ឋ។
ក្រុមចលនាសាធារណរដ្ឋអូស្ត្រាលីដែលចង់ឱ្យជនជាតិអូស្ត្រាលីណាមួយម្នាក់ជំនួសព្រះមហាក្សត្រអង់គ្លេសជាប្រមុខរដ្ឋពួកគេវិញ។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញបន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍ ពួកគេបានបង្ហាញពីឱកាសនយោបាយដ៏កម្រ។ លោក Peter FitzSimons ប្រធានចលនា បាននិយាយថា ការណ៍ដែលអូស្ត្រាលីមានព្រះមហាក្សត្រមួយអង្គជាទីគោរព ឬកោតសរសើរពីប្រជាជនហាក់ដូចជាមិនមានទៀតនោះទេ៕