អន្តរជាតិ
រាជានិយមអង់គ្លេសក្រោមរជ្ជកាលស្ដេចឆាលស៍ទី៣ ទៅជាយ៉ាងណា?
11, Sep 2022 , 7:29 pm        
រូបភាព
មហាក្សត្រចក្រភពអង់គ្លេស ឆាលទី៣ ។ រូបថត AFP
មហាក្សត្រចក្រភពអង់គ្លេស ឆាលទី៣ ។ រូបថត AFP
មហាក្សត្រឆាលស៍ទី៣ (Charles III) បានគ្រងរាជ្យ និងបន្តតំណែងជាប្រមុខរដ្ឋចក្រភពអង់គ្លេស និងអាណាចក្រចំនួន១៤ បន្ទាប់ពីម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ (Elizabeth II) បា​ន​សោយ​ទិវង្គត​កាលពីថ្ងៃទី៨ ខែកញ្ញា។ យ៉ាងណាមិញ ប្រជាប្រិយភាពសេ្ដចអង្គនេះ មិនសូវមានខ្លាំង​ក្លាដូចព្រះ​មាតា​ទ្រង់នោះឡើយ។ រាជានិយមអង់គ្លេសក្រោមរជ្ជកាលស្ដេចថ្មី នឹងប្រែទៅជាយ៉ាងណា?

 
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ Ipsos  នៅក្នុងខែមេសាឆ្នាំ២០២២ ប្រជាជន​អង់គ្លេស​ជិត​ពាក់​កណ្តាល​គិត​ថា ព្រះអង្គម្ចាស់ឆាលស៍ គួរតែ​ទុក​ឱ្យ​បុត្រា​របស់​ទ្រង់ព្រះអង្គម្ចាស់ William ជា​ស្តេច​ឡើងសោយរាជ្យបន្ទាប់ពីម្ចាស់ក្សត្រីយ៍។ ចំណែកឯការស្ទង់មតិរបស់​ក្រុមហ៊ុនស្រាវជ្រាវ YouGov បានចាត់ថ្នាក់ប្រជាប្រិយភាពព្រះអង្គឆាលស៍ ឈរនៅលំដាប់ទី៧ ដែលស្ថិតក្រោមព្រះមាតាទ្រង់ និង​ព្រះបុត្រា William ថែមទៀត។
 
តើហេតុអ្វីបានជាស្ដេចឆាលស៍ទី៣ មិនសូវមានប្រជាប្រិយភាព?
 
រឿងរ៉ាវជាច្រើនបានរុំព័ទ្ធស្ដេចអង្គនេះ។ ប៉ុន្តតែរឿងអាស្រូវក្រោយរៀបអភិសេកជាមួយព្រះនាង Diana នៅតែជាស្រមោលខ្មៅមិនទៅណា និងនៅតែដិតដាមជារឿងមួយដែលបន្ទាប​កេរ្តិ៍ឈ្មោះរបស់​ស្ដេច​ឆាលស៍។ ប្រជាជនអង់គ្លេស​នៅតែ​មិន​បាន​អត់ទោស​ឱ្យ​ស្ដេចឆាលស៍​ចំពោះ​ទង្វើដែលទ្រង់បានប្រព្រឹត្ត​ចំពោះព្រះនាង Diana ក្នុង​អំឡុងជីវិត​អាពាហ៍ពិពាហ៍​មិនសមប្រកបឡើយ។ 
 
ព្រះអង្គម្ចាស់ឆាលស៍បានសារភាពជាសាធារណៈថា ព្រះអង្គបានចាប់ផ្តើមមានទំនាក់ទំនងស្នេហា​ជាមួយគូស្នេហ៍ Camilla Parker Bowles ក្នុងឆ្នាំ១៩៨៦ ខណៈដែលព្រះអង្គស្ថិតក្នុងចំណង​អាពាហ៍​ពិពាហ៍ជាមួយព្រះនាង Diana នៅឡើយ។ ព្រះអង្គ​ក៏​បាន​ប្រព្រឹត្តទង្វើមិនគប្បី​ចំពោះ​ព្រះនាង Diana មួយចំនួនផ្សេងទៀតផង​ដែរ។ អាស្រ័យហេតុនេះ សាធារណជនដែលនៅតែការពារ ព្រះនាង Diana នឹងមិនដែលចង់បំផ្លិចពីអតីតកាលរបស់សេ្ដចឆាលស៍នោះទេ។ ព្រះនាង Diana សុគតក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩៧ ដោយបន្សល់បុត្រ២អង្គ។
 
ការទទួលយកជំនួយសប្បុរសធម៌ពីសមាជិកគ្រួសារ Osama bin Laden ក៏ជារឿងអាស្រូវមិនល្អសម្រាប់ស្ដេចឆាលស៍ដែរ។ ព្រះអង្គម្ចាស់ឆាលស៍រងការរិះគន់ជាខ្លាំង ខណៈដែលកាសែត Sunday Times បានចេញរបាយការណ៍មួយក្នុងខែកក្កដាកន្លងដែលអះអាងថា ទ្រង់បានទទួលជំនួយ​សប្បុរធម៌​ចំនួន១,២លានដុល្លារពីសាច់ញាតិរបស់សមាជិកគ្រួសារមេភេរវករសម្រាប់​​មូលនិធិសប្បុរសធម៌ Prince of Wales កាលពីឆ្នាំ២០១៣។ យ៉ាងណាមិញ រាជដំណាក់ Clarence House របស់ព្រះអង្គ​ឆាលស៍ បានឆ្លើយតបថា ព្រះអង្គមិនបានស្នើសុំអំណោយដោយផ្ទាល់នោះទេ។
លើសពីនេះ កាលនៅជារជ្ជទាយទ ស្តេចឆាលស៍ត្រូវបានចោទពីការ​ប៉ុនប៉ងប្រើឥ​ទ្ធិពល​លើ​រដ្ឋាភិបាល​ចក្រភពអង់គ្លេស។ ក្នុងឆ្នាំ ២០១៥ ព្រះអង្គម្ចាស់ឆាលស៍បានទទួល​ឯកសារសម្ងាត់ស្តីពី​ការងារខាង​ក្នុងរបស់រដ្ឋាភិបាលអង់គ្លេសដែលសូម្បីតែរដ្ឋមន្ត្រីក៏មិនបានឃើញដែរ។ ការណ៍នេះបានជំរុញឱ្យសមា ជិកសភាជាន់ខ្ពស់ម្នាក់បានហៅទ្រង់ថា ជាអ្នកបញ្ចុះបញ្ចូលដែលមានព័ត៌មានល្អបំផុតរបស់ចក្រភព​អង់គ្លេស។
កាសែត The Guardian បានទទួលអនុស្សរណៈចំនួន២៧ដែលដាក់ឈ្មោះថា «កំណត់ ហេតុ​ពីងពាង​ខ្មៅដោយសារតែការអូសទាញរបស់ព្រះអង្គឆាលស៍» ដែលបង្ហាញថា ព្រះអង្គម្ចាស់អង្គនេះ បាន​ចូល​រួមក្នុងកិច្ចខិតខំបញ្ចុះបញ្ចូលអ្នកនយោបាយជាន់ខ្ពស់អំពីបញ្ហាជា ច្រើនរួមទាំងការបញ្ជា​ទិញ​ឧទ្ធម្ភាគចក្រយោធាអំឡុងសង្គ្រាមអ៊ីរ៉ាក់ និងការនេសាទខុសច្បាប់ ជាដើម។
 
ប្រជាជនអង់គ្លេសភាគច្រើនគាំទ្រព្រះរាជ្យបុត្រា William
ព្រះអង្គម្ចាស់ William និងជាយាព្រះនាង Kate ហើយបុត្រាបុត្រីទាំងបីរបស់ទ្រង់ ត្រូវបានប្រជាជននៅ អង់គ្លេសគោរពស្រឡាញ់ជាខ្លាំង។​ ទ្រង់ទាំងពីរ​ឥឡូវនេះបានរៀប​អភិសេកជិតមួយទសវត្សរ៍ហើយ ហើយប្រជាជនហៅទ្រង់ថា ជាគូព្រេងក្នុងរឿងនិទានដែលជាគ្រួសារមួយដ៏ល្អឥតខ្ចោះ និងមិន​មាន​រឿង​អាស្រូវប្លែកអ្វីជាការចោទខ្លាំងនោះឡើយ។​
 
បច្ចុប្បន្ន​ ព្រះអង្គម្ចាស់ William ជារជ្ជទាយាទបន្តពីបិតារបស់ទ្រង់។ អនុជរបស់ទ្រង់ គឺព្រះអង្គម្ចាស់ Harry ក៏មានប្រជាប្រិយភាពខ្ពស់ដែរក្នុងចំណោមប្រជាជនអង់គ្លេស។
របបរាជានិយមលែងសំខាន់សម្រាប់អាណាចក្រដែលស្ថិតក្នុង Commonwealth 
ការសោយទិវង្គតរបស់មហាក្សត្រិយអេលីហ្សាបែតទី២ បានផ្ដល់ពន្លឺជាថ្មីសម្រាប់ចលនាសាធារណរដ្ឋក្នុងប្រទេសដែលស្ថិតក្នុងប្លុក Commonwealth ។ ប្រទេសទាំងនេះ លែងចង់ស្ថិត​ក្រោម​របបរាជានិយម ហើយចង់ក្លាយជារបបសាធារណរដ្ឋវិញ។ ការណ៍នេះក៏បានបង្ហាញពីកត្តា​មួយ​ដែល​ធ្វើឱ្យស្ដេចឆាលស៍មិនសូវមានការគាំទ្រផងដែរ ដោយសារបណ្ដាអាណាចក្រមួយចំ​នួននោះ​ព្យាយាម​ក្ដោបយកឱកាសនេះសម្រាប់ការកែប្រែទម្រង់នយោបាយរបស់ប្រទេសខ្លួន និងផ្ដាច់ចេញពី​របប​រាជានិយមអង់គ្លេស។
លោក Adam Bandt មេដឹកនាំគណបក្ស Greens របស់អូស្ត្រាលី បានបង្ហោះសាររំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ព្រះមហាក្សត្រិយានីនៅលើបណ្ដាញសង្គម Twitter ។ ប៉ុន្តែ​លោកបាន​បន្ថែម​ថាឥឡូវ​នេះអូស្ត្រាលី​ត្រូវ​តែ​ដើរ​ទៅ​មុខដើម្បីក្លាយជា​សាធារណរដ្ឋ។
 
ក្រុមចលនាសាធារណរដ្ឋអូស្ត្រាលីដែលចង់ឱ្យជនជាតិអូស្ត្រាលីណាមួយម្នាក់ជំនួសព្រះមហាក្សត្រអង់គ្លេសជាប្រមុខរដ្ឋពួកគេវិញ។ ប៉ុន្តែ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ម្ចាស់ក្សត្រីយ៍ ពួកគេបាន​បង្ហាញ​ពី​ឱកាស​នយោបាយដ៏កម្រ។ លោក Peter FitzSimons ប្រធានចលនា បាននិយាយថា ការណ៍ដែលអូស្ត្រាលីមានព្រះមហាក្សត្រមួយអង្គជាទីគោរព ឬកោត​សរសើរពីប្រជាជនហាក់ដូចជាមិនមានទៀតនោះទេ៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com