អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ពូទីន ផ្ដល់សញ្ជាតិរុស្សីឱ្យអ្នកទម្លាយការសម្ងាត់អាម៉េរិក Edward Snowden
27, Sep 2022 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ហ៊ួយ ស៊ីវលី

ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៦ ខែកញ្ញា បានផ្តល់សញ្ជាតិរុស្សីឱ្យអតីតអ្នកទម្លាក់ការសម្ងាត់អាម៉េរិក Edward Snowden ។



អតីតមន្រ្តីធ្វើការផ្នែកស៊ើបការណ៍ Edward Snowden បានលាតត្រដាងពីប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់ទីភ្នាក់ងារសន្តិសុខជាតិ (NSA)នៅឆ្នាំ២០១៣។ ការបែកធ្លាយនេះត្រូវបានរដ្ឋាភិបាលអាម៉េរិកចោទប្រកាន់លោកពីបទចារកម្ម។ ចាប់តាំងពីពេលនោះមក បុគ្គលរូបនេះបានភៀសខ្លួនពីអាម៉េរិក និងត្រូវបានរុស្សីផ្តល់សិទ្ធិជ្រកកោន។ នៅឆ្នាំ២០២០ លោកទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅរុស្សី។

ជុំវិញរឿងនេះ ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៦ ខែកញ្ញាបានចុះហត្ថលេខាលើក្រឹត្យមួយផ្តល់សញ្ជាតិរុស្សីឱ្យបុគ្គលដែលមានដើមកំណើតបរទេសចំនួន៧២នាក់ ក្នុងនោះក៏មានឈ្មោះ Edward Snowden ​ផងដែរ។

ទាក់ទងនឹងការអនុញ្ញាតិរបស់រុស្សីនេះ លោក Edward Snowden ចេញសារមួយនៅលើបណ្តាញសង្គម Twitter ថាលោកចង់នៅជាមួយគ្នាជាមួយគ្រួសាររបស់លោក និងរក្សាឯកជនភាពរបស់ពួកគេ។

«បន្ទាប់ពីត្រូវបាននិរទេសខ្លួនអស់រយៈពេលជាង១០ឆ្នាំ និងបានរង់ចាំរយៈពេល២ឆ្នាំមកហើយ ទោះស្ថានការណ៍របស់ខ្ញុំត្រូវបានអនុញ្ញាតឱ្យមានស្ថិរភាពបន្តិចបន្តួចក៏ដោយ ក៏វាអាចមានការផ្លាស់ប្តូរចំពោះគ្រួសាររបស់ខ្ញុំដែរ។ ការបែកគ្នាជាច្រើនឆ្នាំពីឪពុកម្តាយ និងប្រពន្ធ ខ្ញុំមិនមានបំណងចង់បែកពីកូនប្រុសរបស់ខ្ញុំទៀតទេ។» លោកសរសេរបែបនេះនៅលើបណ្តាញសង្គម Twitter៕


Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com