អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្វីទៅជាអង្គការសហប្រតិបត្តិការសៀងហៃ?
28, Sep 2022 , 7:59 am        
រូបភាព
 
កិច្ចប្រជុំកំពូលលើកទី២២ មេដឹកនាំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ទើបបញ្ចប់នៅអ៊ូសបេគីស្ថាន។ មេដឹកនាំចិន, រុស្ស៊ី, អ៊ូសបេគីស្ថាន, កៀហ្ស៊ីស៊ីស្ថាន, កាហ្សាក់ស្ថាន, តាហ្ស៊ីគីស្ថាន, ឥណ្ឌា និងប៉ាគីស្ថាន ព្រមទាំងសមាជិកថ្មីអ៊ីរ៉ង់បានពិភាក្សាអំពីបញ្ហាតំបន់និងបញ្ហាពិភពលោក។ តើអង្គការនេះមានប្រវត្តិយ៉ាងដូចម្តេច ហើយមានតួនាទីអ្វីខ្លះ?



មុនមានឈ្មោះថា SCO អង្គការមួយនេះស្ថិតក្រោមឈ្មោះសៀងហៃប្រាំដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយសមាជិកស្ថាបនិកចំនួនប្រាំមាន ចិន, រុស្ស៊ី, កៀហ្ស៊ីស៊ីស្ថាន, តាហ្ស៊ីគីស្ថាន និងកាហ្សាក់ស្ថាន។ ប្រទេសទាំងនេះ មានបំណងកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមរដ្ឋសមាជិក រំសាយអាវុធតាមតំបន់ព្រំដែន និងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ក្នុងឆ្នាំ១៩៩៦ និង១៩៩៧ មេដឹកនាំទាំង ៥ បានឯកភាពគ្នា និងចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការពង្រឹងទំនុកចិត្តយោធានៅក្នុងតំបន់ព្រំដែន និងសន្ធិសញ្ញាស្តីពីការកាត់បន្ថយកម្លាំងយោធានៅតំបន់ព្រំដែន។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០១ មេដឹកនាំប្រទេសទាំង៥ និងអ៊ូសបេគីស្ថានជួបគ្នានៅទីក្រុងសៀងហៃហើយបានប្រកាសពីអង្គការថ្មីមួយជាមួយនឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅក្រោមឈ្មោះ អង្គការសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization) ។ ធម្មនុញ្ញ SCO ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០២ ហើយបានចូលជាធរមាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៣។

បច្ចុប្បន្នសមាជិកប្លុកមួយនេះកើនដល់ចំនួន៩ដែលរួមបន្ថែមឥណ្ឌា ប៉ាគីស្ថាន និងថ្មីៗនេះ គឺអ៊ីរ៉ង់។ SCO ក៏មានដៃគូសន្ទនាដូចជា តួកគី, ស្រីលង្កា, នេប៉ាល់, អាស៊ែបៃហ្សង់, អាមេនី, អារ៉ាប៊ីសាអូឌីត, អេហ្ស៊ីប, កាតា និងរួមទាំងកម្ពុជាផងដែរ។

អង្គការមួយនេះធ្វើការងារលើផ្នែកសំខាន់ៗមួយចំនួនដូចខាងក្រោម៖

កិច្ចសហប្រតិបត្តិការលើសន្តិសុខ

SCO ផ្តោតជាចម្បងលើកង្វល់ទាក់ទងនឹងសន្តិសុខ ដែលជារឿយៗពួកគេជជែកគ្នពីបញ្ហាប្រឈមមុខដូចជា អំពើភេរវកម្ម ក្រុមបំបែកខ្លួន និងក្រុមជ្រុលនិយម។ ក្នុងឆ្នាំ ២០១៧ SCO បានបំផ្លាញផែនការភេរវកម្មចំនួន៦០០ និងធ្វើបត្យាប័នភេរវករ ៥០០នាក់។

សកម្មភាពយោធា

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពរបស់អង្គការនេះបានពង្រីកសកម្មភាពជាច្រើនរួមមានការបង្កើនកិច្ចសហប្រតិបត្តិការយោធា ការចែករំលែកព័ត៌មានសម្ងាត់ និងការប្រឆាំងភេរវកម្មដើម្បីរក្សាស្ថិរភាព និងសន្តិភាពតំបន់។ ការធ្វើសមយុទ្ធរួមគ្នារបស់សមាជិក SCO ចុងក្រោយបង្អស់បានធ្វើឡើងនៅកាលពីខែកញ្ញាឆ្នាំ ២០២១។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ក្នុងកិច្ចប្រជុំលើកទី២២ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងសមាជិក ដទៃទៀតនៃ SCO នឹងត្រូវបានពង្រឹងដោយកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុង វិស័យពាណិជ្ជកម្មឌីជីថល ការអភិវឌ្ឍបៃតង និងវិស័យសេវាកម្ម បើទោះបីជាបញ្ហាប្រឈម ដែលគំរាមកំហែងវដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។ អង្គការមួយនេះក៏សន្យានឹងរក្សាតុល្យភាពក្នុងការកាត់បន្ថយការបំភាយកាបូន និងការអនុញ្ញាតឱ្យរដ្ឋក្រីក្រតាមទាន់ប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍ។

កិច្ចសហប្រតិបត្តិការវប្បធម៌
កិច្ចសហប្រតិបត្តិការវប្បធម៌ក៏ជាផ្នែកមួយនៃសកម្មភាពរបស់ SCO ផងដែរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ SCO បានជួបគ្នាជាលើកដំបូងកាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០០២ ដែលប្រទេសទាំងអស់បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយសម្រាប់ការសហការគ្នាដើម្បីចែករំលែក និងថែរក្សាវប្បធម៌៕


Tag:
 SCO
© រក្សាសិទ្ធិដោយ thmeythmey.com