កីឡាអន្តរជាតិ
អន្តរជាតិ
Messi ពេញចិត្តបន្ដអាជីពជាមួយ Neymar នៅ PSG ហើយសរសើរ Mbappe ថាខ្លាំងដូចសត្វចម្លែក
28, Sep 2022 , 9:30 am        
រូបភាព
Messi និង Neymar ក្នុងពេលសហការប្រកួតជាមួយគ្នា រូបពី Livescores
Messi និង Neymar ក្នុងពេលសហការប្រកួតជាមួយគ្នា រូបពី Livescores
 
Lionel Messi បង្ហាញការពេញចិត្តក្នុងការសហការជាមួយ Neymar Jr នៅ Paris Saint Germain (PSG)។ ខ្សែបម្រើប្រយុទ្ធរូបនេះ និយាយថា បើទោះជាអ្នកទាំងពីរ មិនអាចលេងជាមួយគ្នានៅក្លិប Barcelona FC បានរយៈពេលយូរ ប៉ុន្ដែពួកគេ មានឱកាសសហការគ្នានៅក្លិប PSG ក្នុងប្រទេសបារាំង។ កីឡាកររូបនេះ ក៏ទទួលស្គាល់ពីភាពខ្លាំងរបស់ Kylian Mbappé ខ្សែប្រយុទ្ធក្លិប PSG ផងដែរ។



Messi បាននិយាយថា រូបខ្លួនបានស្គាល់ពី Neymar  ច្បាស់ ព្រមទាំងយល់ពីអារម្មណ៍របស់ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះផងដែរ ព្រោះការរួមបទពិសោធជាមួយគ្នា នៅក្លិប Barcelona FC នៅអេស្ប៉ាញ។

«ខ្ញុំ​ចង់មានពេល​​រីករាយ​ជាមួយ​គាត់​ច្រើន​ទៀត​នៅ Barcelona។ ប៉ុន្តែឥឡូវនេះ ខ្ញុំបានជួបគាត់ម្តងទៀតនៅប៉ារីស ហើយពួកយើងរីករាយដែលបាននៅជាមួយគ្នា។ ខ្ញុំចូលចិត្តលេងជាមួយគាត់។»។ កីឡាករ Lionel Messi បាននិយាយដូច្នេះ។

Messi និង Neymar Jr ធ្លាប់ជាផ្នែកមួយនៃក្រុម Barcelona FC ហើយជួយក្រុមនេះ ឈ្នះពានរង្វាន់ La Liga ចំនួនពីរសម័យ Copa Del Rey ចំនួន៣លើក និងពានរង្វាន់ Champions League មុនពេល PSG បាននាំយក Neymar Jr មកទឹកដីបារាំង ក្នុងតម្លៃ២២២លានអឺរ៉ូ កាលពីឆ្នាំ២០១៧។

ក្នុងឆ្នាំ២០២១ ក្លិបរបស់បារាំងមួយនេះ បាននាំយក Messi មកកាន់ទឹកដីប៉ារីស។ កីឡាករ ២រូបនេះ បានចាប់សហការគ្នាសារជាថ្មី នៅរដូវកាល ឆ្នាំ២០២២-២០២៣ ក្រោមការដឹកនាំរបស់លោក Christophe Galtier គ្រូបង្វឹកក្លិប PSG។

ជាមួយគ្នានេះដែរ Messi ក៏បានបង្ហាញពីសុទិដ្ឋិនិយម Kylian Mbappe ដោយចាត់ទុកថាខ្សែប្រយុទ្ធរូបនេះ មានសន្ទុះ និងល្បឿនដូចជាសត្វចម្លែក។ «គាត់ជាសត្វដែលខ្លាំង ចេញពីលំហមួយទៅទីអវកាស។ គាត់លឿន ស៊ុតបាល់បានច្រើន ពេញលេញ និងបង្ហាញខ្លួនឯងអស់ជាច្រើនឆ្នាំ។ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ គាត់នឹងស្ថិតក្នុងចំណោមអ្នកដែលល្អបំផុត។»៕



Tag:
 បាល់ទាត់
  Messi
  Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com