កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ ក្រូអាស៊ី អេស្ប៉ាញ អ៊ីតាលី និង ហូឡង់ ឡើងវគ្គ១/២ផ្តាច់ព្រ័ត្រ ខណៈអង់គ្លេសធ្លាក់ទៅលីគ B
28, Sep 2022 , 10:24 am        
រូបភាព
ក្រូអាស៊ី អេស្ប៉ាញ អ៊ីតាលី និងហូឡង់ បានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Nations League ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងតាមពូលរៀងខ្លួន។ ម្ចាស់ការពារតំណែងជើងឯកបារាំង និងម្ចាស់ជើងឯកដំបូងគេព័រទុយហ្គាល់អស់ឱកាស ខណៈអង់គ្លេសត្រូវធ្លាក់ទៅលេងនៅលីគ B រដូវកាលក្រោយ។


ការប្រកួតពានរង្វាន់អឺរ៉ុប UEFA Nations League បានរកឃើញ៤ក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រោយឆ្លងកាត់វគ្គសន្សំពិន្ទុតាមពូលនៃលីគ A រួចមក។
ឆ្លងកាត់ការប្រកួត៦លើកក្នុងលីគ A ពូល១  ក្រូអាស៊ីទទួលបានចំណាត់ថ្នាក់កំពូលតារាងមាន១៣ពិន្ទុ តាមពីក្រោយដោយដាណឺម៉ាក បារាំង និងអូទ្រីស។
 
លីគ A ពូល២ អេស្ប៉ាញដណ្តើមបានចំណាត់ថ្នាក់ទី១ ក្រោយឈ្នះព័រទុយហ្កាល់នៅជំនួបចុងក្រោយក្នុងលទ្ធផល ១-០។ អេស្ប៉ាញមាន១១ពិន្ទុ នាំមុខព័រទុយហ្កាល់តែមួយពិន្ទុប៉ុណ្ណោះ ខណៈស្វ៊ីស និងឆែកនៅលេខរៀងបន្តបន្ទាប់។
 
អ៊ីតាលី បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងលីគ A ពូល៣ ដោយរកបាន១១ពិន្ទុ នាំមុខគូប្រជែងហុងគ្រីតែមួយពិន្ទុប៉ុណ្ណោះ។ អល្លឺម៉ងទទួលបានចំណាត់ថ្នាក់ទី៣មាន៧ពិន្ទុ ខណៈអង់គ្លេសនៅបាតតារាងត្រូវធ្លាក់ទៅលេងនៅលីគ B វិញនៅរដូវកាលក្រោយ។
 
ដោយឡែកហូឡង់ នាំមុខដាច់គេក្នុងតារាងលីគA ពូល៤ ដោយរកបាន១៦ពិន្ទុពីការប្រកួត៦លើក នាំមុខបែលហ្ស៊ិក៦ពិន្ទុ។ ប៉ួឡូញនៅលេខ៣មាន៧ពិន្ទុ ឯវែល៍នៅបាតតារាងមាន១ពិន្ទុ។
 
សូមបញ្ជាក់ថាពានរង្វាន់ Nations League ដែលបង្កើតឡើងនៅឆ្នាំ២០១៨ ដែលព័រទុយហ្កាល់ និងបារាំងឈ្នះជើងឯក១លើករៀងខ្លួនរួចហើយ មានការចូលរួមប្រកួតពីបណ្តាប្រទេសនៅអឺរ៉ុបចំនួន៥៥។ ទាំង៥៥ប្រទេសត្រូវបែងចែកការប្រកួតជា៤កម្រិតពីលីគ A ដល់លីគ D។ លីគA មាន៤ពូលក្នុងមួយពូលមាន៤ក្រុម។ លីគB មាន៤ពូល ក្នុងនោះ៣ពូលមាន៤ក្រុម និងមួយពូលមាន៣ក្រុម។ លីគC មាន៤ពូល ដោយក្នុងមួយពូលមាន៤ក្រុម និងលីគD មានតែពីរពូលប៉ុណ្ណោះដោយក្នុងមួយពូលមាន៤ក្រុម និង៣ក្រុម។
 
លីគ A មានកម្រិតខ្ពស់ជាងគេ និងជាលីគដែលត្រូវប្រកួតដណ្តើមពានប្រចាំទ្វីបអឺរ៉ុបនេះតែម្តង។ លីគ A មាន៤ពូល ហើយក្រុមណាដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ក្នុងពូលត្រូវបន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែម្តង។ ដោយឡែកក្រុមនៅបាតតារាងត្រូវធ្លាក់ទីលីគកម្រិត B វិញ ខណៈក្រុមលេខ២ និងលេខ៣ ត្រូវបន្តលេងលីគ A រដូវកាលក្រោយដដែល។
 
ក្រុមដែលនៅលីគB លីគC និងលីគD ត្រូវប្រកួតប្រជែងគ្នាតាមពូលនីមួយៗដើម្បីយកមួយក្រុមដែលឈរកំពូលតារាងឡើងទៅកម្រិតបន្តបន្ទាប់ រហូតឈានដល់កម្រិតលីគA ដើម្បីប្រជែងពាន។ ក្រុមដែលនៅបាតតារាងត្រូវធ្លាក់ទៅលីគកម្រិតក្រោមជាបន្តបន្ទាប់ដូចគ្នា៕
 

Tag:
 Nations League
© រក្សាសិទ្ធិដោយ thmeythmey.com