អន្តរជាតិ
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានតួនាទីអ្វីខ្លះ?
28, Sep 2022 , 12:29 pm        
រូបភាព
ដោយ:
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ជាស្ថាប័នអន្តររដ្ឋាភិបាលមួយស្ថិតនៅក្រោមមហាសន្និបាតអង្គការសហប្រជាជាតិដែលមានតួនាទីពង្រឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សជុំវិញសកលលោក។ ស្ថាប័នអន្តរជាតិមួយនេះក៏មានសមត្ថភាពស៊ើបអង្កេត ពិភាក្សា ដោះស្រាយ ព្រមទាំងផ្តល់អនុសាសន៍រាល់ករណីបំពានសិទ្ធិមនុស្សដែលកើតឡើងក្នុងរដ្ឋសមាជិកអង្គការសហប្រជាជាតិ(UN)ផងដែរ។

 
តាមពិតទៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដោយមហាសន្និបាត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៦ ជំនួសគណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UNCHR)។ ក្រុមប្រឹក្សានេះមានរដ្ឋសមាជិកចំនួន៤៧ ដែលត្រូវបានបោះឆ្នោតជ្រើសរើសជារៀងរាល់៣ឆ្នាំម្តងដោយរដ្ឋសមាជិក UN ទាំង១៩៣។ បន្ទាប់ពីបានបម្រើការងារពីរអាណត្តិជាប់ៗគ្នា គ្រប់សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សមិនមានសិទ្ធិសម្រាប់ឈរឈ្មោះឡើងវិញភ្លាមៗនោះទេ។
 
បន្ថែមពីនេះ ចំនួនកៅអីរបស់សមាជិកភាពក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវបានបែងចែកដោយផ្អែកតាមទីតាំងភូមិសាស្រ្តនៃតំបន់នីមួយៗដែលរដ្ឋអាហ្វ្រិកមាន១៣អាសនៈ រដ្ឋអាស៊ី-ប៉ាស៊ីហ្វិក ១៣ អាសនៈ រដ្ឋអាម៉េរិកឡាទីន និងការ៉ាអ៊ីប ៨ អាសនៈ រដ្ឋអឺរ៉ុបខាងកើត៦អាសនៈ និងរដ្ឋអឺរ៉ុបខាងលិច និងរដ្ឋផ្សេងៗទៀត​៧អាសនៈ។ ចំណែក ការិយាល័យក្រុមប្រឹក្សាវិញមានអ្នកទទួលបន្ទុក៥នាក់ដោយម្នាក់ជាប្រធាន និង៤នាក់ទៀតជាអនុប្រធានដែលទាំង៥នាក់នេះតំណាងឱ្យក្រុមតំបន់ទាំង៥ខាងលើ។
 
UNHRC បើកកិច្ចប្រជុំមិនតិចជាង៣ដងទេក្នុង១ឆ្នាំដោយរយៈពេលប្រជុំជាសរុបយ៉ាងតិច១០សប្តាហ៍ដែលធ្វើឡើងនៅទីស្នាក់ការនាទីក្រុងហ្សឺណែវ។ ជាទូទៅ សម័យប្រជុំជាប្រចាំបើកពីខែកុម្ភៈដល់ខែមីនា ពីខែមិថុនាដល់ខែកក្កដា​ និងខែកញ្ញាដល់ខែតុលា។ 
 
ទន្ទឹមនេះ ប្រសិន១ភាគ៣នៃរដ្ឋសមាជិកស្នើ ក្រុមប្រឹក្សាសិទ្ធិមនុស្សអាចសម្រេចបើកកិច្ចប្រជុំពិសេសនៅពេលណាក៏បានដែរដើម្បីពាំនាំដោះស្រាយបញ្ហាសិទ្ធិមនុស្សបន្ទាន់ណាមួយ។​ ថ្មីៗនេះ សម័យប្រជុំលើកទី៥១ បើកពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ដោយបានលើកឡើងពីស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ស្រីលង្កា អាហ្វហ្កានីស្ថាន ក៏ដូចជាសិទ្ធិជនជាតិភាគតិច និងអ្នកកាសែតជាដើម៕ 
 
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com