អន្តរជាតិ
វៀតណាមបន្ទាបកម្រិតព្យុះទីហ្វុង Noru ទៅជាព្យុះត្រូពិច តែហានិភ័យទឹកជំនន់នៅតែមាន
28, Sep 2022 , 12:02 pm        
រូបភាព
ពលរដ្ឋវៀតណាមរៀបចំការដំបូលផ្ទះចំពោះមុខព្យុះ Noru ។ រូបថត AFP
ពលរដ្ឋវៀតណាមរៀបចំការដំបូលផ្ទះចំពោះមុខព្យុះ Noru ។ រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី

រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី២៨ ខែកញ្ញា បន្ទាបកម្រិតព្យុះទីហ្វុង Noru ទៅជាព្យុះត្រូពិក ប៉ុន្តែនៅតែព្រមានឱ្យមានការរក្សាប្រុងប្រយ័ត្នចំពោះហានិភ័យទឹកជំនន់ និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។

 
យោងតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយមវៀតណាម ព្យុះ Noru មានល្បឿនខ្យល់អតិបរមា១១៧គីឡូម៉ែត្រក្នុងមួយម៉ោងនៅម៉ោង៤ព្រឹកថ្ងៃទី២៨ ខែកញ្ញា ដែលជាល្បឿនចុះខ្សោយពី១៨៣គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃទី២៧ ខែកញ្ញា។ ព្យុះនេះ បានបោកបក់លើខេត្ត Da Nang និងQuang Nam ដែលនៅភាគកណ្ដាល។ 
 
មជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយមវៀតណាមព្យាករណ៍ថា ព្យុះនេះនឹងចុះខ្សោយទៅជាព្យុះត្រូពិក ដែលមានកម្រិតទាបជាងព្យុះទីហ្វុង។ ប៉ុន្តែ ព្យុះនេះត្រូវបានរំពឹងថា នឹងបង្កឱ្យមានទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនដូចជាខេត្ត Danang, Quang Tri, Thua Thien Hue, Quang Nam, Quang Ngai និងKon Tum។ ខេត្តទាំងនោះត្រូវបានរំពឹងថានឹងទទួលរងទឹកភ្លៀងចន្លោះពី ១០០ ទៅ១៥០មីលីម៉ែត្រ និងច្រើនជាង២០០មីលីម៉ែត្រនៅតាមតំបន់ខ្លះនៅថ្ងៃទី២៨ ខែកញ្ញា។ 
 
ទន្ទឺមនេះ ទោះល្បឿននៃព្យុះនេះមានការចុះខ្សោយក៏ដោយ ក៏រដ្ឋាភិបាលវៀតណានៅតែព្រមានពីទឹកជំនន់ដែលអាចប៉ះពាល់ដល់អាយុជីវិតប្រជាជនផងដែរ។ 
 
«ទោះបីជាព្យុះបានចុះខ្សោយក៏ដោយ ប៉ុន្តែប្រជាជនមិនគួរមានការធ្វេសប្រហែសឡើយ។ នៅក្នុងករណីកន្លងមក មនុស្សជាច្រើនមិនបានស្លាប់នៅក្នុងព្យុះនោះទេ ប៉ុន្តែនៅក្នុងទឹកជំនន់បន្ទាប់ពីលែងមានព្យុះ។» ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh អះអាងបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយតំបន់ក្នុងស្រុកដែលរងផលប៉ះពាល់នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា។
 
លោក Le Van Thanh ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​តាមដាន​ស្ថានភាព​ខ្យល់ព្យុះ និង​ទឹកជំនន់ ហើយ​មិន​ទាន់​អនុញ្ញាត​ឱ្យ​អ្នកនេសាទ​ទៅនេសាទ​នៅសមុទ្រ​វិញនៅឡើយទេ​។
 
មកទល់ពេលនេះ រដ្ឋាភិបាលវៀតណាមមិនទាន់មានការរាយការណ៍ពីចំនួនអ្នកស្លាប់ទេ។ យ៉ាងណាមិញ វត្តមាននៃព្យុះទីហ្វុង Noru បានបណ្តាលឱ្យមានទឹកជំនន់នៅខេត្ត Hue និងHoi An ការកាត់ផ្តាច់អគ្គិសនីប្រើប្រាស់ទ្រង់ទ្រាយធំនៅខេត្ត Quang Ngai និងQuang Nam ការដួលរលំដើមឈើ និងរហែកដំបូលផ្ទះជាច្រើន។ 
 
លើសពីនេះ ប្រជាជនចំនួន២០ម៉ឺននាក់ ត្រូវជម្លៀសខ្លួន ឯជើងហោះហើរ សាលារៀន និងកន្លែងធ្វើការនៅតាមខេត្តភាគកណ្តាលជាច្រើនត្រូវបានផ្អាក។ ផ្លូវជាតិមួយចំនួនពីតំបន់​ខ្ពង់រាប​កណ្តាល​ទៅ​តំបន់​ភាគ​កណ្តាល​វៀតណាមត្រូវបានបិទផងដែរ៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com