អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុមគាំទ្ររុស្ស៊ីនៅតំបន់អ៊ុយក្រែនចំនួន៤ ប្រកាសជោគជ័យក្នុងការធ្វើប្រជាមតិចូលរួមជាមួយរុស្ស៊ី
28, Sep 2022 , 2:59 pm        
រូបភាព
ស្រ្តីម្នាក់ទម្លាក់សន្លឹកឆ្នោតរបស់ខ្លួនក្នុងការប្រជាមតិនៅតំបន់គ្រប់គ្រងដោយអាជ្ញាធររណបរុស្ស៊ី។ រូបថត AFP
ស្រ្តីម្នាក់ទម្លាក់សន្លឹកឆ្នោតរបស់ខ្លួនក្នុងការប្រជាមតិនៅតំបន់គ្រប់គ្រងដោយអាជ្ញាធររណបរុស្ស៊ី។ រូបថត AFP
ដោយ:
លទ្ធផលនៃការធ្វើប្រជាមតិបញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ ចូលទឹកដីរុស្ស៊ី បង្ហាញថា អ្នកចូលរួមភាគច្រើនគាំទ្រការចូលរួមជាមួយរុស្ស៊ី។ ក្រុមមន្រ្តីរណបរុស្ស៊ីក្នុងតំបន់ បានប្រកាសជោគជ័យក្នុងការធ្វើប្រជាមតិដែលបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា។ ប៉ុន្តែផែនការលេបទឹកដីអ៊ុយក្រែនរបស់រុស្ស៊ីតាមរយៈវិធីនេះត្រូវបានក្រុងកៀវ ក៏ដូចជាសម្ព័ន្ធមិត្តថ្កោលទោសជារឿងខុសច្បាប់​ និងបោកបញ្ឆោត ស្របពេលអង្គការសហប្រជាជាតិបញ្ជាក់ជាថ្មីពីជំហរគាំទ្របូរណភាពទឹកដីអ៊ុយក្រែន។

 
តំបន់ Kherson, Zaporizhzhia, Donetsk និង Luhansk ដែលគ្រប់គ្រងដោយអាជ្ញាធរដែលចាត់តាំងដោយរុស្ស៊ី បានរៀបចំការធ្វើប្រជាមតិចាប់ពីថ្ងៃទី២១ ដល់ទី២៧ ខែកញ្ញា។ លទ្ធផលបង្ហាញថា ប្រជាជនភាគច្រើនគាំទ្រការបោះឆ្នោតចូលទឹកដីរុស្ស៊ី។ ការលេបទឹកដីអ៊ុយក្រែនតាមរយៈការធ្វើប្រជាមតិស្រដៀងទៅនឹងតំបន់គ្រីមេនេះនឹងហុចសិទ្ធិឱ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកតំបន់ទាំងនោះជាទឹកដីខ្លួនស្របច្បាប់ បើទោះជាមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិក៏ដោយ។
 
ជាមួយសន្លឹកឆ្នោតទាំងអស់ដែលត្រូវបានរាប់ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅសាធារណរដ្ឋប្រជាមានិត Luhansk ប្រកាសថាប្រហែល ៩៨,៤ ភាគរយនៃអ្នកចូលរូមបានបោះឆ្នោតចូលរុស្ស៊ី ខណៈប្រធានសាធារណរដ្ឋប្រជាមានិត Donetsk លោក Denis Pushilin  និយាយថា នៅតំបន់ខ្លួនមានសន្លឹកឆ្នោតគាំទ្រប្រមាណ ៩៩,២ ភាគរយ។ 
 
ចំណែក ក្នុងការធ្វើប្រជាមតិនៅតំបន់អ៊ុយក្រែនពីរទៀត អាជ្ញាធរតំបន់ Zaporizhzhia បញ្ជាក់ដោយផ្អែកលើលទ្ធផលជាបឋមថា សន្លឹកឆ្នោតគាំទ្រមានដល់ទៅ ៩៣,១ ភាគរយ។ បើនៅ Kherson វិញ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅតំបន់ប្រកាសថា អ្នកចូលរួមធ្វើប្រជាមតិជាង ៨៧ ភាគរយឯណោះបោះឆ្នោតគាំទ្រចូលជាទឹកដីរុស្ស៊ី។ 
 
តំបន់ផ្តាច់ខ្លួន Donetsk និង Luhansk ក៏ដូចជាតំបន់ Kherson និង Zaporizhzhia​ ដែលត្រូវបានរុស្ស៊ីដណ្តើមបានក្នុងប្រតិបត្តិសឹកស្មើប្រហែលនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងអស់។ ស្របពេលលទ្ធផលប្រជាមតិបង្ហាញការគាំទ្រយ៉ាងពេញទំហឹង លោកស្រី Valentina Matviyenko ប្រធានសភាជាន់ខ្ពស់រុស្ស៊ីនិយាយថា ក្រុងមូស្គូនឹងពិចារណាបញ្ចូលតំបន់ទាំងបួននេះជាទឹកដីរុស្ស៊ីនៅថ្ងៃទី៤ ខែតុលា។ 
 
ទាក់ទងរឿងនេះ លោក ពូទីន ថ្លែងតាមទូរទស្សន៍រដ្ឋនៅថ្ងៃទី២៧ ខែកញ្ញាថា ការធ្វើប្រជាមតិនៅតំបន់អ៊ុយក្រែនទាំង៤ខាងលើនេះគឺដើម្បីការពារជនភាគតិចរុស្ស៊ី និងប្រជាជននិយាយភាសារុស្ស៊ីពីការរើសអើងពីសំណាក់អាជ្ញាធរអ៊ុយក្រែនប៉ុណ្ណោះ។ ប៉ុន្តែរដ្ឋាភិបាលក្រុងកៀវបានច្រានចោលការចោទប្រកាន់នេះ។
 
នាទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ក៏បានបើកកិច្ចប្រជុំស្តីពីការធ្វើប្រជាមតិនេះដែរដែលចូលរួមដោយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី តាមប្រព័ន្ធវីដេអូ។ លោក ហ្សេលេនស្គី លើកឡើងថា ប្រជាជននៅតំបន់នោះ ត្រូវបានបង្ខំឱ្យធ្វើប្រជាមតិក្លែងក្លាយ ហើយថែមទាំងព្រមានទៀតថាការចរចាស្វែងរកសន្តិភាពជាមួយក្រុងមូស្គូនឹងគ្មានទៀតទេ។ រីឯ UN វិញ បញ្ជាក់ជាថ្មីពីជំហរគាំទ្របូរណភាពទឹកដីអ៊ុយក្រែន ដោយចាត់ទុកថានេះជាការបំពានដែនដីអ៊ុយក្រែនដូចដែលកើតមាននៅតំបន់គ្រីមៀ។ 
 
«អង្គការសហប្រជាជាតិនៅតែប្តេជ្ញាយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព ឯកភាព ឯករាជ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែនដែលស្ថិតក្នុងព្រំដែនទទួលស្គាល់ជាអន្តរជាតិ»។ អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយ និងកសាងសន្តិភាព លោកស្រី Rosemary DiCarlo លើកឡើងបែបនេះទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN។
 
បើទោះជាយ៉ាងនេះក្តី ក្រុមប្រឹក្សាសន្តិសុខនឹងមិនអាចសម្រេចលើដំណោះស្រាយណាមួយប្រឆាំងនឹងការធ្វើប្រជាមតិរបស់រុស្ស៊ីឡើយ ពីព្រោះរុស្ស៊ីនឹងប្រើអំណាចវេតូប្រឆាំងការអនុម័តទាំងឡាយ៕
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com