អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃបញ្ជាក់ថា លោក បៃឌិន នឹងអវត្តមានពីកិច្ចប្រជុំ APEC
28, Sep 2022 , 3:59 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ។ រូបថត AFP
កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ នឹងធ្វើឡើងនៅថៃ ថ្ងៃទី១៨-១៩ ខែវិច្ឆិកាខាងមុខ។ អ្នកនាំពាក្យក្រសួងការបរទេសថៃនៅថ្ងៃទី២៧ ខែកញ្ញាបានលើកឡើងថា មេដឹកនាំប្រទេសសមាជិកកិច្ចប្រជុំ APEC មួយចំនួនបានបញ្ជាក់រួចហើយថា នឹងចូលរួមកិច្ចប្រជុំ តែប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មិនបានមកចូលរួមឡើយ។ 


 
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងមិនបានចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឡើយ។ អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស នឹងចូលរួមជំនួសវិញ។ 
 
លើសពីនេះ លោក Tanee បន្ថែមថា មេដឹកនាំប្រទេសជាសមាជិកកិច្ចប្រជុំ APEC យ៉ាងហោចណាស់ ៥ប្រទេសបានជូនដំណឹងទៅឯកអគ្គរដ្ឋទូតថៃប្រចាំអង្គការសហប្រជាជាតិ (UN) រួចហើយ អំឡុងចូលរួមកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉កថា ពួកគេនឹងចូលរួមកិច្ចប្រជុំ APEC។ 
 
ក្នុងការរាយការណ៍កន្លងមក លោក បៃឌិន ត្រូវអវត្តមានព្រោះជាប់រវល់ការចៅស្រីរបស់លោក។​ ពិធីការលោកស្រី Naomi Biden នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា នៅឯសេតវិមាន។ លោកស្រី Naomi ជាកូនស្រីច្បងរបស់លោក Robert Hunter Biden ដែលជាកូនប្រុសទី២ របស់លោកបៃឌិន។
 
ជុំវិញអវត្តមានប្រធានាធិបតីអាម៉េរិក រដ្ឋមន្ត្រីការបរទេសថៃ Don Pramudwinai បានសង្កត់ធ្ងន់ថា វាមិនសំខាន់ត្រង់ថាអ្នកណាជាអ្នកតំណាងប្រទេសពេលចូលរួមកិច្ចប្រជុំឡើយ។ អ្វីដែលសំខាន់គួរយកចិត្តទុកដាក់គឺ ប្រទេសណាដែលនឹងចូលរួម ហើយប្រទេសណាដែលនឹងមិនចូលរួម។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
«វាពិតជាមិនសំខាន់ទេ ដោយសារអ្វីដែលអាចអនុម័តនៅក្នុងកិច្ចប្រជុំនឹងមានទំនាក់ទំនងជាមួយប្រទេសនានា មិនមែនចំពោះបុគ្គលដែលតំណាងឱ្យប្រទេសនោះទេ»។ លោក Don ប្រមុខការទូតថៃបានលើកឡើងបែបនេះ។ លោក Don ជឿជាក់ថា កិច្ចប្រជុំនាពេលខាងមុខនឹងអាចជួយពង្រឹងសេរីភាពពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងតំបន់ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមសមាជិក APEC និងជួយដល់សេដ្ឋកិច្ចក្រោយការរីករាលដាលជំងឺកូវីដ-១៩។ 
 
ទាក់ទងអវត្តមានមេដឹកនាំអាម៉េរិកក្នុងកិច្ចប្រជុំកំពូល APEC នេះ លោក Anusorn Iamsa-ard សមាជិកសភាមកពីបក្សប្រឆាំង Pheu Thai បានអំពាវនាវឱ្យរដ្ឋាភិបាលថៃគិតឱ្យបានហ្មត់ចត់អំពីមូលហេតុ ព្រោះលោកបៃឌិនបានសន្យាចូលរួមកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នៅឥណ្ឌូណេស៊ី ថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា៕ 
 
 

Tag:
 ថៃ
  អាម៉េរិក
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com