អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក គាំទ្រតៃវ៉ាន់ឱ្យចូលរួមក្នុងស្ថាប័នអាកាសចរណ៍ UN តែចិនប្រឆាំង
28, Sep 2022 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីដឹកជញ្ជូនអាម៉េរិក Pete Buttigiege។ រូបថត AFP
រដ្ឋមន្រ្តីដឹកជញ្ជូនអាម៉េរិក Pete Buttigiege។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីដឹកជញ្ជូនអាម៉េរិក Pete Buttigieg នៅថ្ងៃទី២៧ ខែកញ្ញាអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ (UN) ដទៃទៀតគាំទ្រការចូលរួមរបស់តៃវ៉ាន់ក្នុងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ។ ប៉ុន្តែអ្នកតំណាងរដ្ឋាភិបាលក្រុងប៉េកាំងនៅ ICAO ប្រឆាំងរឿងនេះដោយថា អាម៉េរិកបំពានធម្មនុញ្ញ UN។

 
កៅអីរបស់តៃវ៉ាន់នៅអង្គការសហប្រជាជាតិ (UN) ត្រូវបានជំនួសដោយចិនដីគោកតាំងពីឆ្នាំ១៩៧១ មកម្ល៉េះ ហើយចាប់តាំងពីនោះមករដ្ឋាភិបាលក្រុងតៃប៉ិត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងដាច់ខាតពីការចូលរួមកិច្ចប្រជុំណាមួយរបស់ UN។ ដោយមិនមែនជារដ្ឋសមាជិក UN តៃវ៉ាន់ក៏មិនអាចចូលរួមមហាសន្និបាតរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)ដែលរៀបចំរៀងរាល់៣ឆ្នាំម្តងបានដែរ។
 
យ៉ាងណាមិញ នៅដើមខែកញ្ញានេះ រដ្ឋមន្រ្តីដឹកជញ្ជូនតៃវ៉ាន់ លោក Wang Kwo-tsai សរសេរក្នុងអត្ថបទមួយដែលចេញផ្សាយដោយកាសែត The Diplomat ដោយអំពាវនាវឱ្យពិភពលោកគាំទ្រតៃវ៉ាន់ចូលរួមក្នុង ICAO។ ស្របគ្នានេះ រដ្ឋមន្រ្តីដឹកជញ្ជូនអាម៉េរិកលោក Pete Buttigieg ក៏បានបង្ហាញជំហរគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនចំពោះក្រុងតៃប៉ិ អំឡុងកិច្ចប្រជុំអង្គការអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី២៧ ខែកញ្ញា។
 
«យើងជឿថាគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗរបស់អាកាសចរណ៍ស៊ីវិលអន្តរជាតិ ពិសេសអ្នកដែលគ្រប់គ្រងដែនអាកាសសំខាន់ៗដូចជាតៃវ៉ាន់គួរតែមានឱកាសចូលរួមប្រកបដោយអត្ថន័យក្នុងកិច្ចការរបស់ ICAO»។ លោក Buttigieg ថ្លែងបែបនេះនៅឯសន្និបាតអង្គការអាកាសចរណ៍ UN ដែលរៀបចំឡើងនៅទីក្រុង Montreal ទឹកដីកាណាដា។ 
 
យ៉ាងណាមិញ ភ្លាមៗនៅឯកិច្ចប្រជុំ ICAO អ្នកតំណាងរដ្ឋាភិបាលក្រុងប៉េកាំងម្នាក់ឆ្លើយតបថា អាម៉េរិកប៉ុនប៉ងបង្កើតចិន២ដែលមួយជាចិនដីគោក និងមួយទៀតជាកោះតៃវ៉ាន់ ហើយនេះគឺផ្ទុយទៅនឹងធម្មនុញ្ញរបស់ UN ។ 
 
ទាក់ទងការអំពាវនាវរបស់រដ្ឋាភិបាលក្រុងតៃប៉ិវិញ លោក Wang Kwo-tsai បញ្ជាក់ថា តំបន់ព័ត៌មានស្តីពីជើងហោះហើរនៅក្រុងតៃប៉ិគឺជាផ្នែកមួយនៃបណ្តាញរបស់ ICAO ហើយរដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់តៃវ៉ាន់(CAA) គឺជាអង្គភាពតែមួយគត់ដែលត្រួតពិនិត្យ និងទទួលខុសត្រូវការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅទូទាំងតំបន់។ 
 
លើសពីនេះ រដ្ឋមន្រ្តីដឹកជញ្ជូនតៃវ៉ាន់ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ CAA ដែរដែលព្យាយាមរៀបចំផែនការ និងបញ្ចៀសគ្រោះថ្នាក់របស់យន្តហោះបរទេសជាច្រើនដែលហោះហើរកាត់តំបន់តៃប៉ិអំឡុងចិនធ្វើសមយុទ្ធកាលពីខែមុនដែលប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពផ្លូវអាកាសនៅតៃប៉ិ និងតំបន់ជិតខាង៕
 
 
 
 
 
 
 
 
 
 

Tag:
 អាម៉េរិក
  ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com