អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូងថា កូរ៉េខាងជើងអាចធ្វើតេស្តនុយក្លេអ៊ែរចន្លោះសមាជបក្សកុម្មុយនីស្តចិននិងការបោះឆ្នោតនៅអាម៉េរិក
28, Sep 2022 , 6:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
ក្រោយខកខានធ្វើតេស្តតាំងពីឆ្នាំ២០១៧ កូរ៉េខាងជើង អាចសាកល្បងនុយក្លេអ៊ែរជាថ្មីចាប់ពីពាក់កណ្ដាលខែតុលា ដល់ដើមខែវិច្ឆិកា។ សមាជិកសភាកូរ៉េខាងត្បូងប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី២៨ ខែកញ្ញា ក្រោយទទួលព័ត៌មានពីចារកម្មជាតិ។

 
កូរ៉េខាងជើង ត្រូវដឹងថា បានបញ្ចប់ការត្រៀមសម្រាប់សាកល្បងនុយក្លេអ៊ែរលើកទី៧ហើយ។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទនៅឡើយ។ ប៉ុន្តែចារកម្មកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែកញ្ញា បានផ្ដល់ពេលវេលាដែលទីក្រុងព្យុងយ៉ាងអាចសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។
 
បន្ទាប់ពីទទួលរបាយការណ៍សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) សមាជិកសភាកូរ៉ខាងត្បូងពីរនាក់ប្រាប់អ្នកកាសែតថា កូរ៉េខាងជើងបានបញ្ចប់ការរៀបចំធ្វើតេស្តនុយក្លេអ៊ែរនៅផ្លូវរូងក្រោមដី Punggye-ri រួចហើយ។ ការធ្វើតេស្តលើកទី៧នេះអាចនឹងធ្វើឡើងពីចន្លោះថ្ងៃទី១៦ ខែតុលា រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា។ 
 
ថ្ងៃទី១៦ ខែកញ្ញា គឺជាពេលសមាជបក្សកុម្មុយនីស្តចិនចាប់ផ្ដើម ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិកនឹងធ្វើនៅថ្ងៃទី៨ ខែវិច្ឆិកាតែម្ដង។ 
 
« NISលើកឡើងថា ពួកគេមិនអាចគណនាពីលទ្ធភាពនោះទេ ប៉ុន្តែប៉ាន់ស្មានថាកូរ៉េខាងជើងនឹងសម្រេចចិត្តយ៉ាងវាងវៃដោយផ្អែកលើទំនាក់ទំនងអន្តរជាតិ និងស្ថានភាពកូរីដ-១៩ក្នុងប្រទេស»។ សមាជិកសភាកូរ៉េខាងត្បូង លោក Youn Kun-young ប្រាប់បែបនេះទៅកាន់អ្នកកាសែត។
 
យ៉ាងណាមិញ ពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩របស់កូរ៉េខាងជើងវិញ សមាជិកសភាកូរ៉េខាងត្បូងម្នាក់ទៀត លោក Yoo Sang-bum និយាយថា បើតាមសេវាស៊ើបការណ៍សម្ងាត់ជាតិ ការប្រកាសជ័យជម្នះលើជំងឺកូវីដ-១៩កាលពីខែមុនគឺមិនអាចទុកចិត្តបានទេ ពីព្រោះក្រុងព្យុងយ៉ាងបិទខ្ទប់ប្រទេសជាញឹកញាប់។
 
កូរ៉េខាងជើង សាកល្បងនុយក្លេអ៊ែរលើកចុងក្រោយនៅឆ្នាំ២០១៧ ហើយផ្អាកសកម្មភាពចាប់ពីពេលនោះមក។​ ការសាកល្បងទាំង៦លើក សុទ្ធតែនៅ Pungye-ri ទាំងអស៕
 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com