អន្តរជាតិ
យោធា​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​ជាថ្មី​ទៅ​សមុទ្រ​ខាងកើត
28, Sep 2022 , 8:56 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចំនួន​ពីរ​គ្រាប់​ជាថ្មី នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា បន្ទាប់ពី​ទើបតែ​បាញ់​មី​ស៊ី​ល​ប្រភេទ​ដូចគ្នានេះដែរ នៅ​បី​ថ្ងៃមុន​។  នេះ​បើតាម​ការបញ្ជាក់​របស់​យោធា​កូរ៉េខាងត្បូង​។


​ក្នុង​ឆ្នាំ​២០២២ កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​ប្រភេទ​ទៅក្នុង​សមុទ្រ​ខាងកើត ខណៈ​មានការ​បារម្ភ​ជុំវិញ​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៧​។ ជាថ្មី​ម្តងទៀត កូរ៉េខាងជើង នៅ​ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​ជាថ្មី ចំនួន ២​គ្រាប់ ទៅក្នុង​សមុទ្រ​ខាងកើត​។ ការបាញ់​នេះ ធ្វើឡើង​មុន​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អាម៉េរិក លោកស្រី កា​ម៉ា​ឡា ហារី​ស នៅ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៩ ខែកញ្ញា​។ 

​តាម​ការបញ្ជាក់​របស់​នាយសេនាធិការ​ចម្រុះ​(JCS) កូរ៉េខាងត្បូង បាន​ចាប់​សញ្ញា​នៃ​ការបាញ់​មី​ស៊ី​លពីរ​គ្រាប់​នោះ នា​វេលា​ចន្លោះ ៦ និង​១០​នាទី ដល់​៦ និង​២០​នាទី​ល្ងាច ចេញពី​តំបន់ Sunan ក្រុង​ព្យុងយ៉ាង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 

​មុន​ការបាញ់​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ក្រុង​ព្យុងយ៉ាង ក៏​ទើបតែ​បាញ់​មី​ស៊ី​ល​ប្រភេទ​ដូចគ្នានេះ មួយ​គ្រាប់​ដែរ​ទៅក្នុង​សមុទ្រ​ខាងកើត នៅ​បី​ថ្ងៃមុន​។ 

​តាមរយៈ​សារ​ទៅកាន់​អ្នកសារព័ត៌មាន នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង បានចាត់ទុក​សកម្មភាព​របស់​កូរ៉េខាងជើង ជា​សកម្មភាព​បង្ករឿង និង​ធ្វើឱ្យ​ក្រុង​ព្យុងយ៉ាង​ឯកោ​ពី​សហគមន៍​អន្តរជាតិ រួមទាំង​បំពាន​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC)​។ 

​មិនតែប៉ុណ្ណោះ យោធា​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា ខ្លួន​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង រួមទាំង​តាមដាន​សកម្មភាព​បង្ករឿង ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន អាម៉េរិក​។ 

​ស្របគ្នា​នេះ រដ្ឋាភិបាល​ជប៉ុន ក៏​មិន​នៅ​ស្ងៀម​ដែរ ជុំវិញ​ការបាញ់​មី​ស៊ី​ល​ខាងលើ ដោយ​ខ្លួន​បានដាក់​ការតវ៉ា តាមរយៈ​ស្ថានទូត​ខ្លួន​នៅ​ចិន​។ អនុរដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក Toshiro Ino បានចាត់ទុក​សកម្មភាព​ក្រុង​ព្យុងយ៉ាង​ជាការ​គំរាមកំហែង​សន្តិភាព និង​សុវត្ថិភាព​ប្រទេស​ខ្លួន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com