អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រាយុទ្ធ ចាប់ផ្ដើមបំពេញការងារជានាយករដ្ឋមន្ត្រីវិញហើយ
04, Oct 2022 , 4:59 pm        
រូបភាព
ដោយ៖ ហ៊ួយ ស៊ីវលី

បន្ទាប់ពីចូលកាន់តំណែងវិញ លោក ប្រាយុទ្ធ ចន្ទអូចា ហាក់មមាញឹកក្នុងការងារជានាយករដ្ឋមន្រ្តី។ លោក ប្រាយុទ្ធ គ្រោងទៅទស្សនកិច្ចនៅខេត្តភាគឦសាន និងសួរសុខទុក្ខប្រជាជនដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរនាពេលថ្មីៗនេះ។

 
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចន្ទអូចា ត្រូវបានព្យួរតំណែងតាំងពីថ្ងៃទី២៤ ខែសីហាដើម្បីសម្រេចលើរយៈពេលអាណត្តិនាយករដ្ឋមន្រ្តីរបស់លោកតាមបណ្ដឹងក្រុមប្រឆាំង។ ប៉ុន្តែ តុលាការធម្មនុញ្ញថៃនៅថ្ងៃទី៣០​ ខែកញ្ញា បានបោះឆ្នោតដោយសំឡេងភាគច្រើនអនុញ្ញាតឱ្យលោកត្រឡប់មកកាន់តំណែងនាយករដ្ឋមន្រ្តីវិញ។ 
 
នៅថ្ងៃទី ៣ ខែតុលា លោក ប្រាយុទ្ធ ក៏ទៅធ្វើការជាធម្មតាវិញក្នុងនាមជានាយករដ្ឋមន្រ្តីថៃ ដោយដឹកនាំកិច្ចប្រជុំមួយតាមប្រព័ន្ធអនឡាញស្តីពីស្ថានភាពទឹកជំនន់ជាមួយអភិបាលខេត្តនៅក្រសួងមហាផ្ទៃ។ នៅក្នុងកិច្ចប្រជុំនេះ លោកបញ្ជាក់ថា​លោកគ្រោងនឹងទៅទស្សនកិច្ចនៅខេត្តភាគឦសាន និងសួរសុខទុក្ខប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរនាពេលថ្មីៗនេះ និងត្រួតពិនិត្យមើលក្រុមអ្នកជួយសង្គ្រោះទឹកជំនន់ និងដើម្បីផ្តល់ការគាំទ្រដល់ពួកគេ។ 
 
«អ្វីគ្រប់យ៉ាងគឺមានរួចរាល់ហើយនៅក្នុងគម្រោងជួយសង្គ្រោះទឹកជំនន់។ ខ្ញុំចង់សង្កត់ធ្ងន់ពីគម្រោងនេះ និងផ្តល់ការគាំទ្រទៅកាន់អភិបាលខេត្ត​ និងអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់។» លោក ប្រាយុទ្ធ បញ្ជាក់បែបនេះ។
 
បើតាមលោក ប្រាយុទ្ធ ទស្សនកិច្ចនេះ មិនមែនជាការបន្ថែមបន្ទុកដល់អ្នកដែលក្នុងប្រតិបត្តិការជួយសង្គ្រោះទេ ប៉ុន្តែវាចាំបាច់ចំពោះលោកក្នុងការត្រួតពិនិត្យ និងធានារចនាសម្ព័ន្ធនៃអាងស្តុកទឹក និងទំនប់ទឹក។ លោកបន្តថា នៅពេលនេះទីភ្នាក់ងារជាច្រើនកំពុងវិភាគ និងព្យាករណ៍អាកាសធាតុសម្រាប់សប្តាហ៍ខាងមុខ ហើយលោកក៏កំពុងតាមដានស្ថានភាពទឹកជំនន់ក្នុងទីក្រុងបាងកកផងដែរ។
 
លើសពីនេះ លោកក៏អះអាងថា ប្រជាជននៅកន្លែងជម្លៀសខ្លួននឹងត្រូវមានម្ហូបអាហារ និងទឹកបរិភោគគ្រប់គ្រាន់ក្នុងអំឡុងពេលទឹកជំនន់នេះ៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com