អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូស្រ្តាលី នឹងទុកផ្ទៃដីប្រទេសយ៉ាងតិច៣០ភាគរយសម្រាប់ការពារសត្វនិងរុក្ខជាតិជិតផុតពូជ
04, Oct 2022 , 8:29 pm        
រូបភាព
 រដ្ឋមន្ត្រីបរិស្ថានអូស្ត្រាលី លោក Tanya Plibersek នៅថ្ងៃទី៤ ខែតុលា បានលើកឡើងថា អូស្ត្រាលីនឹងកំណត់ផ្ទៃដីយ៉ាងហោចណាស់៣០ភាគរយនៃទំហំផ្ទៃប្រទេសរបស់ខ្លួនសម្រាប់ការអភិរក្សអម្បូររុក្ខជាតិ និងសត្វដែលជិតផុតពូជ និងពពួកអម្បូរពិសេសដែលមានតែនៅទ្វីបមួយនេះ។



អូស្ត្រាលី ជាប្រទេសមួយដែលបាត់បង់ប្រភេទសត្វថនិកសត្វច្រើនជាងទ្វីបដទៃទៀត ជាមួយអត្រាបាត់បង់ក៏លឿនគួរឱ្យកត់សម្គាល់ក្នុងចំណោមប្រទេសអ្នកមានបំផុតរបស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍បរិស្ថានប្រាំឆ្នាំ ដែលចេញផ្សាយដោយរដ្ឋាភិបាលអូស្ត្រាលី កាលពីខែកក្កដា។ របាយការណ៍នោះបានបង្ហាញពីចំនួនប្រភេទសត្វដែលត្រូវបានបន្ថែមទៅក្នុងបញ្ជីសត្វរងការគំរាម ឬក្នុងប្រភេទប្រឈមហានិភ័យខ្ពស់នៃការបាត់បង់។ 
 
ដោយឡែក ចំនួនប្រភេទសត្វរងការគំរាមកំហែងបានកើនឡើងជាមធ្យម ៨ភាគរយ ធៀបនឹងរបាយការណ៍មុនក្នុងឆ្នាំ ២០១៦។ ដើម្បីដោះស្រាយបញ្ហានេះ អូស្ត្រាលី នឹងទុកដីរបស់ខ្លួនប្រមាណ៣០ភាគរយដើម្បីធានាការការពារ។
 
«តម្រូវការសម្រាប់ធ្វើសកម្មភាពការពាររុក្ខជាតិ សត្វ និងប្រព័ន្ធអេកូឡូស៊ីរបស់យើងពីការផុតពូជ មិនដែលធ្វើបានប្រសើរឡើងទេ»។ លោក Tanya Plibersek រដ្ឋមន្ត្រីបរិស្ថានអូស្ត្រាលី និយាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៤ ខែតុលា។ 
 
បើតាមលោក Plibersek តំបន់អភិរក្សនឹងត្រូវបង្កើនឡើង៥០លានហិកតាបន្ថែមសម្រាប់ការពារសត្វ ១១០ប្រភេទ និងតំបន់ធម្មជាតិ២០កន្លែងដែលរងការគំរាមកំហែងជាងគេ។ រដ្ឋាភិបាលអូស្ត្រាលីបានសន្យាផ្តល់លុយ១៤៦លានដុល្លារដើម្បីជួយការពាររុក្ខជាតិ និងសត្វដែលរងការគំរាមផងដែរ។
 
អូស្ត្រាលី ដែលជាប្រទេសមានផ្ទៃដីធំជាងគេលំដាប់ទីប្រាំមួយក្នុងពិភពលោក ជាជម្រករបស់សត្វប្លែកៗជាច្រើនដូចជា koalas និង platypus។ ប៉ុន្តែពពួកសត្វទាំងនោះបានថយចុះយ៉ាងរហ័សដោយសារតែអាកាសធាតុក្ដៅខ្លាំង និងការទន្ទ្រានរបស់មនុស្សចូលទៅក្នុងទីជម្រករបស់ពួកវា។
 
ពពួកសត្វ Koalas ត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជកាលពីខែកុម្ភៈ បន្ទាប់ពីអ្នកជំនាញធម្មជាតិបានប៉ាន់ប្រមាណថាអូស្ត្រាលីបានបាត់បង់កូនសត្វនេះប្រហែល៣០ភាគរយក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។ នាពេលថ្មីៗនេះ អូស្ត្រាលីបានរងការវាយលុកដោយព្រឹត្តិការណ៍រលកកម្ដៅជាញឹកញាប់ រួមទាំងភ្លើងឆេះព្រៃទៀតដែលបានសម្លាប់មនុស្សរាប់សិបនាក់ សត្វរាប់ពាន់លានក្បាល និងបានដុតបំផ្លាញផ្ទៃដីជិតពាក់កណ្តាលនៃទំហំអាល្លឺម៉ង់។
 
ជុំវិញវិធានការបន្ថែមអភិរក្សសត្វព្រៃ និងរុក្ខជាតិ មូលនិធិសត្វព្រៃពិភពលោក (WWF) បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអូស្ត្រាលីនេះយ៉ាងខ្លាំង ហើយបានជំរុញអាជ្ញាធរប្រទេសនេះឱ្យបន្តវិនិយោគលើផែនការស្តារអប្បូរសត្វ និងរុក្ខជាតិដែលរងការគំរាមកំហែងឡើងវិញដែរ៕  
 
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com