អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កោះសូឡូម៉ុនថា ខ្លួននឹងមិនផ្អៀងផ្អងរកអាម៉េរិកឬចិនឡើយ
04, Oct 2022 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកោះសូឡូម៉ុន Jeremiah Manele ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសកោះសូឡូម៉ុន Jeremiah Manele ។ រូបថត AFP
ដោយ:
 
រដ្ឋមន្រ្តីការបរទេសកោះសូឡូម៉ុនលោក Jeremiah Manele នៅថ្ងៃទី៤ ខែតុលា បញ្ជាក់ថា ប្រទេសលោក នឹងមិនផ្អៀងផ្អងទៅរកអាម៉េរិក ឬចិនឡើយ ខណៈមហាអំណាចទាំងពីរត្រូវបានស្វាគមន៍ដូចគ្នានៅតំបន់ប៉ាស៊ីហ្វិក។ បើតាមលោក Manele ដើម្បីគេចពីការប្រឈមមុខដាក់គ្នារវាងមហាអំណាចនៅតំបន់ កោះសូឡូម៉ុនបានជំទាស់អាម៉េរិកក្នុងកិច្ចប្រជុំមួយដែលសំដៅដោយប្រយោលលើចិន។

 
ក្រោយបញ្ចប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំអាម៉េរិក-កោះប៉ាស៊ីហ្វិកទាំង១៤រួមមានកោះសូឡូម៉ុនដែរកាលពីសប្តាហ៍មុន សេចក្តីប្រកាសរួមមួយក៏បានចេញរូបរាងឡើងដែលផ្តោតសំខាន់លើភាពជាដៃគូកោះប៉ាស៊ីហ្វិក-អាម៉េរិក។ ប៉ុន្តែ ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរាយការណ៍ថាកោះសូឡូម៉ុនប្រឆាំងនឹងសេចក្តីប្រកាសរួមនេះទេ។ 
 
ទាក់ទងរឿងនេះ អំឡុងសន្និសីទសារព័ត៌មាននៅនូវែលសេឡង់ថ្ងៃទី៤ ខែតុលា រដ្ឋមន្រ្តីការបរទេសកោះសូឡូម៉ុន លោក Jeremiah Manele ត្រូវបានអ្នកកាសែតចោទសួរពីជំហររបស់កោះប៉ាស៊ីហ្វិកមួយនេះចំពោះមហាអំណាចអាម៉េរិក និងចិន។ លោក Manele បកស្រាយថា តាមពិតទៅកោះសូឡូម៉ុនជំទាស់នឹងសេចក្តីព្រាងដំបូង ដោយសារតែមិនពេញចិត្តនឹងអ្វីដែលបានសំដៅលើចិនដោយប្រយោលក្នុងសេចក្តីប្រកាសនោះ។ 
 
«ទាំងនេះ(សេចក្តីព្រាងដំបូង)ដាក់យើងក្នុងស្ថានភាពមួយដែលយើងត្រូវជ្រើសរើសភាគីណាមួយ ហើយយើងមិនចង់ស្ថិតក្នុងជំហរដែលត្រូវធ្វើបែបនេះឡើយ»។ ប្រមុខការទូតសូឡូម៉ុនថ្លែងបែបនេះ ហើយបញ្ជាក់ថា បន្ទាប់មកអាម៉េរិក និងកោះប៉ាស៊ីហ្វិកទាំង១៤ក៏ព្រមព្រៀងលើផលប្រយោជន៍រួមដែលអនុញ្ញាតឱ្យកោះសូឡូម៉ុនចុះហត្ថលេខាលើសេចក្តីប្រកាសចុងក្រោយវិញដែរ។
 
បើតាមលោក Manele ទាំងចិន និងអាម៉េរិកត្រូវបានស្វាគមន៍នៅកោះប៉ាស៊ីហ្វិក។ លោកសង្កត់ធ្ងន់ថា ឥណ្ឌូប៉ាស៊ីហ្វិកមិនគួរក្លាយជាតំបន់ដែលប្រឈមមុខដាក់គ្នា ឬតំបន់ជម្លោះ ឬសង្រ្គាមនោះទេ។
 
សូមបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរវាងកោះសូឡូម៉ុន និងចិនកាលពីខែមេសាបង្កឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តព្រួយបារម្ភជាខ្លាំងជុំវិញវត្តមានយោធាចិននៅលើកោះប៉ាស៊ីហ្វិក បើទោះជាត្រូវបានបដិសេធដោយរដ្ឋាភិបាលកោះសូឡូម៉ុនបញ្ជាក់ម្តងហើយម្តងទៀតក៏ដោយ។ 
 
ស្របពេល ចិនដើរមួយជំហានមុនបែបនេះ អាម៉េរិកដែលមិនសូវអើពើតំបន់ប៉ាស៊ីហ្វិកជាច្រើនឆ្នាំបានវិលមកពង្រឹងចំណងការទូតឡើងវិញតាមរយៈការរៀបចំកិច្ចប្រជុំកំពូលអាម៉េរិក-មេដឹកនាំប៉ាស៊ីហ្វិកលើកដំបូង ក៏ដូចជាប្រកាសជំនួយប្រមាណ ៨១០ លានដុល្លារដល់បណ្តាកោះប៉ាស៊ីហ្វិកកាលពីសប្តាហ៍មុនផងដែរ៕
 
 
 
 
 
 
 
 

Tag:
 កោះសូឡូម៉ុន
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com