ការប្រកួតពានរង្វាន់ UEFA Champions League វគ្គចែកពូលជុំទី៣ ជើងទីមួយបានវិលត្រលប់មកវិញ ថ្ងៃទី៤ ខែតុលានេះ។ ជំនួបពូល A ក្រុម Liverpool ទទួល Rangers ជាការប៉ះគ្នារវាងក្រុមចក្រភពអង់គ្លេសលើកដំបូង ក្នុងប្រវត្តិសាស្រ្តក្របខណ្ឌអឺរ៉ុប។ Inter Milan នឹងស្វាគមន៍ក្រុម Barcelona ក្នុងពូល C ខណៈពូល D ក្រុម Eintracht Frankfurt ទទួល Tottenham Hotspur។
ជំនួបរវាង Liverpool និង Rangers នឹងក្លាយជាការជួបគ្នាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃការប្រកួតពានរង្វាន់ Champions League។ Liverpool ធ្លាប់លេងទល់ក្រុមមកពីស្កុតឡែនចុងក្រោយបង្អស់ ក្នុងឆ្នាំ ១៩៨០-៨១ ។ ចំណែក Rangers វិញ ធ្លាប់ធ្វើដំណើរមកប្រកួតប៉ះក្រុមនៅអង់គ្លេស ៧ លើករួចមកហើយ ដោយកាលនោះរកជ័យជម្នះតែ ១លើកប៉ុណ្ណោះពីការប្រកួតទាំងនោះ។
ទឹកដី Anfield ជាទីកន្លែងប្រកួតរវាងក្រុមទាំងពីរនារាត្រីថ្ងៃទី២ វេលាម៉ោង ២យប់រំលងអាធ្រាត្រ។ Liverpool ដឹកនាំដោយលោក Jurgen Klopp ១៥ប្រកួតក្នុងទឹកដីនៃការប្រកួត UCL រកបានជ័យជម្នះ ១៣លើករួចមកហើយវគ្គសន្សំពិន្ទុនេះ និង២ប្រកួតផ្សេងទៀតស្មើ១លើក ចាញ់១លើក។
នេះជាការប្រកួតដ៏លំបាកមួយសម្រាប់ Rangers ខណៈរដូវកាលនេះពួកគេធ្វើមិនបានល្អឡើយក្នុង UCL ហើយស្ថិតនៅបាតតារាងមិនទាន់រកបានពិន្ទុនៅឡើយ។ ជំនួបពូល A មួយគូទៀត Ajax Amsterdam ត្រូវទទួល SSC Napoli ក្រុមខ្លាំងកំពុងឈរកំពូលតារាង។
ក្រឡែកទៅកាន់ជំនួបពូល C វិញ Inter Milan ត្រូវទទួល Barcelona ជាការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយនាកីឡដ្ឋាន San Siro ទឹកដីអ៊ីតាលីវេលាម៉ោង ២យប់នេះ។ ប៉ះ Barca ១៤លើក Inter យកឈ្នះបានត្រឹមតែ ២លើកប៉ុណ្ណោះក្នុងជំនួបពានរង្វាន់អឺរ៉ុប ហើយលទ្ធផលផ្សេងទៀតគឺស្មើ ៤លើក និងចាញ់ Barca ចំនួន ៨លើក ប៉ុន្តែក្នុងទឹកដីរបស់ Inter ក្រុម Barca យកឈ្នះតែពីលើកតែប៉ុណ្ណោះ ដោយកាលនោះក្នុងឆ្នាំ ១៩៥៩ ពាន Fairs Cup និងក្នុងឆ្នាំ ២០១៩ UCL។
សម្រាប់ ៦ប្រកួតក្នុងពានរង្វាន់ UCL ចុងក្រោយដែល Inter ជួប Barca គឺគ្មានលទ្ធផលឈ្នះម្តងឡើយ។ ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗដូចជា Barca និង Bayern Munich ក៏ដូចជាក្រុម Viktoria Plzen ក្រុមខ្លាំងមកពីអ៊ីតាលីមួយនេះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៣ ឈរពីក្រុម Barca ខណៈខ្លួនត្រូវប្រជែងពិន្ទុក្នុងពូល C នេះ ដោយភាពតានតឹងបំផុត។ ចំណែករាត្រីនេះទៀតសោត Bayern Munich ក៏ត្រូវស្វាគមន៍ក្រុមភ្ញៀវ Viktoria Plzen ដែលនាវេលាម៉ោង ១១:៤៥ យប់។
រីឯជំនួបពូល D ក្រុមម្ចាស់ជើងឯក Europa League រដូវកាល ២០២១-២២ Eintracht Frankfurt នឹងត្រូវទទួល Spurs ដើម្បីប្រជែងយក៣ពិន្ទុដ៏សំខាន់នាការប្រកួតទីបីក្នុងពូលនេះ។ ការប្រកួតរវាងក្រុមទាំងសងខាងរាត្រីនេះ ជាការប៉ះគ្នាលើកដំបូងផងដែរ ចាប់តាំងពីឆ្នាំ ១៩៨២ មក ដោយធ្លាប់ជួបគ្នា ២លើកឆ្នាំ ១៩៨២ ក្រុមទាំងពីររកបានជ័យជម្នះម្នាក់១លើក។
អ្វីដែលពិសេសបំផុតនោះគឹកំណត់ត្រា Spurs ប្រកួតទល់ក្រុមអាល្លឺម៉ង់ ៤លើកចុងក្រោយក្នុងពានរង្វាន់ Champions League គឺមិនដែលស្គាល់ការឈ្នះម្តងឡើយ ដោយប៉ះ Bayern Munich ពីរលើកចាញ់ក្នុងលទ្ធផល ៧-២ និង ១-៣ និង RB Leipzig ពីរលើកចាញ់លទ្ធផល ១-០ និង ៣-០។
ចំណែក Frankfurt វិញនេះការប្រកួតក្នុងពានរង្វាន់អឺរ៉ុបរបស់គេលើកទី ១៤ហើយ ដោយពួកគេធ្លាប់ប៉ះក្រុមមកពីអង់គ្លេស ៣លើក ដោយយកឈ្នះទាំង៣លើក ក្នុងនោះមានក្រុម Arsenal និងជួប West Ham United ២លើក។ តើ Spurs អាចយកឈ្នះលើក្រុមមកពីអាល្លឺម៉ង់ស្រង់មុខមាត់បានវិញដែរ ឬទេ?
ជំនូបពូល D ១គូផ្សេងទៀត ក្រុមខ្លាំងរបស់បារាំង Olympique Marseille ត្រូវទទួល Sporting CP មកពី ព័រទុយហ្គាល់ វេលាម៉ោង ១១:៤៥យប់។
ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀតនារាត្រីថ្ងៃទី៤ ខែតុលានេះ វេលាម៉ោង ២យប់៖
Club Brugge ស្វាគមន៍ Atletico Madrid និង FC Porto ទទួល Bayer Leverkusen ជំនួបពូល B៕