កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយក្រែន អេស្ប៉ាញ និងព័រទុយហ្គាល់ រួមគ្នា ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣០
04, Oct 2022 , 10:29 pm        
រូបភាព
ប្រទេសអ៊ុយក្រែននឹងចូលរួមសហការជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2030។ នេះបើតាមការផ្សាយរបស់កាសែត The Times ថ្ងៃទី៣ ខែតុលា។



បើតាមកាសែត The Times ដដែល អ៊ុយក្រែនអាចធ្វើជាម្ចាស់ផ្ទះ World Cup ដែលទំនងជាទទួលបានការអនុញ្ញាតពីសំណាក់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី​ និង ប្រទេសព័រទុយហ្គាល់។
 
របាយការណ៍កាសែត The Times បានបន្ថែមថា ការប្រកាសនៃការចូលរួមជាសហសមាជិកក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup អាចត្រូវបានប្រកាសដោយភាគីប្រធានបាល់ទាត់អេស្ប៉ាញ និងព័រទុយហ្គាល់ អំឡុងពេលសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)ថ្ងៃទី៥ ខែតុលា។
 
ក្រៅពីបំណងនៃការដេញថ្លៃរៀបចំព្រឹត្តិការណ៍ World Cup 2030 ពីសំណាក់អេស្ប៉ាញ និងព័រទុយហ្គាល់ មកដល់ពេលបច្ចុប្បន្ននេះមាន ប្រទេសដែលចូលរួមដេញថ្លៃមកពី ២តំបន់ផ្សេងទៀត កំពុងតែប្រជែងលើការដេញថ្លៃនេះ ក្នុងនោះរួមមាន ការធ្វើជាសហម្ចាស់ផ្ទះពីសំណាក់ប្រទេសទ្វីបអាម៉េរិកខាងត្បូង មាន អ៊ុយរូហ្គាយ អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងស៊ីលី ខណៈ គ្រិក អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត ក៏រួមសហការគ្នាធ្វើជាសហម្ចាស់ផ្ទះ។
 
សូមជម្រាបថា ការប្រកួត World Cup 2022 នៅប្រទេសកាតា នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ។ ចំណែកការប្រកួត World Cup 2026 ប្រទេសអាម៉េរិក កាណាដា និង ម៉ិកស៊ិកធ្វើជាសហម្ចាស់ផ្ទះរួមគ្នារៀបចំ៕
 
 

Tag:
 World Cup 2030
© រក្សាសិទ្ធិដោយ thmeythmey.com