អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្រ្តីមន្ទីរបញ្ចកោណ៖ អ៊ុយក្រែនជិតសម្រេចបានគោលដៅក្នុងសមរភូមិហើយ
04, Oct 2022 , 11:29 pm        
រូបភាព
ដោយ:
មន្រ្តីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ លោកស្រី Celeste Wallander លើកឡើងនៅថ្ងៃទី៣ ខែតុលាថា អ៊ុយក្រែនហាក់ដូចជាកំពុងឈានដល់ការសម្រេចគោលដៅក្នុងសមរភូមិសំខាន់ៗមួយចំនួនហើយ ខណៈក្រុងកៀវទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការរំដោះទឹកដីពីយោធារុស្ស៊ី។

 
មួយរយៈចុងក្រោយនេះតាំងពីយុទ្ធនាការផ្លេកបន្ទោរវាយបកនៅតំបន់ Kharkiv មក កងទ័ពអ៊ុយក្រែននៅថ្ងៃទី៣ ខែតុលាទទួលបានជ័យជម្នះដ៏ធំមួយដោយដណ្តើមបានភូមិជាច្រើននៅតំបន់ Kherson ។ តំបន់ Kherson នេះជាជ័យជម្នះបន្ទាប់ពីរំដោះបានក្រុង Lyman នៃតំបន់ដូណេត្សដែលជាដែនដី២ក្នុងចំណោមដែនដីទាំង៤ដែលត្រូវបានរុស្ស៊ីបញ្ចូលជាទឹកដីខ្លួនកាលពីសប្តាហ៍មុន។ 
 
ស្របពេលយោធាអ៊ុយក្រែនជោគជ័យជាបន្តបន្ទាប់ក្នុងការរំដោះដែនដីពីដៃយោធារុស្ស៊ីនៅប៉ែកខាងកើត និងប៉ែកខាងត្បូងអ៊ុយក្រែនបែបនេះ ក៏ដូចជាក្តោបបានមជ្ឈមណ្ឌលមួយចំនួនដែលរុស្ស៊ីប្រើដើម្បីផ្គត់ផ្គង់ប្រតិបតិការសឹក ឧបការីរដ្ឋមន្រ្តីការពារជាតិទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិ លោកស្រី Celeste Wallander លើកឡើងនៅថ្ងៃទី៣ ខែតុលាថា អ៊ុយក្រែនហាក់ដូចជាជិតសម្រេចបានគោលដៅក្នុងសមរភូមិហើយ។
 
«អ៊ុយក្រែនទំនងជាកំពុងវិវឌ្ឍទៅរកការសម្រេចបានគោលដៅទាំងបីក្នុងពេលនេះហើយ»។ លោកស្រី Celeste Wallander ថ្លែងបែបនេះទៅកាន់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តអន្តរជាតិ។ 
 
លោកស្រី Wallander បន្ថែមថា គោលដៅរបស់អ៊ុយក្រែនគឺរុញរុស្ស៊ីចេញពីប៉ែកខាងលិចនៃទន្លេ Dnipro ក្នុងតំបន់ Kherson ហើយជោគជ័យរបស់អ៊ុយក្រែនលើកនេះគឺជាការបរាជ័យដ៏ធំសម្រាប់រុស្ស៊ី។ នេះពីព្រោះតែវានឹងកាន់តែធ្វើឱ្យរុស្ស៊ីពិបាកសម្រេចមហិច្ឆតាក្នុងការដណ្តើមយកទីក្រុងកំពង់ផែ Odessa ហើយក៏ផ្តល់ឱ្យអ៊ុយក្រែននូវទីតាំងការពារប្រសើរជាងមុនផងដែរ៕
 
 
 
 
 
 
 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com