អន្តរជាតិ
សភាជាន់ខ្ពស់រុស្ស៊ី ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទទួលដែនដីអ៊ុយក្រែនចំនួន៤
05, Oct 2022 , 10:29 am        
រូបភាព
ព្រឹទ្ធសភារុស្ស៊ី ឬក្រុមប្រឹក្សាសហព័ន្ធ (Federation Council) នៅថ្ងៃទី៤ ខែតុលា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទទួលយកដែនដីចំនួន៤ របស់អ៊ុយក្រែន ជារបស់រុស្ស៊ី នៅមួយថ្ងៃបន្ទាប់ពីសភាជាន់ទាបផ្តល់សច្ចាប័ន។

 
ក្រោយលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ប្រកាសដាក់បញ្ចូលដែនដីរបស់អ៊ុយក្រែនជារបស់រុស្ស៊ី នៅវិមានក្រេមឡាំង ព្រឹទ្ធសភារុស្ស៊ី ឬក្រុមប្រឹក្សាសហព័ន្ធ (Federation Council) បានផ្តល់សច្ចាប័នជាឯកច្ឆន្ទ។ ការផ្តល់សច្ចាប័ននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយសភាជាន់ទាប ឬសភាឌូម៉ាអនុម័ត។
 
នៅនីតិវិធីបន្ទាប់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើ ដើម្បីចូលជាធរមាន។ កន្លងមក លោកពូទីន បានប្រកាសបញ្ជូនដែនដីទាំង ៤ ដែលមានប្រមាណ ១៥ភាគរយនៃដែនដីអ៊ុយក្រែន នៅវិមានក្រេមឡាំងរួចហើយ។ តំបន់ទាំង៤ មានដូចជា តំបន់ Donetsk តំបន់ Luhansk តំបន់ Zaporizhzhia និងតំបន់ Kherson។
 
ក្នុងថ្ងៃដដែលនេះ ក្រសួងការបរទេសរុស្ស៊ី បានដាក់កំហិតទៅប្រជាជនអ៊ុយក្រែន ដែលភៀសខ្លួនចេញពីតំបន់ទាំង ៤ មានរយៈពេលមួយខែ ក្នុងការទទួល ឬបដិសេធសញ្ជាតិរុស្ស៊ី។ ទាក់ទិននឹងលក្ខខណ្ឌបែបនេះ រុស្ស៊ីក៏ធ្លាប់អនុវត្តនៅដែនដីគ្រីមេដែរ និងមានរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៤។ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Yevgeny Ivanov បានអះអាងថា នីតិវិធីលើលិខិតឆ្លងដែនថ្មី ដែលត្រូវអនុវត្តនៅតំបន់ទាំង ៤ គឺយកគំរូតាមលិខិតឆ្លងដែននៅតំបន់គ្រីមេ។ 
 
សូមបញ្ជាក់ថា លទ្ធផលធ្វើប្រជាមតិនៅតំបន់ទាំង ៤ នាសប្តាហ៍មុន បានបង្ហាញថា អ្នកបោះឆ្នោតច្រើនជាង ៩០ភាគរយ បានយល់ព្រមចូលរួមជាមួយរុស្ស៊ី ខណៈអ៊ុយក្រែ​ន និងប្រទេសលោកខាងលិច ចាត់ទុកជារឿងមិនស្របច្បាប់អន្តរជាតិ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com