កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖​ Barcelona បន្តចាញ់ Inter Milan ស្របពេល Napoli លត់ Ajax ៦-១
05, Oct 2022 , 10:50 am        
រូបភាព
Barcelona ចាញ់ Inter Milan ១-០ ជាបរាជ័យជាលើកទី២ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល C ពានរង្វាន់ UEFA Champions League នៅរាត្រីថ្ងៃទី៤ ខែតុលា។ Bayern Munich បន្តឈ្នះទាំង៣ប្រកួត ស្របពេល Napoli លត់ Ajax ៦-១។



បរាជ័យជាលើកទី២ ក្នុងចំណោម៣ប្រកួត បានធ្វើឱ្យ Barcelona ប្រឈមធ្លាក់ពីលីគកំពូលអឺរ៉ុបត្រឹមវគ្គចែកពូលជាថ្មីទៀត។ ក្រុមយក្សអេស្ប៉ាញដែលធ្លាក់ត្រឹមវគ្គចែកពូលនៅរដូវកាលមុន បានបន្តចាញ់ Inter Milan ក្នុងសន្សំពិន្ទុពូល C រដូវកាលនេះ។
 
ខ្សែបម្រើ Hakan Calhanoglu ជាអ្នកសម្រេចទីជ័យជម្នះឱ្យ Inter Milan ដើម្បីទទួលបាន៣ពិន្ទុបន្ថែម និងឈរនៅចំណាត់ថ្នាក់ទី២ក្នុងតារាងពូល C មាន៦ពិន្ទុ។ Barcelona រកបានតែ៣ពិន្ទុ ក្រោយប្រកួតឈ្នះ១ និងចាញ់២ ស្ថិតនៅលេខរៀងទី៣។ 
 
Bayern Munich ដែលតែបន្តបង្ហាញភាពខ្លាំងរបស់ខ្លួន ក្រោយឈ្នះ Viktoria Plzen ដោយលទ្ធផល ៥-០។ ក្រុមយក្សអាល្លឺម៉ង់ រកបាន៩ពិន្ទុពេញ និងឈរកំពូលតារាងពូល C។
ដោយឡែកនៅពូល A វិញ Napoli ក៏មិនធម្មតាដែរ ដោយរកបានជ័យជម្នះ៣លើកជាប់គ្នា។ ក្រុមអ៊ីតាលីមួយនេះបានយកឈ្នះ Ajax ដល់ទៅ ៦-១ ក្នុងជំនួបសន្សំពិន្ទុលើកទី៣របស់ពួកគេ ដើម្បីទទួលបាន៩ពិន្ទុ ឈរកំពូលតារាងពូល A។ Liverpool ដែលរកបានជ័យជម្នះលើកទី២ ក្រោយឈ្នះ Rangers ២-០ ស្ថិតនៅចំណាត់ថ្នាក់ទី២មាន៦ពិន្ទុ តាមពីក្រោយដោយ Ajax មាន៣ពិន្ទុ និង Rangers នៅបាតតារាងគ្មានពិន្ទុរាប់។
 
អ្វីដែលគួរភ្ញាក់ផ្អើល ក្រុមបែលហ្ស៊ិក Club Brugge បានយកឈ្នះ AT-Madrid ២-០ នៅជំនួបលើកទី៣ពូល B បន្ទាប់ពីពួកគេឈ្នះ២ប្រកួតដំបូងរួចមកហើយ។ Club Brugge មាន៩ពិន្ទុពេញ ឈរកំពូលតារាងពូល B តាមពីក្រោយដោយ FC Porto មាន៣ពិន្ទុ ក្រោយឈ្នះ Bayer Leverkusen ២-០។ Bayer Leverkusen ឈរលេខ៣មាន៣ពិន្ទុ ខណៈ AT-Madrid មាន៣ពិន្ទុដូចគ្នា។
 
សម្រាប់លទ្ធផលការប្រកួតពូល D ក្រុម Marseille ឈ្នះ Sporting CP ៤-១ ខណៈ Eintracht Frankfurt ស្មើ Tottenham Hotspur ០-០។ Sporting ឈរលេខ១ក្នុងពូល មាន៦ពិន្ទុ តាមពីក្រោយដោយ Spurs ដែលមាន៤ពិន្ទុ ស្មើលេខ៣ Eintracht Frankfurt ឯ Marseille នៅបាតតារាងមាន៣ពិន្ទុ៕
 
 
 
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com