អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន និងរុស្សីជំទាស់អាម៉េរិកជុំវិញកិច្ចប្រជុំUN ពិភាក្សាលើប្រធានបទកូរ៉េខាងជើង
05, Oct 2022 , 11:29 am        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបថត Xinhua
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបថត Xinhua
ដោយ៖ ហ៊ួយ ស៊ីវលី 
 
អាម៉េរិក ស្នើក្រុមប្រឹក្សាសន្តិសុខUNឱ្យមានការប្រជុំពិភាក្សាជាសាធារណៈលើប្រធានបទកូរ៉េខាងជើងនៅថ្ងៃទី៥ ខែសីហា ក្រោយទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមមួយគ្រាប់ហោះរំលងជប៉ុន។ ប៉ុន្តែចិន និងរុស្សីប្រឆាំងនឹងការពិភាក្សាជាសាធារណៈដែលមានវត្តមានសមាជិកក្នុងក្រុមប្រឹក្សាសន្តិសុខUNទាំង១៥ប្រទេស។

 
ទោះបីការហាមឃាត់ក្នុងការធ្វើតេស្តនុយក្លេអ៊ែរ និងបាញ់មីស៊ីលបាលីស្ទីក រួមទាំងទណ្ឌកម្មក្ដី កូរ៉េខាងជើងមិនញញើតនឹងបាញ់សាកល្បងមីស៊ីលបាលីស្ទីកម្តងហើយម្តងទៀតដែរ។ កូរ៉េខាងជើងនៅថ្ងៃទី៤ ខែតុលា បាញ់មីស៊ីលបាលីស្ទីកមួយគ្រាប់សំដៅមហាសមុទ្រប៉ាស៊ីហ្វិក និងជាលើកដំបូងដែលមីស៊ីលកូរ៉េខាងជើងនេះហោះពីលើជប៉ុនតាំងពីឆ្នាំ២០១៧ មក។ 
 
សកម្មភាពបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ ធ្វើឱ្យអន្តរជាតិ រួមទាំងអាម៉េរិកប្រឆាំងយ៉ាងខ្លាំង។ អាម៉េរិកថ្កោលទោសកូរ៉េខាងជើងចំពោះការសម្រេចចិត្តដ៏គ្រោះថ្នាក់មួយនេះ។​ លើសពីនេះ អាម៉េរិកស្នើឱ្យមានការពិភាក្សាគ្នាលើប្រធានបទការបាញ់មីស៊ីលកូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUN។ 
 
«ពួកយើងត្រូវតែកំណត់សមត្ថភាពរបស់កូរ៉េខាងជើងក្នុងការពន្លឿនការរីកចម្រើន​នៃកម្មវិធីមីស៊ីលបាលីស្ទីក និងអាវុធប្រល័យលោកខុសច្បាប់តទៅទៀត»។ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បង្ហោះសារបែបនេះក្នុងបណ្តាញសង្គម Twitter នៅថ្ងៃទី៤ ខែតុលា
 
ជុំវិញរឿងនេះ ចិន និងរុស្សីប្រាប់ពីជំហរជំទាស់របស់ពួកគេទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ក្នុងការមានការពិភាក្សាជាសាធារណៈ ដោយហេតុផលថា ប្រតិកម្មរបស់ក្រុមប្រឹក្សាគួរតែមានលក្ខណៈអំណោយផលក្នុងការបន្ធូរបន្ធយស្ថានការណ៍នៅឧបទ្វីបកូរ៉េ។ នេះបើតាមសាររបស់លោកស្រី Linda ដដែល ។ 
 
លោកស្រីបន្ថែមថា ប្រទេសមួយចំនួនដូចជា អង់គ្លេស បារាំង អាល់បានី ន័រវែស និងអៀរឡង់ ជាដើមក៏គាំទ្រអាម៉េរិកចំពោះសំណើពិភាក្សាកូរ៉េខាងជើងនេះផងដែរ។ យ៉ាងណាមិញ ក្រុមប្រឹក្សា​នៅមិនទាន់ច្បាស់ទេ ថាតើនឹង​មានការពិភាក្សាជា​សាធារណៈ ឬ​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី៥ ខែតុលានេះ៕ 
 

Tag:
 ចិន
  រុស្ស៊ី
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com