អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តបទៅកូរ៉េខាងជើង កូរ៉េខាងត្បូងនិងអាម៉េរិកបាញ់មីស៊ីល៤គ្រាប់ចូលសមុទ្រខាងកើត
05, Oct 2022 , 12:29 pm        
រូបភាព
ដោយ:
 យោធាកូរ៉េខាងត្បូង និងអាម៉េរិក​នៅថ្ងៃទី៥ ខែតុលាបានធ្វើសមយុទ្ធរួមគ្នាដោយបាញ់មីស៊ីល៤គ្រាប់ចូលសមុទ្រខាងកើត បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមដល់ទៅមហាសមុទ្រប៉ាស៊ីហ្វិកដែលត្រូវបានលោកខាងលិចថ្កោលទោស និងចាត់ទុកជាទង្វើដ៏គ្រោះថ្នាក់ដល់សន្តិសុខក្នងតំបន់ និងអន្តរជាតិ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap។

 
តបទៅនឹងការបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមរបស់កូរ៉េខាងជើងដែលហោះរំលងជប៉ុនសំដៅមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី៤​ ខែតុលា យោធាកូរ៉េខាងត្បូង និងអាម៉េរិកនៅថ្ងៃទី៥ ខែតុលាបានធ្វើសមយុទ្ធរួមគ្នាជាការតវ៉ាប្រឆាំងដោយបាញ់មីស៊ីល៤ចូលទៅសមុទ្រខាងកើតវិញ ដែលជាការបង្ហាញសាច់ដុំទៅវិញទៅមក។ 
 
«សម្ព័ន្ធមិត្តកំពុងប្រុងជើងការយ៉ាងម៉ឺងម៉ាត់ ចំពេលកូរ៉េខាងជើងអាចនឹងបង្ករឿងជាងនេះថែមទៀត»។ អគ្គសេនាធិការយោធាកូរ៉េខាងត្បូងអះអាងបែបនេះក្នុងសេចក្តីប្រកាសព័ត៌មានដោយមិនលម្អិតពីទីតាំង និងពេលវេលាជាក់លាក់នៃសមយុទ្ធឡើយ។ 
 
បើតាមអគ្គសេនាធិការយោធាកូរ៉េខាងត្បូង ភាគីទាំងពីរបាញ់ប្រព័ន្ធមីស៊ីលយុទ្ធសាស្រ្តយោធា (ATACMS) ចំនួន២គ្រាប់រៀងៗខ្លួនដែលបាញ់ចំគោលដៅ និងបង្ហាញពីសមត្ថភាពការពាររបស់សម្ព័ន្ធមិត្តទាំងពីរ។​ ទន្ទឹមនេះ មីស៊ីលយុទ្ធសាស្រ្ត Hyunmoo-2 ដែលកូរ៉េខាងត្បូងបាញ់មួយគ្រាប់បានធ្លាក់ភ្លាមៗ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ទេ។
 
គួបផ្សំនឹងរបាយការណ៍កូរ៉េខាងជើងអាចនឹងធ្វើតេស្តនុយក្លេអ៊ែរលើកទី៧ ក្រោយខកខានតាំងពីឆ្នាំ២០១៧ អាម៉េរិក និងសម្ព័ន្ធមិត្តក៏កាន់តែសម្ងែងអានុភាពយោធាតាមរយៈសមយុទ្ធជើងទឹកផង អាកាសផងដើម្បីប្រឆាំងនឹងសកម្មភាពដ៏គឃ្លើនរបស់កូរ៉េខាងជើង។ បើតាមអគ្គសេនាធិការយោធាកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែតុលា កូរ៉េខាងត្បូង និងអាម៉េរិកក៏បានលំហាត់យោធាទម្លាក់គ្រាប់បែកដោយប្រើយន្តហោះចម្បាំងទៅក្នុងសមុទ្រលឿងផងដែរ។ 
 
ត្រឹមតែជាង១សប្តាហ៍ប៉ុណ្ណោះ កូរ៉េខាងជើងដែលតាំងខ្លួនជារដ្ឋនុយក្លេអ៊ែរបាញ់មីស៊ីលដល់ទៅ៥លើកទៅហើយ។ មីស៊ីលបាញ់លើកទី៥នេះដែលហោះចម្ងាយប្រហែល៤៦០០គីឡូម៉ែត្រឆ្ងាយជាង៤លើកមុន តែមិនត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើង ឬប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបញ្ជាក់ជាប្រភេទមីស៊ីលអ្វីទេ។ ប៉ុន្តែអ្នកវិភាគលើកឡើងថា វាអាចជាប្រភេទផ្សេងនៃមីស៊ីលបាលីស្ទិកចម្ងាយមធ្យម Hwasong-12 ដែលកូរ៉េខាងជើងបង្ហាញក្នុងឆ្នាំ២០១៧ ដើម្បីវាយប្រហារមូលដ្ឋានយោធាអាម៉េរិកនៅ Guam។ 
 
ការបាញ់មីស៊ីលលើកនេះដែលហោះកាត់ជប៉ុនលើកដំបូងតាំងពីឆ្នាំ២០១៧ ក៏ត្រូវបានអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូងថ្កោលទោសថាជាសកម្មភាពបង្ករឿង ហើយគ្មានការប្រុងប្រយ័ត្ន ខណៈអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបប្រតិកម្មថាជាការបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ក៏ព្រមានពីការឆ្លើយតបយ៉ាងដាច់ណាត់ពីប្រទេសលោក និងសហគមន៍អន្តរជាតិចំពោះទង្វើរបស់ទីក្រុងព្យុងយ៉ាងដែរ៕​
 
 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com