កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Xavi ខឹងអាជ្ញាកណ្តាល និងចោទថាកាត់ក្តីអយុត្តិធម៌ក្នុងប្រកួត Barca ចាញ់ Inter
05, Oct 2022 , 3:59 pm        
រូបភាព
លោក Xavi Hernandez អ្នកចាត់ការទូទៅក្រុម Barcelona ខឹងសម្បារនឹងអាជ្ញាកណ្តាលលោក Slavko Vincic​ ដែលមិនផ្តល់គ្រាប់បាល់១គ្រាប់ ខណៈក្រុមបរាជ័យក្រោមថ្វីជើង Inter Milan ១-០ នៅ Champions League  វគ្គសន្សំពិន្ទុពូល C។ Xavi ថែមទៀតចោទអាជ្ញាកណ្តាលកាត់ក្តីអយុត្តិធម៌ ក្រោយមិនផ្តល់បាល់ពិន័យ១១ម៉ែត្រថែមទៀត។

 
Barca ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Inter Milan លទ្ធផល ១-០ ដោយកីឡាករខ្សែបម្រើសញ្ជាតិតួកគី Hakan Calhanoglu ស៊ុតនាំមុខលើ Barca នៅនាទី៤៥+២ នៅវគ្គទីមួយ។ Barca អាចរកបាន ១គ្រាប់មកវិញដោយ Pedri នៅនាទី៦៧ ប៉ុន្តែគ្រាប់បាល់នោះត្រូវបានអាជ្ញាកណ្តាលសម្រេចមិនផ្តល់ឱ្យក្រោយពិនិត្យ VAR ឃើញថាបាល់ប៉ះដៃ។ បន្ទាប់មក នៅម៉ោងបន្ថែមបង្គ្រ ប់កីឡាករ Inter បានបង្កកំហុសលើកីឡាករ​ Barca ក្នុងតំបន់គ្រោះថ្នាក់​តែគ្មានការពិន័យកើតឡើងឡើ់យ។
 
ជ័យជម្នះលទ្ធផល ១-០ លើក្រុម Barca ជួយឱ្យ Inter ដែលជាម្ចាស់ផ្ទះរកបាន ៣ពិន្ទុ ស្របពេល Xavi ក្លាយជាគ្រូបង្វឹក Barca លើកដំបូងដែលរងបរាជ័យក្នុងការប្រកួតក្រៅទឹកដី ៣លើក ចាប់តាំងពីពេលចូលមកដឹកនាំក្នុងរដូវកាល ២០២១-២២។
 
«ខ្ញុំពិតជាខឹងខ្លាំងណាស់ កីឡាករយើងបានរកគ្រាប់បាល់បាន តែត្រូវបដិសេធដោយអាជ្ញាកណ្តាលទៅវិញ។ នៅពេលជិតបញ្ចប់ការប្រកួត ខ្ញុំចង់ជជែកជាមួយអាជ្ញាកណ្តាលហេតុអ្វីគាត់មិនផ្លំកញ្ចែរផ្តល់បាល់ពិន័យ ១១ម៉ែត្រ វាជារឿងអយុត្តិធម៍ខ្លាំងសម្រាប់យើង ហើយវាគ្មានហេតុផលសោះ។»។ Xavi និយាយក្នុងសន្និសីទកាសែតបែបនេះ ខណៈលោកមិនពេញចិត្តនឹងអាជ្ញាកាត់ក្តីលោក Slavko Vincic​ ឡើយ។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ ថែមទាំងចោទលោក Vincic​ ថាកាត់ក្តីលម្អៀងទៀតផង។
 
បរាជ័យរបស់ Barca បានក្លាយជាកំណត់ត្រាដ៏អាក្រក់ថ្មីមួយបន្ថែមទៀតសម្រាប់ពួកគេ ដោយការប្រកួតក្រៅទឹកដី ៣លើកចុងក្រោយមកនេះ Barca មិនអាចរកគ្រាប់បានសូម្បីតែ១គ្រាប់​នៅឡើយក្នុងការប្រកួត Champions League ដែលជាកំណត់ត្រាដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមក។
 
Inter Milan រកបាន៣ពិន្ទុបន្ថែមឡើងឈរតំណែងលេខ២ ក្នុងតារាងពូល C មាន ៦ពិន្ទុក្នុងដៃ ខណៈ Bayern Munich ឈរកំពូលតារាងមាន ៩ពិន្ទុពេញក្រោយឆ្លងកាត់ ៣ប្រកួតមកនេះ។ Barca ឈរលេខ ៣ មានត្រឹម៣ពិន្ទុ ចំណែក Viktoria Plzen ស្ថិតនៅបាតតារាងគ្មានពិន្ទុ៕
 

Tag:
 UEFA Champions League
  Xavi Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com