អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភាអឺរ៉ុប អនុម័តឱ្យប្រើរន្ធសាកថ្មទូរស័ព្ទប្រភេទ USB-C ទាំងអស់ត្រឹមឆ្នាំ២០២៤
05, Oct 2022 , 7:29 pm        
រូបភាព
សភាអឺរ៉ុបនៅថ្ងៃទី៤ ខែតុលា បានអនុម័តកំណែទម្រង់រន្ធសាកថ្មទូរស័ព្ទឱ្យមានតែប្រភេទ USB-C ប៉ុណ្ណោះ ដែលកន្លងមកប្រើក្នុងឧបករណ៍ពពួក Android។ ច្បាប់នេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៤ តទៅ។ ដូច្នេះ ក្រុមហ៊ុន Apple ត្រូវផ្លាស់ប្ដូរការផលិតរន្ធសាកថ្មទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកជាច្រើនរបស់ខ្លួន ស្របតាមការសម្រេចរបស់សភាអឺរ៉ុប។ ចំណែកកុំព្យូទ័រយួរដៃ នឹងត្រូវកំណត់ឱ្យប្រើប្រភេទរន្ធសាកថ្មប្រភេទតែមួយដែរចាប់ពីឆ្នាំ២០២៦ តទៅ។



ក្រុមហ៊ុន Apple នឹងត្រូវផ្លាស់ប្តូររន្ធសាកថ្មទូរស័ព្ទ iPhones ក៏ដូចជាឧបករណ៍អេឡិចត្រូនិកមួយចំនួនទៀត ដែលប្រើរាល់ថ្ងៃនេះទៅប្រើប្រភេទ USB-C ទាំងអស់ចាប់ពីឆ្នាំ២០២៤ តទៅសម្រាប់ប្រជាជនអឺរ៉ុបក្នុងប្រទេសចំនួន២៧ នៅអឺរ៉ុប។ រន្ធសាកថ្មប្រភេទ​ USB-C ជាប្រភេទរន្ធដែលប្រើក្នុងទូរស័ព្ទមានប្រព័ន្ធប្រតិបត្តិការ Android កន្លងមក។
 
ការអនុវត្តនេះ អនុលោមតាមច្បាប់ថ្មីដែលណែនាំឱ្យមានប្រភេទរន្ធសាកថ្មតែមួយសម្រាប់ឧបករណ៍អេឡិចត្រូនិកនៅអឺរ៉ុប។ ច្បាប់ថ្មីត្រូវបានអនុម័តដោយសំឡេងភាគច្រើននៅក្នុងសភាអឺរ៉ុបនាថ្ងៃទី៤ ខែតុលា។ 
 
លោក Alex Agius Saliba សមាជិកសភាអឺរ៉ុបដែលដឹកនាំកំណែទម្រង់បាននិយាយថា នៅក្រោមច្បាប់ថ្មីនេះ ទូរសព្ទចល័ត និងឧបករណ៍ផ្សេងទៀតដែលលក់ក្រោយរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ២០២៤ នឹងត្រូវប្រើជាមួយឧបករណ៍សាកថ្មប្រភេទតែមួយប៉ុណ្ណោះគឺ USB-C។ ទោះជាយ៉ាងនេះក្ដី ឆ្នាំងសាកប្រភេទចាស់មិនត្រូវបានហាមឃាត់ទេ ដូច្នេះអតិថិជនអាចបន្តប្រើប្រាស់បានជាមួយទូរស័ព្ទម៉ូឌែលក្រោយឆ្នាំ២០២៤។
 
លោក Saliba បានអះអាងផងដែរថា ការប្រើប្រាស់ប្រភេទឧបករណ៍សាកថ្មគ្រឿងអេឡិចត្រូនិកតែមួយប្រភេទនឹងជួយកាត់បន្ថយកាកសំណល់អេឡិចត្រូវនិករាប់ពាន់តោនក្នុងមួយឆ្នាំៗ ជួយកាត់បន្ថយការចំណាយរបស់ប្រជាជន និងជួយសម្រួលក្នុងការរស់នៅប្រសើរជាងមុន។
 
ក្រុមហ៊ុន Apple អាចនឹងរងផលប៉ះពាល់ខ្លាំងបំផុតពីកំណែទម្រង់ ព្រោះជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍អេឡិកត្រូនិកធំៗបំផុតដល់អតិថិជនអឺរ៉ុប។ យ៉ាងណាមិញ អ្នកវិភាគនិយាយថាផលប៉ះពាល់អាចផ្ដល់ផលវិជ្ជមានដែរ ព្រោះវាក៏អាចលើកទឹកចិត្តអតិថិជនទិញឧបករណ៍ថ្មីដែលប្រើរន្ធសាកថ្មប្រភេទ USB-C។
 
នេះជាការកំណត់ និងកែទម្រង់ស្តង់ដាពិភពលោកលើការប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទដំបូងបង្អស់នៅក្នុងពិភពលោក។ ការកែប្រែថ្មីរបស់អឺរ៉ុបដែលជាតំបន់មានទីផ្សារសេដ្ឋកិច្ចដ៏ធំ នឹងនាំឱ្យមានការផ្លាស់ប្ដូរនៅបណ្ដាប្រទេសជាច្រើនទៀត។ ទាក់ទិននឹងកុំព្យូទ័រយួរដៃវិញ ការអនុម័តឱ្យប្រើប្រភេទរន្ធសាកថ្មតែមួយប្រភេទក៏នឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅដែរ៕
 

Tag:
 អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com