អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូទីន កាត់យកទឹកដីអ៊ុយក្រែនជាង១៥ភាគរយជារបស់រុស្ស៊ីផ្លូវការហើយ
05, Oct 2022 , 10:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន និងមេដឹកនាំតំបន់៤របស់អ៊ុយក្រែនដែលត្រូវបានបញ្ចូលក្នុងទឹកដីរុស្ស៊ី។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន និងមេដឹកនាំតំបន់៤របស់អ៊ុយក្រែនដែលត្រូវបានបញ្ចូលក្នុងទឹកដីរុស្ស៊ី។ រូបថត AFP
ដោយ:
បន្ទាប់ពីសភាជាន់ទាប និងសភាជាន់ខ្ពស់ផ្តល់សច្ចាប័នរួច ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ​ ពូទីន នៅថ្ងៃទី៥ ខែតុលាចុះហត្ថលេខាលើច្បាប់បញ្ចូលតំបន់អ៊ុយក្រែន៤ជារបស់រុស្ស៊ីជាផ្លូវការ បើទោះជាមិនក្តោបក្តាប់បានទាំងមូលនៃដែនដីអ៊ុយក្រែនទាំង៤តំបន់នេះក៏ដោយ។

 
ក្រោយការធ្វើប្រជាមតិរួបរួមជាមួយរុស្ស៊ីនៅតំបន់អ៊ុយក្រែនចំនួន៤កាលពីចុងខែកញ្ញា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៥ ខែតុលា បានចុះហត្ថលេខាលើច្បាប់បញ្ចូលទឹកដីអ៊ុយក្រែនជាង១៥ភាគរយជារបស់រុស្ស៊ី។ ការចុះហត្ថលេខារបស់មេដឹកនាំរុស្ស៊ី ជានីតិវិធីចុងក្រោយ បន្ទាប់ពីទាំងសភាជាន់ទាប និងសភាជាន់ខ្ពស់រុស្ស៊ីផ្តល់សច្ចាប័នរួចរាល់។ 
 
«ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ធម្មនុញ្ញសហព័ន្ធចំនួន៤ស្តីពីការបញ្ចូលសាធារណរដ្ឋ Donetsk, សាធារណរដ្ឋ Luhansk, តំបន់ Zaporizhzhia និងតំបន់ Kherson ក្នុងសហព័ន្ធរុស្ស៊ី»។ សភាជាន់ទាបរុស្ស៊ីប្រកាសបែបនេះនៅថ្ងៃទី៥​ ខែតុលា​ ដោយបន្ថែមថា លោក ពូទីន ក៏បានចុះហត្ថលេខាលើច្បាប់ពាក់ព័ន្ធស្តីពីការផ្តល់សច្ចាប័នផងដែរ។ 
 
យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី រួមទាំងមេដឹកនាំលោកខាងលិចបញ្ជាក់កន្លងមកថា នេះជាការលេបទឹកដីដោយខុសច្បាប់អន្តរជាតិ ហើយពួកគេគ្មានថ្ងៃទទួលស្គាល់ទង្វើបំពានអធិបតេយ្យអ៊ុយក្រែនបែបនេះទេ។ លោក ហ្សេលេនស្គីថែមទាំងអះអាងទ័ពអ៊ុយក្រែននឹងដណ្តើមដែនដីទាំងនោះមកវិញ ខណៈលោក ពូទីន ព្រមាននឹងប្រើវិធីគ្រប់យ៉ាងរួមមានអាវុធនុយក្លេអ៊ែរដើម្បីការពារទឹកដីរុស្ស៊ី។
 
សូមបញ្ជាក់ថា បើទោះជាត្រូវបានបញ្ចូលជាទឹកដីរុស្ស៊ីជាផ្លូវការក៏ដោយ រុស្ស៊ីមិនគ្រប់គ្រងតំបន់អ៊ុយក្រែនទាំង៤នោះទាំងស្រុងឡើយ។ ក្នុងសប្តាហ៍ចុងក្រោយនេះ កងទ័ពអ៊ុយក្រែនដណ្តើមបានតំបន់ជាច្រើននៅតំបន់ Kherson និង Donetsk ដែលត្រូវបានលោកខាងលិចចាត់ទុកថាជាការបរាជ័យដ៏ធំរបស់រុស្ស៊ីក្នុងប្រតិបត្តិការសឹក៕
 
 
 
 
 
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com