អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ថា ចិនបំផ្លាញការព្រមព្រៀងលើបន្ទាត់ខណ្ឌចែកទឹកដី
05, Oct 2022 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ Chiu Kuo-cheng ។ រូបថត AFP
ដោយ:
ចិនបានបំផ្លាញកិច្ចព្រមព្រៀងនៅច្រកសមុទ្រតៃវ៉ាន់ដោយបញ្ជូនយន្តហោះឆ្លងកាត់បន្ទាត់ខណ្ឌចែកទឹកដីចិន និងតៃវ៉ាន់គូសដោយអាម៉េរិកតាំងពីឆ្នាំ១៩៥៤។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Chiu Kuo-cheng ថ្លែងទៅកាន់កិច្ចប្រជុំសភាបែបនេះនៅថ្ងៃទី៥ ខែតុលា។

 
ថ្លែងទៅកាន់សភាតៃវ៉ាន់នៅថ្ងៃទី៥ ខែតុលា រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Chiu Kuo-cheng ទទួលស្គាល់ថា ការព្រមព្រៀងគ្នាដែលមានជាច្រើនឆ្នាំមកហើយលើខ្សែបន្ទាត់ពុះចែករវាងទឹកដីចិន និងកោះតៃវ៉ាន់​បានមកដល់ទីបញ្ចប់ហើយ ដោយសារតែចិនជាអ្នកបំផ្លាញ។ 
 
«ខែ្សបន្ទាត់ខណ្ឌចែក (ចិន និងតៃវ៉ាន់) គួរតែជាការព្រមព្រៀងមួយសម្រាប់អ្នករាល់គ្នា»។ លោក Chiu ប្រាប់ទៅកិច្ចប្រជុំគណៈកម្មាធិការសភាបែបនេះ ដោយបញ្ជាក់ថារដ្ឋាភិបាលក្រុងតៃប៉ិនឹងតបទៅវិញ ប្រសិនបើយោធាចិនឆ្លងបន្ទាត់ក្រហម។ 
 
ទោះលម្អិតពីបន្ទាត់ក្រហមនេះសំដៅលើអ្វី រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់រូបនេះលើកឡើងថា វារួមមានសកម្មភាពដែលយន្តហោះចិន ក៏ដូចជាដ្រូនហោះចូលទឹកដីតៃវ៉ាន់។ យ៉ាងណាមិញតាំងពីធ្វើសមយុទ្ធយោធាដ៏ធំជុំវិញកោះតៃវ៉ាន់ដែលជាការឆ្លើយតបទៅនឹងទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកមក យោធាចិននៅតែបន្តសកម្មភាពគឃ្លើនជុំវិញតៃវ៉ាន់ដោយជាញយៗបានបញ្ជូនយន្តហោះយោធាចិនឆ្លងកាត់បន្ទាត់ពុះចែកមិនផ្លូវការរវាងចិន និងតៃវ៉ាន់នៅច្រកសមុទ្រតៃវ៉ាន់។
 
លោក Chiu និយាយថា ចិនចង់បង្កើតស្ថានភាពថ្មីនៅច្រកសមុទ្រតៃវ៉ាន់តាមរយៈការបញ្ជូនយន្តហោះកាត់បន្ទាត់ខណ្ឌចែក ប៉ុន្តែនេះជាអ្វីដែលរដ្ឋាភិបាលក្រុងតៃប៉ិនឹងប្រឆាំង។ យ៉ាងណាមិញ បើតាមមន្រ្តីតៃវ៉ាន់ និងអ្នកវិភាគសន្តិសុខមួយចំនួន វានឹងពិបាកសម្រាប់តៃវ៉ាន់ក្នុងការការពារបន្ទាត់ខណ្ឌចែកដោយមិនបង្កឱ្យមានភាពតានតឹងជាងនេះ។ 
 
បន្ទាត់ខណ្ឌចែកតៃវ៉ាន់ និងចិននៅច្រកសមុទ្រតៃវ៉ាន់ត្រូវបានបង្កើតដោយឧត្តមសេនីយ៍អាម៉េរិកក្នុងឆ្នាំ១៩៥៤ អំឡុងសង្រ្គាមត្រជាក់។ ខែ្សបន្ទាត់ពុះចែកនេះស្ថិតនៅចម្ងាយប្រហែល៤០គីឡូម៉ែត្រពីដែនទឹកតៃវ៉ាន់ នៃចម្ងាយច្រកសមុទ្រតៃវ៉ាន់សរុប១៨០គីឡូម៉ែត្រ។ 
 
បើទោះមិនយល់ព្រមទាំងស្រុងក្តី ចិនតែងគោរពការព្រមព្រៀងនេះជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបទេសចិនអះអាងកាលពីឆ្នាំ២០២០ថា មិនមានបន្ទាត់ខណ្ឌចែកអ្វីនៅច្រកសមុទ្រតៃវ៉ាន់ទេ ហើយកងកម្លាំងចិនមានសិទ្ធិធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ដែលជាទឹកដីខ្លួន៕
 
 
 
 
 
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com