អន្តរជាតិ
អាម៉េរិក​ប្រកាស​ផ្តល់ជំនួយ​យោធា​៦២៥លាន​ដុល្លារដល់​អ៊ុយក្រែន ខណៈរុស្ស៊ីព្រមានពី​ហានិភ័យ
06, Oct 2022 , 8:29 am        
រូបភាព
ប្រព័ន្ធបាញ់មីស៊ីល HIMARS ។ រូបថត AFP
ប្រព័ន្ធបាញ់មីស៊ីល HIMARS ។ រូបថត AFP
អាម៉េរិក នៅថ្ងៃទី៤ ខែតុលា បានរៀបចំបញ្ជូនជំនួយផ្នែក​យោធាមានទំហំជាង ៦២៥ លានដុល្លារទៀតដល់អ៊ុយក្រែន។ កញ្ចប់ជំនួយនេះ ក៏បានរួមបញ្ចូលការបញ្ជូនប្រព័ន្ធបាញ់កាំភ្លើងធំចល័តខ្ពស់ (HIMARS) ដល់អ៊ុយក្រែនផងដែរ ដែលជាសកម្មភាពរុស្ស៊ីបានប្រមានថាអាចបង្កើនហានិភ័យនៃសង្គ្រាម​។



ខណៈដែលអ៊ុយក្រែនបន្តការវាយលុកនៅភាគខាងត្បូង និងខាងកើតរបស់ប្រទេស ដើម្បីរំដោះតំបន់ដែលកាន់កាប់ដោយរុស្ស៊ីបន្ទាប់ពីការឈ្លានពាននៅថ្ងៃទី ២៤ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិននៅថ្ងៃទី៤ ខែតុលា ​បានជជែកជាមួយសមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ពីបញ្ហាផ្សេងៗ។ ក្នុងការសន្ទនានេះដែរ មេដឹកនាំអាម៉េរិកក៏បានលើកនិយាយពីកញ្ចប់ជំនួយបន្ថែមដែរ។ 
 
លោក ហ្សេលេនស្គី បានប្រាប់លោក បៃឌិនថា កងកម្លាំងអ៊ុយក្រែនកំពុងទទួលបានមកវិញយ៉ាងឆាប់រហ័សនូវតំបន់អ៊ុយក្រែនជាច្រើនដែលរុស្ស៊ីបានដណ្ដើម។ ស្របពេលនេះដែរ លោក បៃឌិន បានសង្កត់ធ្ងន់ថាទីក្រុងវ៉ាស៊ីនតោននឹងបន្តគាំទ្រទីក្រុង កៀវ។  បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន លោកបៃឌិនបានសន្យាថានឹងបន្តគាំទ្រអ៊ុយក្រែន ខណៈកំពុងការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ីរហូតដល់ទីបញ្ចប់។ 
 
សេតវិមានក៏បាននិយាយថា សព្វាវុធដែលត្រូវដកភ្លាមៗពីឃ្លាំងស្តុកយោធាអាម៉េរិកដែលមានស្រាប់ ដឹកទៅអ៊ុយក្រែន រួមមាន គ្រាប់រ៉ុក្កែត HIMARS ដែលបាញ់ចំគោលដៅច្បាស់លាស់ចំនួន៤, កាំភ្លើងធំ Howitzers ចំនួន៣២គ្រឿងជាមួយនឹងគ្រាប់រំសេវចំនួន៧៥០០០គ្រាប់, រថពាសដែក Mine-Resistant Ambush Protected (MRAP) ចំនួន២០០គ្រឿង និងគ្រាប់មីនប្រឆាំង Claymoreផងដែរ ។
 
«ការវិវឌ្ឍថ្មីៗពីការធ្វើប្រជាមតិក្លែងក្លាយរបស់រុស្ស៊ី និងការប៉ុនប៉ងបង្កើតភាពឃោរឃៅប្រឆាំងនឹងជនស៊ីវិលនៅក្នុងទឹកដីអ៊ុយក្រែនផ្សេងទៀត ដែលពីមុនត្រូវបានគ្រប់គ្រងដោយរុស្ស៊ី នឹងការតែងពង្រឹងការតាំងចិត្តរបស់យើង»។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លិងខិន បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
គួរបញ្ជាក់ថាការប្រកាសពីកញ្ចប់យោធា ៦២៥ ​លាន​ដុល្លារដល់​អ៊ុយក្រែននេះ បានធ្វើឡើងក្រោយរុស្ស៊ីប្រកាសដាក់បញ្ចូលជាផ្លូវការនូវតំបន់អ៊ុយក្រែន ៤ ដែលខ្លួនបានកាន់កាប់បន្ទាប់ពីការបោះឆ្នោតប្រជាមតិដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់ដែលត្រូវបានថ្កោលទោសថាជាការបង្ខិតបង្ខំ និងបំពានច្បាប់អន្តរជាតិ។
 
សព្វាវុធទំនើបបានជួយអ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែងរុញច្រានកងទ័ពរុស្ស៊ី ខណៈមានការវាយលុកយ៉ាងឆាប់រហ័សដែលចាប់ផ្តើមនៅដើមខែកញ្ញា ដណ្តើមយកវិញយ៉ាងរហ័សនៃតំបន់ Kharkiv ពីរុស្ស៊ី។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងព្យាយាមបង្កើតផ្លូវចូលបន្ថែមទៀតនៅភាគខាងត្បូង និងខាងកើតប្រទេស ខណៈរុស្ស៊ីអាចដាក់ពង្រាយកងទ័ពបម្រុងចំនួន៣០ម៉ឺននាក់កាលពីពីរសប្តាហ៍មុន។
 
យ៉ាងណាមិញ ការសម្រេចចិត្តរបស់អាម៉រិកក្នុងការបញ្ជូនជំនួយយោធាបន្ថែមទៀតទៅអ៊ុយក្រែនបានជំរុញឱ្យមានការរិះគន់ពីលោក Anatoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាម៉េរិក និងបានព្រមានពីផលវិបាកដែលអាចកើតមាន។
 
«យើងយល់ថានេះជាការគំរាមកំហែងភ្លាមៗចំពោះផលប្រយោជន៍ជាយុទ្ធសាស្រ្តនៃប្រទេសរបស់យើង»។ លោក Antonov បាននិយាយបែបនេះក្នុងសារតាម Telegram នៅថ្ងៃទី៥ ខែតុលា។ លើសពីនេះលោកក៏បានបន្ថែមថា ការផ្គត់ផ្គង់អាវុធយោធាពីអាម៉េរិក និងសម្ព័ន្ធមិត្តនឹងធ្វើឱ្យមានការបង្ហូរឈាម ការស្លាប់និងរបួសថ្មី ក៏ដូចជាការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com