អន្តរជាតិ
កូរ៉េខាងជើងសម្ងែងយន្តហោះចម្បាំងចំនួន ១២គ្រឿងនៅក្បែរព្រំដែនអន្តរកូរ៉េ
06, Oct 2022 , 8:18 pm        
រូបភាព
យន្តហោះចម្បាំងកូរ៉េខាងត្បូង និងអាម៉េរិក។ រូបភាព៖ AP
យន្តហោះចម្បាំងកូរ៉េខាងត្បូង និងអាម៉េរិក។ រូបភាព៖ AP
យោធាកូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែតុលា បានអះអាងថា យន្តហោះចម្បាំងកូរ៉េខាងជើងចំនួន ១២គ្រឿង បានហោះមកក្បែរព្រំដែនអន្តរកូរ៉េ និងទំនងជាបានធ្វើសមយុទ្ធបាញ់ប្រហារ។ វត្តមានយន្តហោះរបស់កូរ៉េខាងជើងបែបនេះ ទំនងជាការតវ៉ានឹងសមយុទ្ធយោធារវាងអាម៉េរិក និងកូរ៉េខាងត្បូង។



ឧបទ្វីបកូរ៉េ មានភាពតាងតឹងយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ ក្រោយក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលជាច្រើនលើក និងចុងក្រោយបាញ់មីស៊ីលចម្ងាយមធ្យមរំលងជប៉ុនថែមទៀត។ ជាការឆ្លើយតប យោធាកូរ៉េខាងត្បូង និងអាម៉េរិក​បានធ្វើសមយុទ្ធរួមគ្នាដោយបាញ់មីស៊ីល៤គ្រាប់ចូលសមុទ្រខាងកើត។

អត្ថបទទាក់ទង

ទំនងតបនឹងសមយុទ្ធខាងលើ កូរ៉េខាងជើង បានបញ្ជូនយន្តហោះចម្បាំងចំនួន ៨គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក ៤គ្រឿង ដោយហោះជាក្បួនមកភាគខាងជើងនៃព្រំដែនអន្តរកូរ៉េ ក្នុងអំឡុងម៉ោងប្រមាណ ២រសៀល (ម៉ោងនៅកូរ៉េខាងត្បូង)។ បើតាមអគ្គសេនាធិការយោធាកូរ៉េខាងត្បូង ក្បួនយន្តហោះចម្បាំងមួយនេះ ទំនងបានធ្វើសមយុទ្ធបាញ់ប្រហារពីអាកាសមកដីផង។

ក្រោយវត្តមានយន្តហោះខាងលើ កូរ៉េខាងត្បូង បានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនប្រមាណ ៣០គ្រឿងទៅតំបន់ព្រំដែនរបស់ខ្លួនវិញ។ ទាក់ទិននឹងបញ្ហានេះ អគ្គសេនាធិការយោធាកូរ៉េខាងត្បូង បានលើកឡើងថា វាមិនធ្លាប់កើតមានឡើយ នាពេលកន្លងមក។

សូមបញ្ជាក់ថា ស្របពេលមានបញ្ហាស្មុគស្មាញបែបនេះ អាម៉េរិកបានបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Ronald Reagan ជាថ្មីមកក្នុងដែនទឹកនៅភាគខាងកើតឧបទ្វីបកូរ៉េ ដើម្បីចូលរួមក្នុងសមយុទ្ធយោធាត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង៕



© រក្សាសិទ្ធិដោយ thmeythmey.com