អន្តរជាតិ
រុស្ស៊ី និងអ៊ីរ៉ង់នៅតែច្រានចោលការចោទប្រកាន់រឿងដ្រូន ខណៈអឺរ៉ុបត្រៀមដាក់ទណ្ឌកម្ម
20, Oct 2022 , 4:39 pm        
រូបភាព
ដ្រូនរបស់រុស្ស៊ី ហោះពីលើទីក្រុងកៀវមុនបោះបំបុកគោលដៅ។ រូបថត AFP
ដ្រូនរបស់រុស្ស៊ី ហោះពីលើទីក្រុងកៀវមុនបោះបំបុកគោលដៅ។ រូបថត AFP
រុស្ស៊ី នៅថ្ងៃទី១៩ ខែតុលា បានព្រមានអង្គការសហប្រជាជាតិ (UN) កុំឱ្យស៊ើបអង្កេតការវាយប្រហារដោយដ្រូនទៅលើអ៊ុយក្រែននាថ្ងៃទី១៧ ខែតុលា និងបដិសេធការចោទរបស់អ៊ុយក្រែនដែលថា ដ្រូនផលិតដោយអ៊ីរ៉ង់។ អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ពីការបញ្ជូនដ្រូនទៅឱ្យរុស្ស៊ី។ ចំណែកអឺរ៉ុបវិញបានរៀបចំដាក់ទណ្ឌកម្មជាថ្មីឆ្លើយតបទង្វើរុស្ស៊ី និងអ៊ីរ៉ង់។



អាម៉េរិក បារាំង និងអង់គ្លេស បានកោះកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមិនបើកចំហដើម្បីពិភាក្សាជុំវិញការបញ្ជូនដ្រូនរបស់អ៊ីរ៉ង់ទៅរុស្សី ដែលជាសកម្មភាពបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងប្រទេសផ្សេងទៀត។ 
 
អឺរ៉ុប និងអាម៉េរិកបានអះអាងថា ពួកគេមានព័ស្តុតាងបញ្ជាក់ពីការផ្គត់ផ្គង់ដ្រូនរបស់អ៊ីរ៉ង់ Shahed-136 ទៅឱ្យរុស្ស៊ីដែលវាយប្រហារទីក្រុងកៀវ និងបណ្ដាលឱ្យមានមនុស្សស្លាប់៥នាក់ ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិយ៉ាងច្រើន។ យោធាអ៊ុយក្រែន ក៏បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់មិនតិចជាង២២០គ្រឿងឡើយក្នុងរយៈពេលជាងមួយខែ។ 
 
យ៉ាងណាមិញ អ៊ីរ៉ង់នៅតែបដិសេធចំពោះការចោទប្រកាន់ពីការបញ្ជូនដ្រូនទៅឱ្យរុស្ស៊ី ហើយរុស្ស៊ីបានព្រមាន UN មិនឱ្យស៊ើបអង្កេតពីការវាយប្រហារដោយដ្រូនលើទីក្រុងកៀវ។ រុស្ស៊ី អះអាងថា ខ្លួនផលិតដ្រូនទាំងនោះផ្ទាល់។
 
អ្នកការទូតរុស្ស៊ីនៅ UN លោក Dmitry Polyanskiy ចាត់ទុកការចោទរបស់លោកខាងលិច ជារឿងគ្មានមូលដ្ឋាន និងជាការសមគំនិត។ នៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ លោក Polyanskiy បានប្រាប់អ្នកយកព័ត៌មានថា ដ្រូនដែលប្រើដោយកងទ័ពរុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានផលិតដោយរុស្ស៊ី។ 
 
«ខ្ញុំសូមផ្តល់អនុសាសន៍ថា អ្នកកុំមើលស្រាលសមត្ថភាពបច្ចេកវិទ្យានៃឧស្សាហកម្មផលិតយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីឱ្យសោះ»។ លោក Polyanskiy បានសង្កត់ធ្ងន់បែបនេះ ហើយបានព្រមានប្រឆាំង​នឹង​ការ​ស៊ើប​អង្កេត​របស់ UN ​នៅ​លើ​ដី​អ៊ុយក្រែនព្រោះ UN មិនមែនជាផ្នែកនៃគណៈកម្មាធិការដាក់ទណ្ឌកម្មដែលមានអំណាចបើកការស៊ើបអង្កេតឡើយ។
 
ចំណែកប្រេសិតរបស់អ៊ីរ៉ង់ប្រចាំ UN លោក Amir Saeid Iravani បានច្រានចោលការចោទប្រកាន់នេះ ហើយបញ្ជាក់ថា ទីក្រុងតេហេរ៉ង់ដែលបានបោះឆ្នោតអនុបវាទលើសង្គ្រាមអ៊ុយក្រែន តែងចង់បានដំណោះស្រាយប្រកបដោយសន្តិភាព។
 
ជុំវិញរឿងនេះ អឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មឆ្លើយតបនឹងទង្វើរុស្ស៊ី និងអ៊ីរ៉ង់ ហើយរំពឹងថាសេចក្ដីសម្រេចអាចចេញមុនបើកកិច្ចប្រជុំកំពូលអឺរ៉ុបនៅទីក្រុងព្រុចសែល ថ្ងៃទី២០ ខែតុលា៕ 
 

Tag:
 រុស្ស៊ី
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com