កីឡាអន្តរជាតិ
អន្តរជាតិ
Mane ឈ្នះពានរង្វាន់ Socrates Award ដែលមិនធ្លាប់មានពីមុនមក ចំពោះការងារសប្បុរសធម៌
20, Oct 2022 , 7:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Sadio Mane បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់ ​Ballon d’Or 2022 ក្រោមម្ចាស់ជ័យលាភីខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema មួយចំណាត់ថ្នាក់​។ ខ្សែប្រយុទ្ធវ័យ​ ៣០ឆ្នាំ បានក្លាយជាកីឡាករអាហ្រ្វិកទីពីរ ដែលមានវត្តមានឡើងលើឆាកកម្មវិធីដ៏មានកិត្យានុភាព និងបានឈ្នះពានរង្វាន់ចាប់តាំងពីលោក George Weah ជាកីឡាករអាហ្រ្វិកដំបូងគេ ដែលឈ្នះ ​Ballon d’Or កាលពីឆ្នាំ ១៩៩៥ មក។



ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះ បានទទួលពានរង្វាន់ Socrates Award កាលពីថ្ងៃទី១៨ តុលា ដែលជាពានរង្វាន់ ក្នុងនាមជាកីឡាករ ដែលសកម្មក្នុងការជួយការងារសប្បុរសធម៍ នៅក្នុងប្រទេសសេណេហ្គាល់ផ្ទាល់។
 
នេះគឺជាពានរង្វាន់ដំបូងបង្អស់ ទើបបង្កើតមក ដែល Mane ជាកីឡាករទទួលបានមុនគេ ហើយក៏ជាសមិទ្ធផលដំបូងរបស់រូបគេ ក្នុងនាមជាកីឡាករបាល់ទាត់ ចំពោះសកម្មភាពនៅក្រៅទីលានប្រកួត។ 
 
ពានរង្វាន់ Socrates Award នេះ បានសំដៅលើការងារសប្បុរសធម៍ ដែលខ្សែប្រយុទ្ធក្រុម Bayern Munich រូបនេះ បានជួយកសាងមន្ទីពេទ្យមួយនៅក្នុងភូមិកំណើតរបស់គេ ដែលមានឈ្មោះ Bambaly ក្នុងទីក្រុង Casamance ភាគខាងលិចនៃប្រទេសសេណេហ្គាល់​។ 
 
កាលពីប៉ុន្មានខែមុននេះទៀតសោត ​Mane ក៏បានចំណាយប្រាក់ជាង ១លានដុល្លារក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានសាលារៀនផងដែរ។ ក្រៅពីហេដ្ឋរចនាសម្ព័ន្ធនានា អតីតកីឡាករ Liverpool រូបនេះបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ៧០ដុល្លារក្នុងមួយខែ ដល់ក្រុមគ្រួសារទាំងអស់ ដែលរស់នៅក្នុងភូមិកំណើតរបស់គេ​និង ៤០០ដុល្លារ ជាប្រាក់រង្វាន់បន្ថែមដល់សិស្សពូកែនៅសាលាក្នុងភូមិកំណើតរបស់គេ។
 
ពានរង្វាន់មនុស្សធម៍នេះ ត្រូវបានដាក់ឈ្មោះតាមកីឡាករខ្សែបម្រើសញ្ជាតិប្រេស៊ីលឈ្មោះ Socrates ដោយលោកស្លាប់បាត់បង់ជីវិតនៅឆ្នាំ ២០១១ ត្រឹមវ័យ ៥៧ឆ្នាំ។ លោកត្រូវបានទស្សនាវដ្តី France Football ជ្រើសរើសជាឈ្មោះមួយនៃអ្នករៀបចំ​កម្មវិធី Ballon d’Or។ លោក Socrates ជាកីឡាករម្នាក់ ដែលជាអ្នកបង្កើតចលនាមនោគមវិជ្ឋាដ៏ល្បីល្បាញ និងត្រូវបានគេទទួលស្គាល់នឹងកោតសរសើរ ក្នុងការគ្រប់គ្រងក្លិបបាល់ទាត់ចេញពីការដឹកនាំនៃរបបផ្តាច់ការ ដោយត្រូវបានគេឱ្យឈ្មោះថា​ Corinthian Democracy។
បើតាមទស្សនាវដ្តី France Football ពានរង្វាន់ Socrates នេះគឺផ្តល់ឱ្យតែកីឡាករ ដែលមានគំនិតផ្តួចផ្តើមក្នុងការជួយសង្គមដ៏ល្អបំផុត ៕
 
 

Tag:
 Sadio Mane
  Socrates Award
© រក្សាសិទ្ធិដោយ thmeythmey.com