កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលនិយមកាត់ត្រឹម APEC ដែលជាអក្សរកាត់ពីភាសាអង់គ្លេស ជាអង្គការពាណិជ្ជកម្មដ៏ធំមួយនៅតំបន់ប៉ាស៊ីហ្វិក។ ដូចដែលមានក្នុងឈ្មោះ សមាជិកនៃអង្គការនេះជាប្រទេសដែលជាប់មហាសមុទ្រប៉ាស៊ីហ្វិក។ តើ APEC បង្កើតឡើងក្នុងឆ្នាំណា ហើយមានតួនាទីអ្វីខ្វះ?
APEC លេចឡើងលើកដំបូងជាសាធារណៈដោយអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Bob Hawke អំឡុងសុន្ទរកថានៅទីក្រុងសេអ៊ូលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៨៩។ ដប់ខែបន្ទាប់ ប្រទេសសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកចំនួន១២ បានជួបជុំគ្នានៅទីក្រុងកង់បេរ៉ាដើម្បីបង្កើតអង្គការមួយនេះ។ សមាជិកស្ថាបនិករួមមានអូស្ត្រាលី, ព្រុយណេ, កាណាដា, ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េ, ម៉ាឡេស៊ី, នូវែលសេឡង់, ហ្វីលីពីន, សិង្ហបុរី, ថៃ, និងអាម៉េរិក។
APEC ជាអង្គការពាណិជ្ជកម្មពហុភាគីមួយក្នុងចំណោមអង្គការពាណិជ្ជកម្មពហុភាគីជាច្រើនដែលបានលេចឡើងក្នុងសម័យក្រោយសង្គ្រាមត្រជាក់។ នៅពេលដែលសង្រ្គាមត្រជាក់ឈានដល់ទីបញ្ចប់សណ្ដាប់ធ្នាប់ពិភពលោកថ្មី ត្រូវបានសម្គាល់ដោយកំណើនសកលភាវូបនីយកម្ម និងការរីកចម្រើននៃប្លុកពាណិជ្ជកម្មក្នុងតំបន់។ ហេតុដូច្នេះហើយទំនាក់ទំនងពាណិជ្ជកម្ម ជារឿងដ៏សំខាន់មួយដែលប្រទេសក្នុងតំបន់ងាកទៅចាប់អារម្មណ៍។
តួនាទីចម្បងរបស់ APEC គឺជំរុញ និងសម្របសម្រួលកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងសមាជិក។ APEC នឹងសម្រេចបំណងរបស់ខ្លួនតាមរយៈសកម្មភាពចម្បងពីរដូច ជាសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងការវិនិយោគ និងការសម្រួលកំណើនសេដ្ឋកិច្ច។
APEC ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ ដោយធានាថា ទំនិញ សេវាកម្ម និងការវិនិយោគអាចហូរបានយ៉ាងងាយស្រួលក្នុងការឆ្លងកាត់ព្រំដែន។ ការណ៍នេះអាចធ្វើទៅបានដោយសារការកាត់បន្ថយការចំណាយលើការនាំចូល និងការនាំចេញ ព្រមទាំងការលើកកម្ពស់ពាណិជ្ជកម្មសេរី។ ការសម្របសម្រួលតាមរយៈនីតិវិធីគយលឿនជាងមុន បទប្បញ្ញត្តិ និងស្តង់ដារបានបង្កើតបរិយាកាសអំណោយផលសម្រាប់ការពន្លឿនសមាហរណកម្មសេដ្ឋកិច្ចតំបន់ផងដែរ។
ដើម្បីបំពេញបន្ថែមសកម្មភាពទាំងពីរខាងលើ APEC ក៏លើកកំពស់កម្រិតជីវភាព និងការអប់រំ ការផ្តោតលើការរួមបញ្ចូល និងការផ្តោតលើនិរន្តរភាព។ តាំងពីបង្កើតមក APEC បានធ្វើរឿងជាច្រើនរួមមានការស្រោចស្រង់ប្រជាជនរាប់លាននាក់ចេញពីកម្រិតក្រីក្រ ការកាត់បន្ថយពន្ធនាំចេញ និងនាំចូល និងការភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ជាដើម។
APEC នឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំប្រទេសទាំង២១ នៅថ្ងៃទី១៨ និងទី១៩ខែវិច្ឆិកានៅថៃដែល រួមមានទាំងរុស្ស៊ី ចិន និងកោះតៃវ៉ាន់៕