អន្តរជាតិ
អ្វីទៅ APEC ដែលមានសមាជិក២១ប្រទេសនិងតំបន់?
23, Oct 2022 , 7:39 pm        
រូបភាព
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលនិយមកាត់ត្រឹម APEC ដែលជាអក្សរកាត់ពីភាសាអង់គ្លេស ជាអង្គការពាណិជ្ជកម្មដ៏ធំមួយនៅតំបន់ប៉ាស៊ីហ្វិក។ ដូចដែលមានក្នុងឈ្មោះ សមាជិកនៃអង្គការនេះជាប្រទេសដែលជាប់មហាសមុទ្រប៉ាស៊ីហ្វិក។ តើ APEC បង្កើតឡើងក្នុងឆ្នាំណា ហើយ​មាន​តួនាទីអ្វីខ្វះ?


 
APEC លេចឡើងលើកដំបូងជាសាធារណៈដោយអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Bob Hawke អំឡុងសុន្ទរកថានៅទីក្រុងសេអ៊ូលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៨៩។ ដប់ខែបន្ទាប់ ប្រទេស​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិកចំនួន១២ បានជួបជុំគ្នានៅទីក្រុងកង់បេរ៉ាដើម្បីបង្កើតអង្គការមួយនេះ។ សមាជិក​ស្ថាបនិករួមមានអូស្ត្រាលី, ព្រុយ​ណេ​​, កាណាដា,  ឥណ្ឌូណេស៊ី, ជប៉ុន, កូរ៉េ, ម៉ាឡេស៊ី, នូវែលសេឡង់, ​ហ្វីលីពីន, សិង្ហបុរី, ថៃ, និងអាម៉េរិក។
 
APEC ជាអង្គការពាណិជ្ជកម្មពហុភាគីមួយក្នុងចំណោមអង្គការ​ពាណិជ្ជកម្មពហុភាគីជាច្រើន​ដែល​បាន​លេចឡើងក្នុងសម័យក្រោយសង្គ្រាមត្រជាក់។ នៅពេលដែលសង្រ្គាមត្រជាក់ឈានដល់ទី​បញ្ចប់​សណ្ដាប់ធ្នាប់ពិភពលោកថ្មី ត្រូវបានសម្គាល់ដោយកំណើនសកលភាវូបនីយកម្ម និងការរីកចម្រើន​នៃ​ប្លុកពាណិជ្ជកម្មក្នុងតំបន់។ ហេតុដូច្នេះហើយទំនាក់ទំនងពាណិជ្ជកម្ម ជារឿងដ៏សំខាន់មួយ​ដែល​ប្រទេសក្នុងតំបន់ងាកទៅចាប់អារម្មណ៍។
 
តួនាទីចម្បងរបស់ APEC គឺជំរុញ និងសម្របសម្រួលកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងសមាជិក។ APEC នឹងសម្រេចបំណងរបស់ខ្លួនតាមរយៈសកម្មភាពចម្បងពីរដូច ជាសេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​និងការវិនិយោគ និងការសម្រួលកំណើនសេដ្ឋកិច្ច។
 
APEC ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ ដោយធានាថា ទំនិញ សេវាកម្ម និងការ​វិនិយោគអាចហូរបានយ៉ាងងាយស្រួលក្នុងការឆ្លងកាត់ព្រំដែន។ ការណ៍នេះអាចធ្វើទៅបានដោយសារ​ការកាត់បន្ថយការចំណាយលើការនាំចូល និងការនាំចេញ ព្រមទាំងការលើកកម្ពស់ពាណិជ្ជកម្មសេរី។ ការសម្របសម្រួលតាមរយៈនីតិវិធីគយលឿនជាងមុន បទប្បញ្ញត្តិ និងស្តង់ដារ​បានបង្កើតបរិយាកាស​អំណោយផលសម្រាប់ការពន្លឿនសមាហរណកម្មសេដ្ឋកិច្ចតំបន់ផងដែរ។
 
ដើម្បីបំពេញបន្ថែមសកម្មភាពទាំងពីរខាងលើ APEC ក៏លើកកំពស់កម្រិតជីវភាព និងការអប់រំ ការ​ផ្តោតលើការរួមបញ្ចូល និងការផ្តោតលើនិរន្តរភាព។ តាំងពីបង្កើតមក APEC បានធ្វើរឿងជាច្រើ​ន​រួម​មានការស្រោចស្រង់ប្រជាជនរាប់លាននាក់ចេញពីកម្រិតក្រីក្រ ការកាត់បន្ថយពន្ធនាំចេញ និង​នាំ​ចូល និងការភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ជាដើម។
 
APEC នឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំប្រទេសទាំង២១ នៅថ្ងៃទី១៨ និងទី១៩ខែវិច្ឆិកានៅថៃដែល រួមមានទាំងរុស្ស៊ី ចិន និងកោះតៃវ៉ាន់៕
 

Tag:
 APEC
© រក្សាសិទ្ធិដោយ thmeythmey.com