អន្តរជាតិ
លីទុយអានី ពង្រឹងទំនាក់ទំនងជាមួយជប៉ុន ខណៈទំនាក់ទំនងជាមួយចិននៅតែល្អក់កករ
27, Oct 2022 , 11:29 am        
រូបភាព
នាយករដ្ឋមន្រ្តីលីទុយអានី Ingrida Simonyte ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត AFP
នាយករដ្ឋមន្រ្តីលីទុយអានី Ingrida Simonyte ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត AFP
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វីមីអូ នៅថ្ងៃទី២៦ ខែតុលាបានលើកឡើងថា ជប៉ុន និង លីទុយអានី​យល់​ព្រមគ្នាបង្កើនទំនាក់ទំនងស្និទ្ធស្នាលជាងមុន និងចាប់ផ្ដើមកិច្ចសន្ទនាសន្តិសុខទ្វេភាគីថែមទៀត ស្របពេលលីទុយអានី កំពុងតែប្រឈមនឹងភាពតានតឹងជាមួយចិនជុំវិញកោះតៃវ៉ាន់។

 
«ជប៉ុន និងលីទុយអានី ជាដៃគូដ៏សំខាន់ដែលចែករំលែកតម្លៃជាមូលដ្ឋានដូចជា សេរីភាព សិទ្ធិមនុស្ស និងនីតិរដ្ឋ»។ នាយករដ្ឋមន្ត្រីជប៉ុនថ្លែងបែបនេះក្នុងសន្និសីទកាសែត រួមគ្នាមួយ​នៅទីក្រុង​តូក្យូ​ជាមួយ​នាយករដ្ឋមន្ត្រីលីទុយអានីលោកស្រី Ingrida Simonyte។ 
 
មេដឹកនាំជប៉ុនរូបនេះបន្តថា លោករីករាយដែលប្រទេសទាំងពីរអាចធ្វើឱ្យទំនាក់ទំនងប្រសើ​ឡើង​ទៅ​កាន់ភាពជាដៃគូយុទ្ធសាស្ត្រទៀតផង។ ទន្ទឹមនេះប្រទេសទាំងពីរក៏សម្រេចចិត្តចាប់ផ្តើមការសន្ទនា​ផ្នែក​សន្តិសុខផងដែរ។
 
ក្នុងសន្និសីទដដែលនេះ នាយករដ្ឋមន្ត្រីលីទុយអានីលើកឡើងថា​ បញ្ហាប្រឈម​ភូមិសាស្ត្រ​នយោបាយ​នាពេលថ្មីៗនេះ ដូចជាការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ចិន និងព្រមទាំង​សង្គ្រាមទ្រង់ទ្រាយធំដ៏ឃោរឃៅដែលរុស្ស៊ីបានចាប់ផ្តើមនៅអឺរ៉ុប បង្ហាញពីតម្រូវការ​សម្រាប់​ប្រទេស​ដែលមានគំនិតដូចគ្នាដើម្បីធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា។
 
លោកស្រី Simonyte បញ្ជាក់ថា​ ភាពជាដៃគូនេះបម្រើផលប្រយោជន៍ទៅវិញទៅមកដល់ប្រទេស​ទាំងពីរ ហើយជប៉ុន និងលីទុយអានីមានគោលបំណងធ្វើឱ្យ​ពិភពលោក​ក្លាយជា​កន្លែង​ប្រសើរ​ជាង មុន​និងមានសុវត្ថិភាពជាងមុនសម្រាប់លទ្ធិប្រជាធិបតេយ្យនិងប្រជាជនទាំងអស់ដែលស្រឡាញ់សេរីភាព។
 
សូមបញ្ជាក់ថា លីទុយអានីតែងតែរងសម្ពាធពីក្រុង​ប៉េកាំងបន្ទាប់ពីប្រទេសមួយនេះ​សម្រេចចិត្ត​អនុញ្ញាតឱ្យកោះតៃវ៉ាន់បើកស្ថានទូតនៅរដ្ឋធានីវីលនីញូស។ ចិនបានទម្លាក់កម្រិតការទូត និងជំរុញ​ឱ្យ​ក្រុមហ៊ុនចិនកាត់ផ្ដាច់ទំនាក់ទំនងជាមួយលីទុយអានីថែមទៀត៕ 
 
 
 
 

Tag:
 លីទុយអានី
  ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com