សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមមានកំណើនចំនួនសេដ្ឋីច្រើនជាងគេក្នុងរយៈពេល១០ឆ្នាំ
27, Oct 2022 , 8:29 pm        
រូបភាព
ជ្រុងមួយនៃទីក្រុងហូជីមិញ។ រូបភាព VNA ។ AX
ជ្រុងមួយនៃទីក្រុងហូជីមិញ។ រូបភាព VNA ។ AX
វៀតណាមត្រូវបានព្យាករថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោកជាមួយនឹងកំណើនចំនួនសេដ្ឋីដែលមានលុយច្រើនជាង១០០លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។



បើតាមរបាយការណ៍ចុងក្រោយនៃ Centi-Millionaire របស់ក្រុមហ៊ុនប្រឹក្សាវិនិយោគ Henley & Partners ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ទឹកដីអង់គ្លេស វៀតណាមត្រូវបានគេព្យាករថាជាទីផ្សាររីកលូតលាស់លឿនបំផុតក្នុងពិភពលោក ដែលទាក់ទងនឹងចំនួនមហាសេដ្ឋីកាន់កាប់ទឹកប្រាក់លើសពី១០០លានដុល្លារ (centi-millionaire) ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
 
របាយការណ៍ដដែលបានលើកឡើងថា ប្រទេសនេះមានអត្រាកំណើនដ៏គួរឱ្យភ្ញាក់ផ្អើលនៃចំនួនសេដ្ឋី ដែលកើនរហូតដល់៩៥ភាគរយក្នុងរយៈពេល១០ឆ្នាំមកនេះ​។ ប្រទេសមួយនេះជាមជ្ឈមណ្ឌលផលិតកម្មដែលកំពុងរីកចម្រើននៅអាស៊ី ហើយត្រូវបានគេព្យាករថាចំនួនសេដ្ឋីនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ បច្ចេកវិទ្យា និងសេវាកម្មហិរញ្ញវត្ថុ។
ទន្ទឹមនេះ ប្រទេសឥណ្ឌាក៏មានកំណើនសេដ្ឋីខ្ពស់ផងដែរបន្ទាប់ពីវៀតណាម ដែលការព្យាករបានបង្ហាញថាមានកំណើន៨០ភាគរយ ចំពោះអ្នកដែលមានទ្រព្យសម្បត្តិលើសពី ១០០លានដុល្លារនៅឆ្នាំ ២០២៣ ។ 
 
ជាមួយគ្នានេះ ម៉ូរីស( Mauritius )ដែលជាប្រទេសកោះមួយនៅមហាសមុទ្រឥណ្ឌា ថ្មីៗនេះបានលេចចេញនូវចំនួនសេដ្ឋីដែលធ្វើចំណាកស្រុកទៅប្រទេសមួយនេះ ជាមួយនឹងកំណើនតាមការព្យាករ ៧៥ភាគរយ។ ប្រទេសចំនួនបីផ្សេងទៀតនៅលើក្នុងតំបន់នេះក៏បានក្លាយជាកំពូលប្រទេសដែលសេដ្ឋីកើនឡើងលឿនបំផុតក្នុងទសវត្សរ៍ក្រោយផងដែរក្នុងនោះមាន រវ៉ាន់ដា (៧០ភាគរយ) អ៊ូហ្កង់ដា (៦៥ភាគរយ) និងកេនយ៉ា (៥៥ភាគរយ)។ 
 
ឯនូវែលសេឡង់ និងអូស្ត្រាលីក៏ត្រូវបានព្យាករថានឹងមានអត្រាកំណើនពិសេសផងដែរ ជាមួយនឹងកំណើន ៧២ភាគរយនិង ៦០ភាគរយរៀងគ្នា។
បើតាមរបាយការណ៍ខាងលើ បច្ចុប្បន្នអាម៉េរិកមានចំនួនសេដ្ឋីច្រើនជាងគេបំផុត ដែលមានទ្រព្យសម្បត្តិ ច្រើនជាង១០០លានដុល្លារ ចំនួន៩៧៣០នាក់ស្មើនឹង ៣៨ភាគរយនៃចំនួនសេដ្ឋីសរុបទូទាំងពិភពលោក។ លំដាប់បន្ទាប់គឺ​ចិន​មានចំនួនសេដ្ឋី ​២ ០២១​នាក់ ខណៈឥណ្ឌាមាន​ចំនួន ១ ១៣២​នាក់។ ចំណែកអង់គ្លេស​ឈរនៅលំដាប់​លេខ​៤ ​មានចំនួនសេដ្ឋី ​៩៦៨​នាក់ និងអាល្លឺម៉ង់​ឈរនៅលំដាប់​លេខ​៥​ មានចំនួន ​៩៦៦​នាក់​។
 
ទោះបីជាប្រទេសដែលមានប្រជាជនតិចតួចក៏ដោយ ស្វីសបានជាប់ចំណាត់ថ្នាក់ទី ៦ ជាមួយនឹងចំនួនសេដ្ឋី ៨០៨នាក់ ដែលមានទ្រព្យសម្បត្តិចាប់ពី ១០០លានដុល្លារឡើងទៅ។ បន្តមកទៀតនោះគឺ​ជប៉ុន (៧៦៥​នាក់) កាណាដា (៥៤១​នាក់) អូស្ត្រាលី (៤៦៣​នាក់) និង​រុស្ស៊ី​ជាប់​ចំណាត់​ថ្នាក់​លេខ​១០​ដែល​មាន​ចំនួនសេដ្ឋីចំនួន ​៤៣៥​នាក់៕
 

Tag:
 វៀតណាម សេដ្ឋី
© រក្សាសិទ្ធិដោយ thmeythmey.com