អន្តរជាតិ
បុរសអ៊ីរ៉ង់ដែល «កខ្វក់ជាងគេលើលោក» ស្លាប់ក្នុងអាយុ៩៤ឆ្នាំ ប៉ុន្មានខែក្រោយងូតទឹកលើកដំបូង
× តាបសជនជាតិអ៊ីរ៉ង់ម្នាក់ដែលត្រូវបណ្តាញផ្សព្វផ្សាយហៅថាជាបុរសដែលកខ្វក់ជាងគេលើពិភពលោក (The World’s Dirtiest Man) បានស្លាប់ក្នុងអាយុ៩៤ឆ្នាំ ពោលគឺត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីគាត់បានសម្អាតខ្លួនលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ Irna លោកតា Amou Haji បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា នៅភូមិ Dezhgah នៅភាគខាងត្បូងនៃខេត្ត Fars។
លោកតា Haji ដែលមានរូបរាងកាយដ៏គគ្រិច រស់នៅក្នុងខ្ទមឥដ្ឋមួយដែលអ្នកភូមិបាននាំគ្នាសាងសង់ជូនគាត់។ សារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា គាត់មិនបានងូតទឹក ដុសខ្លួនអស់រយៈពេលជាង៦០ឆ្នាំមកហើយ។ អ្នកភូមិបានអះអាងថា គាត់មានបញ្ហាផ្លូវអារម្មណ៍តាំងពីក្មេង ដោយមិនព្រមលាងសម្អាតខ្លួន និងភ័យខ្លាចឈឺពេលត្រូវទឹក។
កាលពីឆ្នាំ២០១៤ Tehran Times បានរាយការណ៍ថា លោក Haji បរិភោគអាហារមិនរើសមុខ ជាពិសេសអាហារដែលមានសាច់រលួយ និងទឹកគ្មានអនាម័យដែលសល់ពីកំប៉ុងប្រេងចាស់ៗ។ បន្ថែមពីលើនេះ លោកចូលចិត្តជក់បារី ផ្សំលាយជាមួយលាមកសត្វ ហើយជក់បារីជាច្រើនដើមក្នុងពេលតែមួយ។
ក្រោយលោក Haji ទទួលមរណភាព កំណត់ត្រាមិនផ្លូវការមួយទំនងជាត្រូវបានលើបុរសឥណ្ឌាម្នាក់ក្នុងនាមជា «មនុស្សកខ្វក់ជាងគេលើពិភពលោក»។ កាលពីឆ្នាំ២០០៩ កាសែត Hindustan Times បានរាយការណ៍ថា លោក Kailash “Kalau” Singh ដែលនៅភូមិនៃក្រុង Varanasi មិនបានងូតទឹកជាង៣០ឆ្នាំ។ ការធ្វើបែបនេះ ដោយសារលោកមានជំនឿថា ជាការរួមចំណែកបញ្ចប់បញ្ហាប្រឈមនានារបស់ជាតិ។
លោក Kalau បដិសេធការងូតទឹក ប៉ុន្តែពេញចិត្តនូវអ្វីដែលលោកហៅថា «អាងភ្លើង»។ យោងតាមកាសែតដដែល រាល់ល្ងាចលោក Kalau បានដុតភ្នក់ភ្លើង ហើយជក់កញ្ឆា និងឈរជើងមួយដើម្បីអធិស្ឋានដល់ព្រះសិវៈ។ លោកចាត់ទុកសកម្មភាពបែបនេះថា ជាការងូតទឹកសម្អាត និងកម្ចាត់មេរោគផ្សេងៗក្នុងខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com