អន្តរជាតិ
អាម៉េរិកសន្យាផ្ដល់ជំនួយបន្ថែមចំនួន ៣០លានដុល្លារ ដើម្បីជួយប៉ាគីស្ថានពីគ្រោះទឹកជំនន់
28, Oct 2022 , 11:29 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
 ស្ថានទូតអាម៉េរិកប្រចាំរដ្ឋធានីអ៊ីស្លាម៉ាបាដ នៅថ្ងៃទី២៧ ខែតុលា បានលើកឡើងថា អាម៉េរិកនឹង ផ្ដល់ជំនួយបន្ថែមទៀតសម្រាប់ប៉ាគីស្ថានចំនួន ៣០លានដុល្លារ ដើម្បីជួយប្រជាជនរាប់លាន នាក់ ដែលបានប៉ះពាល់ ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់ក្នុងប៉ុន្មានខែចុងក្រោយនេះ។



«ជំនួយថ្មីនេះ នឹងពង្រីកកិច្ចខិតខំក្នុងការដោះស្រាយបញ្ហា និងតម្រូវការបន្ទាន់ ព្រមទាំងបង្កើន ជំនួយដល់សហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុត ហើយក៏អនុញ្ញាតឱ្យជំនួយអាម៉េរិក USAID ធ្លាក់ទៅដល់ប្រជាជនជាង៤លាននាក់»។

ស្ថានទូតអាម៉េរិកប្រចាំប៉ាគីស្ថាន បានលើក ឡើងក្នុងសេចក្ដីថ្លែងការណ៍មួយបែបនេះ។ បូកសរុបជាមួយកញ្ចប់ជំនួយមុនៗសម្រាប់គ្រោះធម្មជាតិនៅប៉ាគីស្ថាន អាម៉េរិកបានផ្ដល់ ជំនួយសរុប ៩៧ លានដុល្លារឯណោះ។

អំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះដោយ ទឹកជំនន់ក្នុងខេត្តភាគខាងត្បូងប្រទេស Sindh អគ្គរដ្ឋទូតអាម៉េរិកប្រចាំប៉ាគីស្ថានលោក Donald Blome បាននិយាយថាជំនួយថ្មីនេះនឹងជួយដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងជំនួយ ផ្នែកវេជ្ជសាស្រ្តក៏ដូចជាការផ្តល់ទីជម្រកសម្រាប់ពលរដ្ឋដែលគ្មានផ្ទះសម្បែងនៅរដូវត្រជាក់។ គួរបញ្ជាក់ថា មន្ត្រីប៉ាគីស្ថានប៉ាន់ស្មានពីផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងដែលបង្កជា ទឹកជំនន់បានសម្លាប់ប្រជាជនយ៉ាងហោចណាស់មួយពាន់នាក់ ហើយបានបង្ខំឱ្យប្រជាជន ១០ លាននាក់ចាកចេញពីលំនៅឋាន៕
 

Tag:
 អាម៉េរិក
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com