អន្តរជាតិ
លោក ពូទីន៖ ការក្តោបក្តាប់កិច្ចការពិភពលោករបស់លោកខាងលិចជិតដល់ទីបញ្ចប់ហើយ
28, Oct 2022 , 2:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាំឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាំឌីមៀ ពូទីន។ រូបភាព៖ AFP
ដោយ:
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៧ ខែតុលា បានលើកឡើងថា ពិភពលោកកំពុងស្ថិតក្នុងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុតតាំងពីសង្រ្គាមលោកលើកទីពីរ ស្របពេលលោកខាងលិចព្យាយាមទប់ទល់កុំឱ្យអំណាចគ្រប់គ្រងពិភពលោករបស់គេដួលរលំ។ បើតាមលោកពូទីន ការក្តោបក្តាប់កិច្ចការពិភពលោករបស់លោកខាងលិច ជិតឈានដល់ទីបញ្ចប់ហើយ។

 
ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនបានអូសបន្លាយដល់ខែទី៩ហើយ ខណៈរុស្ស៊ីលេបបានទឹកដីអ៊ុយក្រែនជាង១៥ភាគរយ។ មិនតែប៉ុណ្ណោះ រុស្ស៊ី បានបញ្ជាឱ្យកែនទ័ពបម្រុងប្រមាណ៣០ម៉ឺននាក់ បន្ថែមទៀត។ 
 
រុស្ស៊ីប្រើលេសជាច្រើនដើម្បីឈ្លានពាននៅអ៊ុយក្រែន។ ក្នុងនោះដែរ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន​នៅថ្ងៃទី២៧ ខែតុលា ចោទអាម៉េរិកថាជាអ្នកញុះញង់បង្កើតជម្លោះ ហើយកំពុងតែលេងល្បែងភូមិសាស្រ្តនយោបាយដ៏គ្រោះថ្នាក់ជាមួយការបង្ហូរឈាមដែលបង្កឱ្យមានភាពវឹកវរទូទាំងពិភពលោក។ 
 
សម័យកាលប្រវត្តិសាស្រ្តនៃការក្តោបក្តាប់កិច្ចការពិភពលោករបស់លោកខាងលិចកំពុងឈានដល់ទីបញ្ចប់ហើយ»។ ប្រធានាធិបតីរុស្ស៊ីថ្លែងបែបនេះទៅកាន់ក្លិបពិភាក្សា Valdai ដែលជាសន្និសីទអ្នកជំនាញគោលនយោបាយអន្តរជាតិ ហើយបន្តថា ពិភពលោកកំពុងឈរនៅចំណុចរបត់នៃប្រវត្តិសាស្រ្តដោយនៅខាងមុខប្រហែលជាទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត មិនអាចទាយមុនបាន ហើយក៏សំខាន់ដែរ ចាប់តាំងពីសង្រ្គាមលោកលើកទីពីរបញ្ចប់។
 
បើតាមមេដឹកនាំរុស្ស៊ី ជម្លោះនៅអ៊ុយក្រែនជាការប្រយុទ្ធគ្នារវាងរុស្ស៊ី និងលោកខាងលិច ពីព្រោះលោកចាត់ទុកថាវាជាផ្នែកមួយនៃសង្រ្គាមស៊ីវិលដោយសារប្រជាជនរុស្ស៊ី និងអ៊ុយក្រែនជាជនជាតិតែមួយ។ ប៉ុន្តែ រដ្ឋាភិបាលក្រុងកៀវបានច្រានចោលការអះអាងនេះទាំងស្រុង។
 
យ៉ាងណាមិញ លោក ពូទីន បញ្ជាក់ក្នុងសន្និសីទដដែលថា រុស្ស៊ីមិនបានចាត់ទុកលោកខាងលិចជាសត្រូវទេ បើទោះបច្ចុប្បន្នកំពុងប្រឈមមុខដាក់គ្នាក៏ដោយ។ ក្រុងមូស្គូក៏ជំរុញឱ្យបណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធយោធាណាតូឈប់ធ្វើជាសត្រូវជាមួយរុស្ស៊ី ហើយចាប់ផ្តើមរស់នៅជាមួយគ្នាដែរ។ តែសេតវិមាន ប្រកាសថាសម្តីរបស់ពូទីននេះមិនមែនជារឿងថ្មីទេ ហើយក្រុងមូស្គូនៅតែមិនបោះបង់គោលដៅយុទ្ធសាស្រ្តរបស់ខ្លួនឡើយ៕
 

Tag:
 រុស្ស៊ី
  លោកខាងលិច
  អាម៉េរិក
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com