អន្តរជាតិ
ក្រសួងការពារជាតិអាម៉េរិក៖ របបលោកគីម ជុងអ៊ុន នឹងដល់អវសាន បើហ៊ានប្រើនុយក្លេអ៊ែរ
28, Oct 2022 , 3:59 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបថត AFP
ដោយ:
ប្រសិនបើកូរ៉េខាងជើងបើកការវាយប្រហារនុយក្លេអ៊ែរប្រឆាំងអាម៉េរិក និងសម្ព័ន្ធមិត្ត របបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងឈានដល់ទីបញ្ចប់។ ក្រសួងការពារជាតិអាម៉េរិកប្រកាសបែបនេះនៅថ្ងៃទី២៧ ខែតុលា។ កូរ៉េខាងជើងនៅថ្ងៃទី២៨ ខែតុលាបាញ់មីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ទៀត ស្របពេលកូរ៉េខាងត្បូងបញ្ចប់សមយុទ្ធយោធាប្រចាំឆ្នាំដែលមានរយៈពេលជិត២សប្តាហ៍ដើម្បីពង្រឹងកងកម្លាំងប្រឆាំងការវាយប្រហារពីកូរ៉េខាងជើង។


អាម៉េរិក និងកូរ៉េខាងជើងព្រមានជាច្រើនខែមកហើយថា ក្រុងព្យុងយ៉ាងកំពុងត្រៀមតេស្តនុយក្លេអ៊ែរលើកទី៧ ដែលខកខានសាកល្បងតាំងពីឆ្នាំ២០១៧។ មិនទាន់សាកល្បងនុយក្លេអ៊ែរ កូរ៉េខាងជើងនៅឆ្នាំនេះបាញ់មីស៊ីលសាកល្បងមិនតិចជាង៤០ដងនោះទេដែលមានទាំងមីស៊ីលរយៈចម្ងាយខ្លី រយៈចម្ងាយមធ្យម រយៈចម្ងាយឆ្ងាយ ក៏ដូចជាមីស៊ីលបាលីស្ទីកអន្តរទ្វីបជាដើម។

ក្រសួងការពារជាតិអាម៉េរិកនៅថ្ងៃទី​២៧ ខែតុលា ក្នុងយុទ្ធសាស្រ្តការពារជាតិថ្មីសរសេរថា គ្មានសេណារីយ៉ូណាដែលរបបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនអាចប្រើអាវុធនុយក្លេអ៊ែរ ហើយបន្តដឹកនាំរបបនេះទៀតទេ។ បន្ថែមពីលើនេះ ក្រុងវ៉ាស៊ីនតោននឹងឱ្យក្រុងព្យុងយ៉ាងទទួលខុសត្រូវចំពោះការផ្ទេរអាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យា​ និងសម្ភារៈពាក់ព័ន្ធទៅឱ្យប្រទេសផ្សេងទៀត។

ការវាយប្រហារនុយក្លេអ៊ែរណាមួយដោយកូរ៉េខាងជើងប្រឆាំងអាម៉េរិក ឬសម្ព័ន្ធមិត្ត និងដៃគូគឺជារឿងមិនអាចទទួលយកបាន ហើយនឹងនាំឱ្យរបបនេះឈានដល់ទីបញ្ចប់»។ យុទ្ធសាស្រ្តការពារជាតិរបស់អាម៉េរិកបញ្ជាក់បែបនេះ។
នៅថ្ងៃដដែល អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby លើកឡើងថា មេដឹកនាំកូរ៉េខាងជើងប្រហែលត្រៀមខ្លួនដើម្បីតេស្តនុយក្លេអ៊ែរនៅពេលណាក៏បាន។ បើតាមលោក Kirby ខណៈបន្តត្រៀមខ្លួនសម្រាប់គ្រប់កាលៈទេសៈដែលអាចកើតមានឡើង  អាម៉េរិកប្តេជ្ញាចាំចរចាជាមួយកូរ៉េខាងជើងជានិច្ច។​

ប៉ុន្តែម្តងទៀត ខ្ញុំចង់សង្កត់ធ្ងន់ថា ពួកយើងសុខចិត្តចូលតុចរចាដោយគ្មានលក្ខខណ្ឌ ហើយគ្មានហេតុផលអ្វីដែលការតេស្ត(នុយក្លេអ៊ែរ)កើតឡើងម្តងទៀតនោះទេ»។ លោក Kirby លើកឡើងបែបនេះដោយបញ្ជាក់ថា ដោយសារតែលោក គីម មិនបានបង្ហាញតម្រុយចង់ចរចា អាម៉េរិកត្រូវតែធ្វើអ្វីដើម្បីប្រាកដថាអាចការពារខ្លួន និងសម្ព័ន្ធមិត្ត។

ទន្ទឹមនេះ ក្រុងព្យុងយ៉ាងថ្ងៃទី២៨ ខែតុលាបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីពីរគ្រាប់ទៀតចេញពីតំបន់ Tongcheon ចូលសមុទ្រជប៉ុន ស្របពេលកូរ៉េខាងត្បូងរៀបបញ្ចប់សមយុទ្ធយោធាប្រចាំឆ្នាំរយៈពេល១២ថ្ងៃដែលមានការចូលរួមពីយោធាអាម៉េរិកខ្លះផងដើម្បីពង្រឹងការការពារប្រឆាំងកូរ៉េខាងជើង៕

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com