ជាតិ
ពីនេះ ពីនោះ
យុវជនមួយក្រុមលាងម៉ូតូ ដើម្បីរកកម្រៃ បរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ
05, Nov 2022 , 8:59 am        
រូបភាព
សកម្មភាពយុវជនមួយក្រុម​ លាង ម៉ូតូ ដើម្បីរៃអង្គាស់ថវិកា បរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ។ រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ ។
សកម្មភាពយុវជនមួយក្រុម​ លាង ម៉ូតូ ដើម្បីរៃអង្គាស់ថវិកា បរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ។ រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ ។
ភ្នំពេញ៖ យុវជនមួយក្រុម​ បានបង្កើតសកម្មភាពស្ម័គ្រចិត្តលាងម៉ូតូ ដើម្បីរៃអង្គាសថវិកាពីសាធារណជន សម្រាប់​បរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ។ តាមរយៈសកម្មភាពលាងម៉ូតូពេញមួយថ្ងៃ កាល​ពី​ថ្ងៃទី២៩ តុលា ក្រុមយុវជនរកបានថវិកាមួយចំនួន និង​បរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរចំនួនជាង ១ពាន់ដុល្លារ។ ថវិកាទាំងនេះ បូក​រួមជាមួយសប្បុរសជនដែលមិនបានមក​លាងម៉ូតូ ប៉ុន្តែផ្ញើប្រាក់​ចូលរួមតាមរយៈកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប»។ យុវជនចូលរួមក្នុងសកម្មភាពនេះ បានបង្ហាញការពេញចិត្ត និងសប្បាយចិត្ត ដែលពួកគាត់អាចចូលរួមចំណែក ក្នុងការងារសង្គម ជាពិសេសការស្វែងរកថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរក៏ដូចជាកុមារត្រូវការជំនួយ។

 
នាពេលថ្មីៗនេះ យុវជនមួយក្រុមមានគ្នាប្រមាណ ១០០នាក់ បានសហការគ្នា រៀបចំសកម្មភាពសប្បុរសធម៌មួយ ដើម្បីរៃអង្គាសថវិកាជួយផ្គត់ផ្គង់ទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប។ យុវជនទាំង​នោះ​មិនរៃអង្គាសថវិកា ដោយរបៀបឃោសនា ប្រកូកប្រកាស ដើម្បីឱ្យសាធារណជនចូលរួមបរិច្ចាគលុយប៉ុណ្ណោះទេ តែពួកគេបើកជាកន្លែងលាងម៉ូតូសម្រាប់សាធារណជន ដែលចូលរួមបរិច្ចាគ​ថវិកាថែមទៀតផង ហើយការបរិច្ចាគ​ទៀតសោត មិនត្រូវបានកំណត់នោះឡើយ។


សកម្មភាពយុវជនកំពុងលាងម៉ូតូ ដើម្បីរៃអង្គាសថវិកាបរិច្ចាគ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ។ រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ។

ចំណាយពេលពេញមួយថ្ងៃ យុវជនខ្លះឈរនៅកាច់ជ្រុងតាម​ដងផ្លូវមួយចំនួន ចាំផ្ដល់ដំណឹងដល់សាធារណជនពីការរៃអង្កាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ និងប្រាប់ពីការលាងម៉ូតូ និងផ្លូវទៅកាន់កន្លែងលាងម៉ូតូ។ ឯកម្លាំងស្នូលខ្លះទៀតត្រូវបានបែងចែក នៅឯកន្លែងលាងម៉ូតូ។ ចំណាយពេលពេញមួយថ្ងៃ ក្រុមយុវជនទទួលបានថវិកា ១១០១.៨៤ដុល្លារ ពីសប្បុរសជនទាំងអ្នកចូលលាងម៉ូតូ និងមិនបានចូល។ ឯសាធារណជនមួយចំនួនទៀតក៏បរិច្ចាគថវិការបស់ពួកគេ ជាមួយនឹងកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប»។
 
មែនទែនទៅ ការៀបចំសកម្មភាពលាងម៉ូតូ រៃអង្គាសថវិការបស់ក្រុមយុវជនខាងលើនេះ មិ​នមែនជារឿងថ្មីឡើយ ពោលគឺពួកគេក៏ធ្លាប់ធ្វើសកម្មភាពសប្បុរសធម៌នេះ៩លើករួចមកហើយ តាំងពីឆ្នាំ២០១៧ ដើម្បីរៃអង្គាសថវិកា សម្រាប់មន្ទីរពេទ្យមួយចំនួន​ ដូចជាមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរជាដើម។ ការរៀបចំសកម្មភាពនេះទៀតសោត ក៏ទទួលបានការរៀបចំ និងសម្របសម្រួលដោយ លោក ថាយ សុខថាវណ្ណ រួមនឹងទូតសុឆន្ទៈ១១រូបផ្សេងទៀត មកពីសាលាបង្រៀនរ៉ដវែលផងដែរ។


សកម្មភាពយុវជនរៃអង្គាសថវិកា សម្រាប់មន្ទីរពេទ្យកុមារអង្គរ។  រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ។

លោក ថាយ សុខថាវណ្ណ ជាអ្នកសម្របសម្រួល និងជាអ្នករៀបចំក្រុមយុវជន បានប្រាប់សារព័ត៌មាន ThmeyThmey25 ពីមូលហេតុដែលបង្កើតសកម្មភាពខាងលើនេះដូច្នេះ៖ «មូលហេតុដែលយើងរៀបចំសកម្មភាពនេះឡើង ដោយសារយើងជាសាលារៀន​ គឺយើងចង់ឱ្យពួកគាត់(យុវជន)យល់ថា យើងត្រូវផ្ដល់អ្វីមួយទៅកាន់សង្គមវិញ ឬការផ្ដល់ប្រយោជន៍ដល់សង្គម គ្រួសារ ឬជនខ្វះខាត ឬជួយទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ឬកុមារអង្គរដែរពួកគាត់ខ្វះខាត ហើយការចូលរួមចំណែកក្នុងសង្គម​ គឺវាមិនចំបាច់ធំឡើយ គឺវា(ចាប់ផ្ដើម)ពីជំហានតូចៗ ដូចជាការលាងម៉ូតូ គឺយើងអាចរកកម្រៃជួយដល់សង្គមបានដែរ»។
 
មិនបានកម្រៃ ត្រូវចំណាយពេលវេលា និងកម្លាំង ប៉ុន្តែយុវជន ដែលបានចូលរួមសកម្មភាពសប្បុរសធម៌ រៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យកុមារអង្គរនេះ សប្បាយចិត្តនឹងសកម្មភាពដែលពួកគេធ្វើ។ កញ្ញា សុខជា ជីហ័រ​ ជាយុវតីមួយរូប ដែលបានចូលរួមក្នុងការរៃអង្គាសថវិកានេះ លើកឡើងថា ខ្លួនពិតជាសប្បាយចិត្ត ដែលបានចូលរួមចំណែក ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។


លោក  ថាយ សុខថាវណ្ណ អ្នកសម្របសម្រួល ក្រុមយុវជន។  រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ។

កញ្ញារៀបរាប់ពីអារម្មណ៍របស់ខ្លួនដូច្នេះ៖ «ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលបានជួយដល់មន្ទីរពេទ្យកុមារអង្គរ ហើយគ្រួសារខ្ញុំគាត់ក៏លើកទឹកចិត្តឱ្យខ្ញុំចូលរួមទៀត។ ខ្ញុំត្រឹមជាសិស្សទេមិនមានលទ្ធភាពជួយ ដូច្នេះមានតែជួយជាកម្លាំងកាយ ទោះតិចក្ដីច្រើនក្ដី ក៏ខ្ញុំសប្បាយចិត្ត»។ យុវតីវ័យ១៨ឆ្នាំរូបនេះ ក៏មានកម្លាំងចិត្ត និងបន្តការងារសប្បុរសធម៌ទៀត នៅពេលមានសាធារណជន បានមកលាងម៉ូតូលើកទឹកចិត្ត និង សរសើរពីសកម្មភាពរបស់ពួកគេ។
 
មិនខុសពីយុវតីខាងលើឡើយ យុវសិស្សប្រុសមួយរូបទៀត លោក ស៊ត់ លីគួយហាយ ក៏បង្ហាញពីអារម្មណ៍រីករាយរបស់ខ្លួន ដែលបានចូលរួមការងារស្ម័គ្រចិត្ត រៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យអង្គរ។ យុវសិស្សវ័យ១៧ឆ្នាំរូបនេះ ប្រាប់មូលហេតុខ្លួនចូលរួមសកម្មភាពខាងលើនេះដូច្នេះ៖ «ខ្ញុំចង់ឃើញស្នាមញញឹមពួកគាត់(កុមារ) ដូច្នេះខ្ញុំចូលរួមកម្មវិធីហ្នឹង តាមតែអាចធ្វើបាន។​ ទោះបីពួកយើងធ្វើការងារហ្នឹង ប្រាក់តិចក្ដីច្រើនក្ដីវាជាកម្លាំងចិត្តចេញពីពួកយើង»។
 


កញ្ញា សុខជា ជីហ័រ យុវតីចូលរួមជាមួយក្រុមយុវជន ដើម្បីរកកម្រៃជួយមន្ទីរពេទ្យកុមារអង្គរ។ រូបភាពផ្ដល់ដោយ កញ្ញា សុខជា ជីហ័រ។

មិនត្រឹមតែសាមីខ្លួនឡើយ ដែលពេញចិត្តនឹងការងារសប្បុរសមួយនេះ អាណាព្យាបាល របស់ លីគួយហាយ ក៏សប្បាយចិត្ត និងបានចូលរួមបរិច្ចាគថវិកា ដើម្បីចូលរួមចំណែកជួយដល់មន្ទីរពេទ្យកុមារអង្គរនេះផងដែរ។ យុវជនរូបនេះ ក៏ថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមបរិច្ចាគថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។
 
គួររំឭកបន្តិចថា ក្រុមយុវជន ដែលស្ម័គ្រចិត្តលាងម៉ូតូ​ ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដែលពេលនោះពួកគេលាងម៉ូតូដើម្បីរកកម្រៃបរិច្ចាគទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា៕
 

លោក ស៊ត់ លីគួយហាយ ជាយុវជនចូលរួមជាមួយក្រុមយុវជន ដើម្បីរកកម្រៃជួយមន្ទីរពេទ្យកុមារអង្គរ។ រូបភាពផ្ដល់ដោយ លោក ស៊ត់ លីគួយហាយ។

ការផ្ដល់ថវិកាដែលរកបានពីការរៃអង្គាសថវិកាពីការលាងម៉ូតូ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នាពេលកន្លងមក។រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ។
_

 ក្រុមយុវជន ដែលចូលរួមក្នុងសកម្មភាពសប្បុរសធម៌លាងម៉ូតូ រកថវិកាជួយមន្ទីរពេទ្យ។ រូបភាពផ្ដល់ដោយ លោក ថាយ សុខថាវណ្ណ។_


Tag:
 ThmeyThmey25
  មន្ទីរពេទ្យកុមារអង្គរ
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com