អន្តរជាតិ
អាស៊ាន
លោក លី ខឹឈាំង៖ ចិន នឹងបន្តចាត់ទុកអាស៊ានជាអាទិភាពខ្ពស់ក្នុងការទូតតំបន់របស់ខ្លួន
12, Nov 2022 , 5:59 pm        
រូបភាព
ដោយ:
នាកិច្ចប្រជុំកំពូលអាស៊ាន-ចិន នៅថ្ងៃទី១១ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង លើកឡើងថា ក្រុងប៉េកាំងនឹងបន្តចាត់ទុកអង្គការថ្នាក់តំបន់មួយនេះជាអាទិភាពខ្ពស់ក្នុងគោលនយោបាយបរទេសរបស់ខ្លួន។ ទន្ទឹមនេះ លោក លី ក៏បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនក៏ដូចជារួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

 
កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ចិនលើកទី២៥ ត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញថ្ងៃទី១១ ខែវិច្ឆិកាក្រោមការដឹកនាំរបស់ប្រធានផ្លាស់វេនអាស៊ានកម្ពុជា។ 
 
អំឡុងជំនួបជាមួយមេដឹកនាំអាស៊ានទាំង១០ លើកលែងមីយ៉ាន់ម៉ា នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង លើកឡើងថា ចិន និងអាស៊ានគឺជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលមានអនាគតរួមគ្នា ហើយបានឈរជាមួយគ្នាគ្រប់កាលៈទេសៈ ទោះស្ថានភាពក្នុងតំបន់ និងអន្តរជាតិកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក៏ដោយ។
 
«ការជ្រើសរើសភាគីណាមួយមិនមែនជាជម្រើសរបស់យើងទេ។ ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការគឺជាមធ្យោបាយដើម្បីសម្រេចការដោះស្រាយបញ្ហាប្រឈមរួមរបស់យើង»។ លោក លី បញ្ជាក់បែបនេះដោយសង្កត់ធ្ងន់ថា ចិននឹងបន្តយកអាស៊ានជាអាទិភាពខ្ពស់ក្នុងទំនាក់ទំនងការទូតតំបន់របស់ខ្លួន ហើយនឹងគាំទ្រដល់ការកសាងសហគមន៍អាស៊ាន ព្រមទាំងមជ្ឈភាពអាស៊ានក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។
 
នាយករដ្ឋមន្រ្តីចិនរូបនេះ បន្តថា ចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអង្គការថ្នាក់តំបន់មួយនេះដើម្បីបន្តផ្តោតលើការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ហើយកសាងសហគមន៍ចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធជាមួយអនាគតរួមគ្នា។ លើសពីនេះ លោក លី ស្នើឱ្យភាគីទាំងពីរចាំបាច់ត្រូវបង្កើតការឯកភាពគ្នាឱ្យមាំទាំជាងនេះលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមមានពាណិជ្ជកម្ម និងនយោបាយជាដើម។ 
 
ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងវិញ លោកបញ្ជាក់ថា ចិនត្រៀមជាស្រេចធ្វើការជាមួយរដ្ឋអាស៊ានក្នុងការដោះស្រាយបញ្ហានេះដោយផ្អែកលើច្បាប់អន្តរជាតិ និងការគោរពគ្នាទៅវិញទៅមក។ លោក លី ក៏បានកោតសរសើរពីការវិវឌ្ឍដោយវិជ្ជមាននៃកិច្ចពិភាក្សាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលជាយន្តការដោះស្រាយជម្លោះរវាងចិន និងបណ្តារដ្ឋអាស៊ានមួយចំនួនផងដែរ។
 
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងអាស៊ានបានដំឡើងទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាផ្លូវការនៅឆ្នាំ២០២១ នៅថ្ងៃបើកកិច្ចប្រជុំពិសេសរំឭកខួបលើកទី៣០នៃទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន។
 
បន្ថែមពីលើនេះ ១៣ឆ្នាំជាប់គ្នាមកនេះ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានដែលឈានដល់ ៥៤៤,៩ ពាន់លានដុល្លារក្នុង៧ខែដំបូងនៃឆ្នាំ២០២២។ ចិន និងអាស៊ាននៅឆ្នាំ២០០២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រមខណ្ឌលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ហើយនាំឱ្យមានការបង្កើតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាននៅឆ្នាំ២០១០ ដែលផ្តោតលើលំហូរទំនិញ សេវាកម្ម និងការវិនិយោគដោយសេរី៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com