អន្តរជាតិ
នាយករដ្ឋមន្រ្តីចិននិងឡាវ ប្តេជ្ញាពង្រឹងចំណងទ្វេភាគីដើម្បីការអភិវឌ្ឍបន្ថែម
13, Nov 2022 , 12:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ចាប់ដៃសមភាគីឡាវ លោក ផនខាំ វីផាវ៉ាន់ ។ រួបថត Xinhua
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង ចាប់ដៃសមភាគីឡាវ លោក ផនខាំ វីផាវ៉ាន់ ។ រួបថត Xinhua
ដោយ:
នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង និងសមភាគីឡាវ លោក ផនខាំ វីផាវ៉ាន់ នៅថ្ងៃទី១២ ខែវិច្ឆិកាព្រមព្រៀងគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដើម្បីការអភិវឌ្ឍបន្ថែម។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន Xinhua។

 
អំឡុងកិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរក្រៅកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅទីក្រុងភ្នំពេញ នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង លើកឡើងថា ចិន និងឡាវគឺជាប្រទេសជិតខាងតភ្ជាប់ដោយភ្នំ និងទឹក ហើយមានមិត្តភាពដ៏យូរអង្វែង។ បើតាមលោកលី ចិនត្រៀមជាស្រេចក្នុងការធ្វើការជាមួយឡាវពង្រឹងទំនាក់ទំនង និងការរៀនពីគ្នាទៅវិញទៅមកដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ 
 
«ចិនមានឆន្ទៈធ្វើការជាមួយឡាវដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការលើថាមពលខ្យល់ ពន្លឺព្រះអាទិត្យ និងថាមពលស្អាតផ្សេងទៀត ក៏ដូចជាពន្លឿនការសម្របសម្រួលដល់ការនាំចេញ ពង្រីកការនាំចេញផលិតផលកសិកម្មឡាវ បង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន»។ នាយករដ្ឋមន្រ្តីចិនលើកឡើងបែបនេះនៅថ្ងៃទី១២ ខែវិច្ឆិកាដោយសង្កត់ធ្ងន់ថា ក្រុងប៉េកាំងនឹងបន្តផ្តល់ជំនួយ និងការគាំទ្រដល់ឡាវដើម្បីសម្រាលជីវភាពប្រជាជន។ 
 
បើតាមលោក ផនខាំ វិញ ទំនាក់ទំនងឡាវ-ចិនត្រូវបានអភិវឌ្ឍយ៉ាងស៊ីជម្រៅឥតឈប់ឈរ ហើយការឯកភាពគ្នាជាយុទ្ធសាស្រ្តទ្វេភាគីត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពជាមួយលទ្ធផលដ៏គាប់ប្រសើរ។ ឡាវគាំទ្រចិនយ៉ាងមុតមាំក្នុងការការពារផលប្រយោជន៍ស្នូលរបស់ខ្លួន ហើយមានឆន្ទៈបង្កើនការផ្លាស់ប្តូរគ្រប់កម្រិតជាមួយចិន ផ្លាស់ប្តូរបទពិសោធក្នុងការគ្រប់គ្រងរដ្ឋឱ្យកាន់តែស៊ីជម្រៅ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល និងកសិកម្ម។
 
បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តីឡាវក៏សង្ឃឹមដែរថា ផ្លូវដែកតភ្ជាប់ឡាវ-ចិនដែលបើកឱ្យដំណើរការកាលពីចុងឆ្នាំ២០២១ អាចដើរតួនាទីយ៉ាងសកម្មដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យរីកចម្រើនបន្ថែមទៀត។ 
 
កាលពីឆ្នាំមុន ឡាវ និងចិនប្រារព្ធខួបនៃចំណងការទូតលើកទី៦០ ដោយភាគីទាំងពីរប្តេជ្ញាកសាងសហគមន៍ចិន-ឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងគំនិតផ្តួចផ្តើមខែ្សក្រវ៉ាត់មួយ និងផ្លូវមួយ និងពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយបន្ថែមទៀត៕

Tag:
 ចិន
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com