កីឡាអន្តរជាតិ
អន្តរជាតិ
Neymar Jr៖ ការប្រកួត FIFA World Cup នៅប្រទេសកាតា អាចជាការចូលរួមចុងក្រោយរបស់ខ្លួន
13, Nov 2022 , 7:29 pm        
រូបភាព
Neymar Jr ក្នុងពេលប្រកួតឲ្យក្រុមជម្រើសជាតិប្រេស៊ីល រូបពី Brazil National Team
Neymar Jr ក្នុងពេលប្រកួតឲ្យក្រុមជម្រើសជាតិប្រេស៊ីល រូបពី Brazil National Team
ប្រទេសប្រេស៊ីល បានបង្ហាញនូវសមាសភាពកីឡាករជម្រើសជាតិ ចំនួន២៦រូប សម្រាប់ប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ Neymar Jr ខ្សែប្រយុទ្ធ Paris Saint-Germain (PSG) ដែលជាម្នាក់ក្នុងចំណោមនោះ បាននិយាយថា ក្រោយព្រឹត្តិការណ៍នៅកាតានេះ ប្រហែលជារូបគេ នឹងមិនអាចចូលរួមនៅព្រឹត្តិការណ៍ FIFA World Cup លើកក្រោយនៅទ្វីបអាម៉េរិកទេ។

 
Neymar បាននិយាយថា ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 អាចជាលើកចុងក្រោយរបស់ខ្លួន សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។ នេះ គឺជាលើកទី៣ហើយ ដែលខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះ បានលេងក្នុងព្រឹត្តិការណ៍ FIFA ដែលធ្វើរៀងរាល់ ៤ឆ្នាំម្ដង។
 
FIFA World Cup លើកក្រោយ នឹងចាប់ផ្ដើមឆ្នាំ២០២៦ ហើយក៏ជាពេល ដែលខ្សែប្រយុទ្ធរូបនេះ ឈានដល់វ័យ៣៤ឆ្នាំដែរ។ Neymar សង្ឃឹមថា អាចសាងស្នាដៃដ៏ល្អ ជាលើកចុងក្រោយក្នុងព្រឹត្តិការណ៍នៅកាតានេះ។
 
«ខ្ញុំ នឹងលេងសម្រាប់ប្រកួតនីមួយៗ ឲ្យដូចជាវាជាលើកចុងក្រោយ ព្រោះអ្នកមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែក។ ខ្ញុំមិនអាចធានាបានទេថាខ្ញុំ នឹងលេង World Cup មួយផ្សេងទៀត។ អាច នឹងមានការផ្លាស់ប្តូរគ្រូបង្វឹក នៅពេលដែល លោក Tite លាឈប់ក្រោយការប្រកួត World Cup ហើយខ្ញុំមិនដឹងថាតើគ្រូបង្វឹកនោះ នឹងចូលចិត្តខ្ញុំ ឬអត់។ ខ្ញុំបានសាងប្រវត្តិសាស្ត្រដ៏យូរ នៅក្នុងក្រុមជម្រើសជាតិរួចហើយ ហើយប្រាកដណាស់ ខ្ញុំចង់បញ្ចប់វាឲ្យបានល្អ។»។ Neymar បាននិយាយដូច្នេះ បើយោងតាមការផ្សាយរបស់ Livescore។

Neymar Jr ក្នុងពេលហ្វឹកហាត់នៅក្លិប PSG រូបពីក្លិបបាល់ទាត់ Paris Saint Germain

កីឡាករប្រេស៊ីលរូបនេះ បន្ថែមថាជាមួយការចូលចិត្តលេងបាល់ រូបគេ ក៏តែងតែដាក់គោលដៅខ្ពស់ ដើម្បីសាងប្រវត្តិសាស្ដ្រល្អរបស់ខ្លួន ដើម្បឲ្យពិភពលោក ក្នុងវិស័យបាល់ទាត់ទទួលស្គាល់ នូវសមិទ្ធផលរបស់គេ។ «ខ្ញុំ ចូលចិត្តលេងបាល់ទាត់។ ខ្ញុំចូលចិត្តធ្វើបានល្អជាងខ្ញុំរាល់ថ្ងៃ។ ខ្ញុំចូលចិត្តជួយមិត្តរួមក្រុមរបស់ខ្ញុំ ដែលជារឿងសំខាន់។ ខ្ញុំសង្ឃឹមថា ឈ្មោះរបស់ខ្ញុំ ត្រូវបានឆ្លាក់នៅក្នុងបាល់ទាត់។ ប្រវត្តិសាស្រ្ត។»។
 
Neymar Jr បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup លើកដំបូងកាលពីឆ្នាំ២០១៤ ដោយរកបាន៦គ្រាប់ និងការបញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី បាន២គ្រាប់។ ដោយឡែក Neymar បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិប្រេស៊ីល មកទល់ពេលនេះ បាន១២១លើក ហើយបានស៊ុតបញ្ចូលទី ៧៥លើក។ 
 
គួរបញ្ជាក់ថា ការបង្ហាញខ្លួនរបស់ Neymar JR សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ត្រូវជួបជាមួយ ប្រទេសស៊ែប៊ី ស្វីស និងកាមេរូន ដែលនៅក្នុងពូល G ជាមួយគ្នា៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com