អន្តរជាតិ
របាយការណ៍៖ ក្មេងជំទង់អាម៉េរិកប្រើថ្នាំជក់មានជាង៣លាននាក់ក្នុងឆ្នាំ២០២២
13, Nov 2022 , 10:19 am        
រូបភាព
ទិន្នន័យការសិក្សារបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) រួមជាមួយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក (CDC) បានបង្ហាញថា សិស្សមធ្យមសិក្សា និងវិទ្យាល័យរបស់អាម៉េរិកប្រមាណ៣លាននាក់បានប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងឆ្នាំ២០២២។ ទិន្ន័យនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ ទោះជាអត្រាយុវជនប្រើថ្នាំជក់បានធ្លាក់ចុះក្ដី FDA នៅតែជំរុញឱ្យមានការកាត់បន្ថយបន្តទៀត។


 
របាយការណ៍ FDA និង CDC របស់អាម៉េរិកចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា បង្ហាញថា ក្មេងជំទង់ម្នាក់ក្នុងចំណោមប្រាំបួននាក់កំពុងប្រើប្រាស់ផលិតផលថ្នាំជក់។ យុវជនអាម៉េរិកដែលប្រើប្រាស់ថ្នាំជក់ក្នុងឆ្នាំ២០២២ មានជាង៣លាននាក់។ អត្រានេះបានថយចុះគួរកត់សម្គាល់ពី៦,២លាននាក់ក្នុងឆ្នាំ២០១៩ ហើយបន្ដថយពីឆ្នាំ២០២០ ដែលមានជាង៤,៤លាននាក់។
 
«ការប្រើប្រាស់ផលិតផលថ្នាំជក់របស់យុវជនក្នុងទម្រង់ណាក៏ដោយសុទ្ធតែមិនមានសុវត្ថិភាព។ ផលិតផលបែបនេះមានផ្ទុកជាតិនីកូទីន ដែលជាសារធាតុញៀនខ្លាំង ហើយអាចប៉ះពាល់ដល់ខួរក្បាលក្មេងជំទង់ដែលកំពុងអភិវឌ្ឍ។ ការប្រើប្រាស់ជាតិនីកូទីនក្នុងវ័យជំទង់ក៏អាចបង្កើនហានិភ័យនៃការញៀនថ្នាំដទៃទៀតនាពេលអនាគតផងដែរ»។ របាយការណ៍ដដែលនោះបានលើកឡើងពីផលប៉ះពាល់ការប្រើប្រាស់ថ្នាំជក់បែបនេះ ដែលជាហេតុផលជំរុញការកាត់បន្ថយអ្នកប្រើថ្នាំជក់។ 
 
ជុំវិញការធ្លាក់ចុះអត្រាអ្នកប្រើថ្នាំជក់ លោក Brian King នាយកមជ្ឈមណ្ឌល FDA ទទួលបន្ទុកផ្នែកថ្នាំជក់ លើកឡើងថាវាជាការល្អដែលអាម៉េរិកអាចកាត់បន្ថយអត្រាអ្នកជក់បារីក្នុងចំណោមយុវជន តែទោះជាយ៉ាងណាក៏ដោយ វានៅតែមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្តដើម្បីជំរុញលទ្ធផលវិជ្ជមាននេះបន្ថែមទៀត។
 
គួរបញ្ជាក់ថា បារីអេឡិចត្រូនិច ជាផលិតផលថ្នាំជក់ដែលត្រូវបានប្រើប្រាស់ច្រើនបំផុតក្នុងចំណោមមនុស្សវ័យជំទង់ ក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ។ ចំណែក បារីមូរស្លឹកថ្នាំជក់ (Cigar) មានប្រជាប្រិយភាពខ្ពស់លំដាប់ទីពីរដែលមានអ្នកប្រើប្រហែល៥០ម៉ឺននាក់ និងបារីធម្មតាមានអ្នកប្រើជាង ៤៤ម៉ឺននាក់។ 
 
លើសពីនេះ វាក៏មានអត្រាសិស្សជិត ៣១ភាគរយ បានរាយការណ៍ថាប្រើផលិតផលថ្នាំជក់ចម្រុះមុខ ដែល CDC ចាត់ទុកជាការព្រួយបារម្ភខ្លាំង។ ចំណែកសិស្សជនជាតិស្បែកខ្មៅ និយមប្រើបារីមូរស្លឹកថ្នាំជក់ (Cigar) និងពួកថ្នាំជក់តាមបំពង់ (Hookah)៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com